ទឹកជំនន់៖ អ្នករងគ្រោះដោយសារពស់ចឹកមាន៦៥នាក់ និងលង់ទឹកស្លាប់ មាន១៨នាក់
កំពង់ចាម៖ គិតត្រឹមខែកញ្ញានេះ អ្នករងគ្រោះដោយសារពស់ចឹកមាន៦៥នាក់ និងអ្នកលង់ទឹកស្លាប់ មានចំនួន១៨នាក់ នៅក្នុងក្រុង-ស្រុក ចំនួន៩ ក្នុងខេត្តកំពង់ចាម។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ចាម នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។
របាយការណ៍ដែលចេញផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា មនុស្សចំនួន៦៥ នាក់ត្រូវបានពស់ចឹក ឬសត្វអាសិរពិសទិច ឬខាំ ដោយចែកចេញជាពីរតំបន់ គឺតំបន់រងគ្រោះទឹកជំនន់មាន២៨ នាក់ និងតំបន់ក្រៅតំបន់រងគ្រោះទឹកជំនន់មាន៣៧នាក់។ ចំពោះ១៨នាក់ទៀត ស្លាប់ដោយសារលង់ទឹក លិចទូក ស្រវឹងស្រាលង់ទឹក និងរអិលជើងធ្លាក់ចូលទឹកលង់ស្លាប់ ។ មូលហេតុ បង្កឲ្យមានករណីទាំងអស់នេះ កើតឡើងដោយសារទទួលរងគ្រោះទឹកជំនន់ទន្លេមេគង្គកាលពីកន្លងទៅនេះ។
តាមរបាយការណ៍ដដែល បានបង្ហាញថា គ្រោះទឹកជំនន់នៅខេត្តកំពង់ចាមនេះ បានធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋាន ហេដ្ឋារចនានសម្ព័ន្ធ ដំណាំ ជាច្រើនផងដែរ។ ដំណាំដែលខូចខាតនោះរួមមាន ស្រូវចំនួន ១១២ ហិចតា, ដំណាំពោត ចំនួន៥៩៥ហិចតា, ដំណាំផ្សេងៗ ១.៦៨៦ ហិចតា និងខូចខាចផ្លូវប្រវែង ៤.៤២៥ ម៉ែត្រ។ លិចផ្ទះចំនួន៣៨៥ខ្នង, លិចវត្ត, លិចវិហារអ៊ីស្លាម,សាលារៀន, ស្ពាន, ទំនប់, និងមណ្ឌលសុខភាព។
ប៉ុន្តែវាគ្រាន់តែជារបាយការណ៍ពីរដ្ឋបាលខេត្តកំពង់ចាមតែប៉ុណ្ណោះ។ សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីសុំការអត្ថាធិប្បាយបន្ថែម ពីរបាយការណ៍ នៃចំនួនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅទូទាំងប្រទេសបាននៅឡើយទេ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com