កំពង់ចាម​មាន​១០​អាសនៈ​ដោយ CPP បាន​សំឡេងគាំទ្រ​ជិត​៦៥​ភាគរយ​

30/11/-0001 12:00 am កំពង់ចាម

​ខេត្តកំពង់ចាម មាន​១០​អាសនៈ ដោយមាន​គណបក្ស​ចំនួន​១៩​ចូលរួម​ប្រកួតប្រជែង​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នេះ​។ បើ​យោងតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ៣០៤ ៤៦៣​សំឡេង ស្មើ ៦៤,៧៥​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​។


 
​យោង​ការរាប់​សន្លឹកឆ្នោត​បឋម​សរុប​ទាំង​១៦៥៩​ការិយាល័យ​នៅ​មណ្ឌល​ខេត្តកំពង់ចាម អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​៤៧០ ២៤៨​នាក់ ពោលគឺ​ស្មើ​៨១,៥៦​ភាគរយ​ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប ៥៧៦ ៥៥០​នាក់​។ ទាក់ទង​នឹង​ចំនួន​សំឡេងឆ្នោត សន្លឹក​បានការ​មាន ៤១៨ ០៩៦​សំឡេង និង​មិនបានការ​មាន​៥១ ៧៩៣​សំឡេង​។​

​គណបក្ស​ចំនួន​១៩ បាន​ចូលរួម​ប្រកួតប្រជែង ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​សំឡេងគាំទ្រ​រហូតដល់​ទៅ​៦៤,៧៥​ភាគរយ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​២៧ ៣៥៨​សំឡេង (៥,៨២​ភាគរយ​) គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​២០ ២១១​សំឡេង (៤,៣០​ភាគរយ​) គណបក្ស​ឆន្ទៈ​ខ្មែរ បាន​១៥ ៩៣២​សំឡេង (៣,៣៩​ភាគរយ​)​។​

​គណបក្ស​ដែល​ទទួលបាន​សំឡេង​ក្នុង​រង្វង់​១​ភាគរយ រួមមាន គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​សំបុក​ឃ្មុំ​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​៕

ព័ត៌មានទាក់ទង