បាក់​ទំនប់​វា​រី​អគ្គិសនី​របស់​ឡាវ ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១​ពាន់​គ្រួសារ នៅ​ខេត្តស្ទឹងត្រែង​ត្រូវ​ជម្លៀស​ចេញពីផ្ទះ​

30/11/-0001 12:00 am ស្ទឹងត្រែង

​ស្ទឹងត្រែង​៖ បន្ទាប់ពី​បាក់​ទំនប់​វា​រី​អគ្គិសនី សេ​ពាន​សេណា​មណ​យ ស្ថិតនៅ​ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ មាន​ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា​-​ឡាវ ទឹកបាន​ហូរ​ចូលមក​ទន្លេសេកុង ក្នុងភូមិ​សាស្ត្រ​ស្រុក​សៀង​ប៉ាង បណ្ដាលឱ្យ​ឃុំ​៤ ក្នុងចំណោម​ឃុំ​៥ ដែលមាន​ប្រជាពលរដ្ឋ ១២៨៩​គ្រួសារ រង​ការប៉ះពាល់​ត្រូវ​ជម្លៀស​ទៅ​ទីទួល​មាន​សុ​វត្តិភាព ប៉ុន្តែ​នៅឡើយ​ប្រជា​ប្រពល​រដ្ឋ​មួយចំនួន​ក្នុង​ឃុំ​ដដែល​មិនទាន់​ចាក់ចេញ​ទេ​។ នេះ​បើតាម​ការ​ឱ្យដឹងពី លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។



​នៅក្នុង​ស្រុក​សៀង​ប៉ាង ដែលមាន​ឃុំ​៤ ទទួលរង​នូវ​ការប៉ះពាល់ ដូចជា​ឃុំ​សេកុង ឃុំ​ថ្មកែវ ឃុំ​សន្តិភាព និង​ឃុំ​ព្រៃ​សម្បូរ​។ នេះ​ជាការ​បន្ត​របស់ លោក កែវ វី និង​បាន​បន្ថែមថា ទឹកបាន​ហូរ​ចូល​ទន្លេសេកុង​នៃ​ខេត្តស្ទឹងត្រែង ត្រឹម​ម៉ោង​៩​ថ្ងៃទី​២៦ ខែកក្កដា​នេះ មាន​កម្ពស់​ឡើងដល់ ១១,៩០​ម៉ែត្រ ហើយ​ការឡើង​នេះ​លើសពី​ការប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ១១,៥០​ម៉ែត្រ​។​



​ផ្ដល់​បទ​សម្ភាស​តាមរយៈ​ទូរ​សព្ទ​ប្រាប់​ថ្មីៗ អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក កែវ វី ថ្លែងថា អាជ្ញាធរខេត្ត​ស្ទឹងត្រែង​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ទាំងយប់​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ទៅ​ទីទួល​មាន​សុវត្ថិភាព ១២៨៩​គ្រួសារ ចំណែកឯ​ប្រជាពលរដ្ឋ​មួយចំនួន​មិនទាន់​ចាក់ចេញ​ទេ ដោយសារ​ផ្ទះ​របស់​ពួកគាត់​ខ្ពស់​ផុតពី​ទឹក​។ ម្យ៉ាងទៀត​ពួកគាត់​កំពុង​រងចាំ​មើលថា តើ​ទឹកនឹង​អាច​បន្ត​ឡើង​ទៀត​ឬ​ស្រក​ទៅវិញ​។

​លោក កែវ​​ ​វី បញ្ជាក់ថា​៖«​ទឹក​ដែល​ហូរ​ចូល​ទន្លេសេកុង​អាច​នឹង​ស្រក ប្រមាណ​ពី ៧​ថ្ងៃ​ទៅ​១០​ថ្ងៃ​ទៀត បើតាម​ការ​ព្យាករ​ក្រសួង​ធនធានទឹក​។ ពីព្រោះ​អាង​ទន្លេមេគង្គ ស្ទឹងត្រែង​មាន​កំពស់​តែ ៩,៨២​ម៉ែត្រ ដែល​នៅសល់​ច្រើន​ម៉ែត្រ​ទៀត​។ ដូច្នេះ​កម្ពស់​ទឹកទន្លេ​មេគង្គ​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​គឺ​កម្ពស់ ១០,៧០​ម៉ែត្រ​។ ហើយ​ទឹក​ទន្លេសេកុង បាន​ហូរ​ទៅ​ទន្លេមេគង្គ ដូច្នេះ​ទឹកទន្លេ​មេគង្គ​នៅតែ​ទទួលបាន​ទឹក​ពី​ទន្លេសេកុង​បាន​ច្រើន​បន្ថែមទៀត ដោយ​ទឹក​ទន្លេសេកុង​មិន​ចាល់​ទេ​»​។​

​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បន្ថែមទៀតថា ចំពោះ​ជំនន់​ទឹក​ហូរ​មកពី​ឡាវ មិន​បណ្ដាលឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​បាត់បង់​ជី​វិ​តទេ ពីព្រោះ​ខាង​កម្ពុជា​បាន​ត្រៀមលក្ខណៈ​ទុកជាមុន នៅពេល​អា​ជ្ញ​ធរ​ឡាវ​បាន​ជូនដំណឹង​មក​កម្ពុជា​អំពី​ការបាក់​ទំ​បន់​វា​រី​អគ្គិសនី​របស់គេ កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែ​នេះ​។ លោក ថា នៅពេល​បានទទួល​ដំណឹង​នេះហើយ គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តស្ទឹងត្រែង បាន​មាន​ចំណាត់ការ​នៅ​យប់​ថ្ងៃទី​២៤ ដូចជា ត្រៀមកម្លាំង និង​សម្ភារ​ឱ្យបាន​គ្រប់គ្រាន់ ហើយ​ថ្ងៃទី​២៥ បាន​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទឹក​ជន់​លិច​តាម​ផ្ទះ​ទៅ​ទីទួល​សុវត្ថិភាព​។ ប៉ុន្តែ​សម្រាប់​អ្នកមួយ​ចំនួន មិនទាន់​ចេញ​ទេ​ភ្លាមៗ​ទេ ដោយ​រងចាំ​មើល​ទឹក​ឡើង​បន្ថែមទៀត​ឬ​ស្រក​ទៅវិញ ពីព្រោះ​ផ្ទះ​របស់គាត់​សង់​ខ្ពស់​ពី​ដី ណាមួយ​ទឹក​នៅមាន​សភាព​ហូរ​យឺតៗ​ផងដែរ​។​



​មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មការ​ដដែល​បាន​លើកឡើងថា ខេត្តស្ទឹងត្រែង​ជា​រៀងរាល់ឆ្នាំ តែងតែ​រងគ្រោះ​ទឹក​លិច បើ​មិនតូច ក៏​ធំ​ដែរ ដូច្នេះ​រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរខេត្ត​បាន​ត្រៀម​ទីទួល​សុវត្ថិភាព សម្រាប់​ប្រជាពលរដ្ឋ​រួចរាល់​ហើយ មិន​ពិបាក​ទេ​ក្នុង​ការយក​សម្ភារ​ដែល​ជា​របស់​ប្រើប្រាស់​ទៅ​ឡើយ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ជញ្ជូន​ផងដែរ ចំពោះ​ការខូចខាត​ដោយសារ​ជំនន់​ទឹក​នេះ​ប្រាកដ​ជាមាន ប៉ុន្តែ​មិនទាន់មាន​របាយការណ៍​បញ្ជាក់​ពី​ខាង​មូលដ្ឋាន​នៅឡើយ​ទេ​។ ជាមួយគ្នានេះដែរ អាជ្ញាធរ និង​ក្រសួង​ដែល​ពាក់ព័ន្ធ​បាន​ចុះទៅ​ជួយ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ដោយមាន​ការជួយឧបត្ថម្ភ​ពី​កាកបាទក្រហម ការព្យាបាល​បឋម​ពី​ក្រសួងសុខាភិបាល ជាពិសេស​នោះ ព្រះមហាក្សត្រ​ព្រះអង្គ​ក៏បាន​ជួយ​ឧបត្ថម​ស្បៀង​មួយចំនួន​ផងដែរ​។ លោក កែវ វី លើកឡើង​បន្តថា រដ្ឋាភិបាល​ក៏​ធ្លាប់​បានចេញ​សេចក្ដីជូនដំណឹង​ទៅ អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​ប្រជាពលរដ្ឋ​ឱ្យមាន​ការត្រៀម​លក្ខណៈ​ប្រុងប្រយ័ត្ន​ជាមុន ចំពោះ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេ​ផងដែរ​។​

​បើតាម​ការ​ឱ្យដឹងពី​ក្រសួង​ធនធានទឹក នៅ​ម៉ោង​១ រសៀល ថ្ងៃទី​២៦ ខែកក្កដា ទឹកទន្លេ​សេកុង ក្នុង​ខេត្តស្ទឹងត្រែង បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ១២,០៦​ម៉ែត្រ លើសពី​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ១១,៥០​ម​។ ហើយ​នៅ​ថ្ងៃ​ដដែល​នេះដែរ ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឡើង​កម្ពស់ ១៣,៤១​ម៉ែត្រ បាន​លិច​ចូល​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ផ្លូវ និង​ផ្ទៃដី​កសិកម្ម​មួយចំនួន​នៅ​តំបន់​ទំនាប​តាម​ដង​ទន្លេ ស្ថិតក្នុង​ឃុំ​ទន្លេ​បិត និង​ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ​៕





ព័ត៌មានទាក់ទង