ទឹកស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង បានចាប់ផ្តើមហូរហៀរចេញតាមប្រព័ន្ធលូ ចូលក្នុងតំបន់ផ្សារបឹងឈូកក្រុងបាត់ដំបងជាបណ្តើរៗ។ បើតាមក្រសួងធនធានទឹក និងឧតុនិយម ទឹកស្ទឹងសង្កែបានកើនឡើងពីកម្ពស់១៣,៦៥ម៉ែត្រ ដល់១៣,៧៥ម៉ែត្រ ដោយគិតត្រឹមម៉ោង១១ថ្ងៃព្រហស្បតិ៍។ វាជាកម្រិតដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ន។
ផ្សារបឹងឈូក និងទីតាំងផ្សេងទៀត រងគ្រោះជាបណ្តើរៗ ដោយសារទឹកជន់ជោរពីស្ទឹងសង្កែ។ ថ្លែងប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ លោកអភិបាលខេត្ត ងួត រតនៈ បានបញ្ជាក់ថា៖ «ទឹកដែលលិចផ្សារបឹងឈូកនេះ គឺបណ្តាលមកពីទឹកស្ទឹងឡើងខ្ពស់ជាងប្រព័ន្ធលូ ទើបធ្វើឲ្យទឹកហៀរចេញពីលូមកចូលទីក្រុងវិញ» ។
លោកអភិបាលបានបញ្ជាក់បន្ថែមថា ការឡើងនៃកម្ពស់ទឹកនេះ គឺដោយសារទឹកនៅផ្នែកខាងលើ បានហូរចូលស្ទឹងសង្កែយ៉ាងគំហុក បានជាធ្វើឲ្យទឹកហក់ឡើងលឿនដូច្នេះ។ កម្ពស់ទឹកដែលឡើងនេះ ក៏មិនបានប៉ះពាល់អ្វីជាធ្ងន់ធ្ងរដល់ប្រជាពលនៅក្នុងតំបន់ដែរ។
បច្ចុប្បន្ន អាជ្ញាធរកំពុងដឹកនាំប្រតិបត្តិការរៀបចំការុងខ្សាច់ ធ្វើទំនប់ដើម្បីរារាំងទឹក៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com