មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង ដកហូតចាហ៊ួយមានជាតិប្លាស្ទិកជាង ៣៧គីឡូ នាំចូលពីវៀតណាម
ខេត្តស្វាយរៀង៖ មន្ត្រីកាំកុងត្រូល បានចុះត្រួតពិនិត្យទំនិញខូចគុណភាព នៅផ្សារលក់ទំនិញ និងបន្លែ ២កន្លែង ដែលមានទីតាំងនៅក្រុងបាវិត ដោយបានរកឃើញចាហ៊ួយដាក់ជាតិប្លាស្ទិកចំនួន ១៥ក្រឡ ស្មើនិង ៣៧.៥គីឡូ ព្រមទាំងទំនិញខូចគុណភាពជាច្រើនមុខទៀត។ នេះបើតាមសារព័ត៌មាន Fresh News។
លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បាននិយាយថា មន្ត្រីជំនាញបានពិនិត្យមុខទំនិញជាច្រើនមុខក្នុងទីតាំងផ្សារទាំងពីរខាងលើ ដោយរកឃើញចាហ៊ួយចំនួន ៣៧.៥គីឡូ នាំចូលពីប្រទេសវៀតណាម។ លោក ថា ចាហ៊ួយនេះវាមានជាតិរឹងស្វិត ដែលបង្កឲ្យប៉ះពាល់ដល់ក្រពះពោះវៀនយ៉ាងធ្ងន់ធ្ងរ នៅពេលដែលបរិភោគវា ។ជាពិសេសនោះក្មេងតូចៗ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ពួកគេ។
ក្រៅពីចាហ៊ួយ មន្ត្រីជំនាញរកឃើញស្លាដក ៣១កញ្ចប់ ទឹកដោះគោ ថ្នាំដុះធ្នេញ និងសាប៊ូខូចគុណភាព ហួសកាលបរិច្ឆេតមួយចំនួនទៀតផងដែរ។ ក្រោយពីណែនាំរួច អ្នកលក់ទាំងនោះក៏បានបញ្ឈប់ ដាក់លក់ទំនិញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ដែរ។
«ទំនិញដែលរកឃើញខូចគុណភាព និងទំនិញដែលធ្វើឲ្យខូចសុខភាព នឹងត្រូវយកទៅដុតកម្ទេចចោល។ ហើយអាជ្ញាធរមានសមត្ថកិច្ច នឹងនៅតែបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត ជាពិសេសជិតរដូវបុណ្យភ្ជុំបិណ្យខាងមុខនេះ»។ នេះជាការបញ្ជាក់ របស់ លោក ផឹង និល ដែលអំពាវដល់ប្រជាពលរដ្ឋ រស់នៅខេត្តស្វាយរៀង ប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ។ ជាពិសេសពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុនទិញយកទៅបរិភោគ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com