សិស្ស​ម្នាក់ ដែល​គ្រូ​ច្រឡំ​លុបឈ្មោះ ទទួលបាន​ពិន្ទុ​២៦ សម្រាប់​ប្រឡង​បាក់​ឌុប​ឆ្នាំក្រោយ​

30/11/-0001 12:00 am កំពង់ធំ

​យុវជន សុំ រស្មី ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ស្ទឹងសែន ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដែល​នាយក​សាលា​បាន​ច្រឡំ​លុបឈ្មោះ ហើយ​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ (​បាក់​ឌុប​) ត្រូវបាន​ក្រសួង​អប់រំ តម្រូវ​ឲ្យ​ប្រឡង​នៅ​ឆ្នាំក្រោយ ជាមួយនឹង​ការផ្តល់​ពិន្ទុ​២៦​ជាការ​លើកទឹកចិត្ត​ដល់​បេក្ខជន​នោះ​។  នេះ​បើតាម​ប្រសាសន៍​របស់លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ដែល​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្នុង​កម្មវិធី​ប្រជុំ​ប្រចាំឆ្នាំ​ជាមួយ​អ្នកទទួល​ជ័យលាភី​ពី​កម្មវិធី Erasmus plus  កាលពី​ថ្ងៃទី​២៣ ខែសីហា​។​



​លោក ហង់ ជួន ណា​រ៉ុ​ន បាន​បន្តថា ក្រសួង​អប់រំ មិនមាន​គោលការណ៍​ឲ្យ​បេក្ខជន​ណា​ម្នា​ក់ជាប់​ស្វ័យប្រវត្តិ ដោយ​មិន​ឆ្លងកាត់​ការប្រឡង​ឡើយ ហើយក៏​មិនមាន​ការប្រឡង​ជា​លើក​ទី​២​ដែរ គឺ​តម្រូវ​ឲ្យ​បេក្ខជន​ទាំងនោះ​រង់ចាំ​ប្រឡង​នៅ​ឆ្នាំ​បន្ទាប់​។​

​រដ្ឋមន្ត្រី​រូបនេះ បាន​ពន្យល់​ហេតុផល​យ៉ាង​ដូច្នេះ​ថា​៖«​ការច្រឡំ​លុបឈ្មោះ​កូនសិស្ស​នៅ​ខេត្តកំពង់ធំ​នេះ មិនមែនជា​កំហុស​នាយក​សាលា​ទាំងស្រុង​ទេ​។ ព្រោះ​កូនសិស្ស​នោះ​រៀន​បាន​មួយ​រយៈពេល ប្រើ​ឈ្មោះ សំ រស្មី  ហើយ​ក្រោយមក​កូនសិស្ស​នោះ បាន​ប្តូរ​ទៅ​រៀន​នៅ​ថ្នាក់​ផ្សេង ដោយបាន​ដូរ ឈ្មោះ​ទៅជា​សុំ រស្មី វិញ​។  ដោយឡែក​នាយក​សាលា​មិនដឹងថា ឈ្មោះ​ពីរ​ជា​មនុស្ស​តែមួយ ក៏បាន​ស​ម្រ​ច​លុបឈ្មោះ​មួយ​ចោល ដែល​ចំឈ្មោះ​ពិតប្រាកដ​របស់​កូនសិស្ស​នោះ​តែម្តង ជាហេតុ​​ធ្វើ​ឲ្យសិស្ស​នោះ ​គ្មាន​ឈ្មោះ​ជា​បេក្ខជន​ប្រឡង​នៅ​ឆ្នាំនេះ​»​។

​ជាមួយគ្នានេះ ក្រសួង​បានដាក់​ចេញ​វិធានការ​ថា ករណីបែបនេះ មិនត្រូវ​កើតឡើង​នៅ​ឆ្នាំក្រោយ​ឡើយ​។​

​សូម​រម្លឹកថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ បាន​ប្រព្រឹត្ត​នៅ​ថ្ងៃទី ២០-២១ សីហា កន្លងទៅ ដោយមាន​បេក្ខជន​ប្រឡង​ចំនួន ១១៧.០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥ មណ្ឌល នៅ​រាជធានី​-​ខេត្ត​ទាំង​២៥ ទូទាំងប្រទេស​៕

ព័ត៌មានទាក់ទង