ជំនន់​ទឹកភ្លៀង បណ្ដាលឱ្យ ខេត្ត​៥ និង​ប្រជាជន​ជាង ៣​ពាន់​គ្រួសារ រង​ការប៉ះពាល់​ខ្លាំង​

30/11/-0001 12:00 am កោះកុង

​ភ្នំពេញ​៖ ជំនន់​ទឹកភ្លៀង​នៅ​ដើមខែ​កក្កដា ទូទាំងប្រទេស​បាន​បណ្ដា​ល​ឱ្យ ខេត្តកោះកុង ព្រះសីហនុ កំពត កំពង់ស្ពឺ និង​បាត់ដំបង សរុប​មាន​១២​ស្រុក ដែលមាន​ប្រជាជន​សរុប ៣៨២៦​គ្រួសារ បាន​រង​ការប៉ះពាល់​ពាល់​យ៉ាងខ្លាំង​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ លោក បន្តថា ប្រជាជន​ចំនួន ១០៧៩​គ្រួសារ​ត្រូវបាន​ជម្លៀស​ទៅ​ទី​មាន​វត្ថិ​ភាព ដោយ​ខូចខាត​ផ្ទះ ៦​ខ្នង សាលារៀន ៨​កន្លែង វត្ត​២ និង​វិហារ​ចាម​២ ហើយ​ក្រៅ​នេះ បាត់គោ​១៤​ក្បាល ទឹក​ជន់​លិច​ដីស្រែ​ចម្ការ​សរុប ៣៩២៥​ហិកតា ក្នុង​ចំនួន​នេះ​ខូចខាត ៤៣​ហិកតា​។



​ជំនន់​ទឹកភ្លៀង​នេះដែរ ក៏មាន​ការខូចខាត ស្ពាន​១ ក្នុង​ចំនួន​៥ និង​ស្រះ​ចិញ្ចឹម​ត្រី​៧ ខូចខាត​២ បាត់​ទូក​២​គ្រឿង​។ នេះ​ជាការ​បន្ថែម​របស់លោក កែវ វី​។ លោក បាន​បញ្ជាក់ថា​៖«​ក្នុងចំណោម​ខេត្ត​ទាំង​៥ មាន​ខេត្តកំពត កោះកុង កំពង់ស្ពឺ រង​ប៉ះពាល់​ខ្លាំងជាងគេ ពីព្រោះ​ទឹក​ទើបតែ​ជន់​លិច ខណៈដែល​ខេត្ត​ដទៃទៀត ទឹកបាន​ស្រក​។ ចំពោះ​ទឹក​ហូរ​ជន់​លិច​ផ្លូវ​នេះដែរ ផ្លូវលំ​មួយចំនួន ដែលមាន​ប្រហែល​ពី​៧០ ទៅ​៨០​ខ្សែ ក៏​រង​ផលប៉ះពាល់​ផងដែរ​។ បញ្ហា​នេះ​ក្រសួង​ជំនាញ​បាន​ចុះ​ពិនិត្យ​ហើយ តែ​ការវាយតម្លៃ​ទំហំ​នៃ​ការខូចខាត គឺ​នៅពេលដែល​ទឹក​ស្រក​អស់​»​។​

​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​លើកឡើងថា ក្រៅពី​ខេត្ត​ទាំង​៥​ខាងលើ ក៏មាន​ខេត្ត​មួយចំនួនទៀត​រង​ការប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​ប​ន្តិ​បន្តួច​ផងដែរ ដូចជា ប៉ៃលិន កែប និង​រតនគិរី​។ ជាមួយគ្នានេះ​ខេត្ត​ដែល​ស្ថិត​នៅជាប់​ទន្លេមេគង្គ ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ផងដែរ​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ទឹកទន្លេ​មេគង្គ​មានការ កើនឡើង​ច្រើន​បណ្ដាលមកពី ប្រព័ន្ធ​រង​សម្ពាធ​ទាប​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេមេគង្គ​លើ​។ ដើម្បី​ចៀសវាង​ជាយថាហេតុ​ណាមួយ ក្រសួង​ពាក់ព័ន្ធ ក៏ដូចជា អាជ្ញាធរ​មូលដ្ឋាន​បានចេញ​សេចក្ដីប្រកាស ឬ​ជូន​ជា​ព័ត៌មាន​ទៅ​ប្រជាព​រដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ជាមុន​»​។



​លោក កែវ វី បន្ថែមទៀតថា បច្ចុប្បន្ន មិនទាន់មាន​បញ្ហា​អ្វី​គួរឱ្យកត់សម្គាល់​នៅឡើយ​ទេ ដោយសារ​កម្ពស់​ទឹក​នៅ​មិនទាន់​ឡើងដល់​ចំណុច​ត្រូវ​ប្រកាសអាសន្ន​ទេ ហើយ​កម្ពស់​ទឹក​អាច​ឡើង​ពី ២ ទៅ​៣ ម៉ែត្រ​ទៀត អាច​ដល់​ចំណុច​ត្រូវ​ប្រុងប្រយ័ត្ន​។ ហើយ​ក្រសួង​ធនធានទឹក ក៏​ធ្លាប់​ចេញ​សេចក្ដីប្រកាស​រួចមកហើយ ចំពោះ​ប្រជាព​រដ្ឋ​ដែល​នៅតាម​ទី​ទំនាប តាម​ទន្លេមេគង្គ​លើ ត្រូវ​រួសរាន់​ប្រញាប់​ប្រមូល​ផល កុំឱ្យ​មានការ​ខូ​ខាត​ច្រើន​ពេល​ទឹក​ជន់​ឡើង​ធំ​។ ទឹក​ជន់​ឡើង​តាម​ដងព្រែក អូរ តាម​បណ្ដា​ខេត្ត​មួយចំនួន​ភាគច្រើន​មកពី​ទឹកភ្លៀង ហើយ​ទន្លេមេគង្គ​លើ​ដែល​នៅ​កម្ពុជា​ឡើង ជា​ទឹកភ្លៀង​ដែល​ធ្លាក់​មកពី​អាង​ទន្លេមេគង្គ​លើ​ប្រទេស​ថៃ និង​ឡាវ ដោយ​ក្នុង​មួយថ្ងៃ​អាច​ឡើង​ពី​១០​សង់ទីម៉ែត្រ​ទៅ ៥០​សង់ទីម៉ែត្រ ជា​រៀងរាល់ថ្ងៃ​។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់ លោក កែវ វី ដោយបាន​បញ្ជាក់ថា​៖«​ទឹកទន្លេ​មេគង្គ​នឹង​ចាប់ផ្ដើម​ស្រក​ទៅវិញ​នៅ​ដើមខែ​តុលា​»​។​

​លោក បន្ថែម​ចុងក្រោយ​ថា ចំពោះ​វិធានការ​ទប់ស្កាត់​គ្រោះមហន្តរាយ​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​រដ្ឋាភិបាល បាន​ត្រៀមកម្លាំង​បម្រុង​ក្នុងការ​ជួយសង្គ្រោះ​ជាមុន គ្រប់​មធ្យោបាយ​នៅពេល​មាន​ហេតុការណ៍​កើតឡើង មាន​ស្បៀង និង​សម្ភារ​ផ្សេងៗ​មួយចំនួន​៕

ព័ត៌មានទាក់ទង