​អចលនទ្រព្យ​នៅ​កំពត​មាន​សន្ទុះ​ខ្លាំង ស្រប​នឹង​វត្តមាន​គម្រោង​អភិវឌ្ឍន៍​តាម​ឆ្នេរ​កើនឡើង​

30/11/-0001 12:00 am កែប

​ខេត្តកំពត​មាន​ទីតាំង​ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកវិនិយោគ​យ៉ាងខ្លាំង​ក្នុងពេល​បច្ចុប្បន្ន ដោយសារតែ​គម្រោង​អភិវឌ្ឍន៍​ធំៗ មាន​វត្តមាន​កាន់តែច្រើន​នៅក្នុង​ខេត្ត​នេះ​។​



​គម្រោង​អន្ដរជាតិ​ខ្នាត​ធំ​លើកដំបូង បាន​ចូលមកក្នុង​តំបន់​នេះ ត្រូវបាន​ស្គាល់​ថា​ជា​គម្រោង French Riviera Marina ដែលមាន​តម្លៃ​សរុប ២៣,២ ពាន់​លាន​ដុល្លារ ត្រូវ​សាងសង់​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ខេត្តកំពត និង​កែប​។​

​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្រុមហ៊ុន Pallas Group ធ្លាប់​លើកឡើងថា គម្រោង​French Riviera Marina នៅ​កំពត នឹង​ផ្តល់នូវ​សហគមន៍​ទេសចរណ៍​មាត់សមុទ្រ​មួយ ប្រកបដោយ​សុវត្ថិភាព ដោយមាន​សណ្ឋាគារ វីឡា អា​ផាត​មេន ឆ្នេរ​សិប្បនិម្មិត​ឯកជន ទីលាន​វាយ​កូន​ហ្គោល ឧទ្យាន​កម្សាន្ត និង​ផ្សារ​ទំនើប រួមជាមួយ​សេវាកម្ម​ផ្សេងៗ​ជាច្រើន​ទៀត​។ គម្រោង​នេះ ក៏​នឹងមាន​សាលារៀន មណ្ឌល​សុខភាព និង​ផ្នែក​ខ្លះ​របស់​គម្រោង ត្រូវបាន​ត​ភ្ជាប់​គ្នា ដោយ​ព្រែកជីក និង​កន្ត្រក​ខ្សែកាប​សម្រាប់​ធ្វើដំណើរ​។​

​ក្រុមហ៊ុន Pallas Group មានបំណង​ឲ្យ​ខេត្តកំពត ក្លាយជា​តំបន់​ទេសចរណ៍​លំដាប់​ពិភពលោក​។ យោងតាម​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ  តំបន់​នេះ កាន់កាប់​ដី​ទំហំ ៦,០៥៦ ហិកតា តាម​បណ្តោយ​ឈូង​សមុទ្រ​ថៃ ខណៈ​ឯកសារ​របស់​ក្រុមហ៊ុន បង្ហាញ​ដោយសារ​ព័ត៌មាន Kyodo បាន​ឲ្យ​ដឹងថា មាន​គម្រោង​អភិវឌ្ឍន៍​តូច​មួយទៀត នៅ​ខេត្ត​កែប គ្របដណ្តប់​លើ​ផ្ទៃដី ១៤៤​ហិកតា​។​

​អនុប្រធាន​ក្រុមហ៊ុន លោកស្រី Siriluck Choochart មានប្រសាសន៍ថា គម្រោង Riviera Marina និង Kep Marina នឹង​ក្លាយជា​គោលដៅ​លំដាប់ថ្នាក់​ពិភពលោក សម្រាប់​ការរស់នៅ អាជីវកម្ម ទេសចរណ៍ និង​ផលិត​ភាពយន្ត​។ ក្រុមហ៊ុន Pallas នឹង​បង្កើត​ការងារ​រាប់ពាន់​កន្លែង​ក្នុងពេល​សាងសង់ មាន​មនុស្ស​ជាង ៥០.០០០​នាក់​ធ្វើការ​នៅ​កន្លែង​ផ្ទាល់ និង​មនុស្ស​រាប់ពាន់នាក់​ទៀត ទទួលបាន​ឱកាស​ការងារ​ដោយ​ប្រយោល សម្រាប់​សេវាកម្ម​អភិវឌ្ឍន៍​នេះ​។​

​លោកស្រី Choochart បាន​បន្ថែមថា​៖ «​គម្រោង​នីមួយៗ​របស់​យើង ត្រូវបាន​រចនា​ឡើង​ស្របគ្នា ជាមួយ​លក្ខណៈ​ធម្មជាតិ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​សាងសង់​ស្តង់ដារ​ទំនើប និង​សម្ភារ​ដែលមាន​គុណភាព​ខ្ពស់បំផុត នឹង​ផ្តល់ជូន​នៅ​ភាព​ឯកជន និង​ប្រណីតភាព​»​។​

​បន្ថែម​លើ​គម្រោង​នេះ លោក សុខ គែន ស្ថាបនិក​នៃ​ក្រុមហ៊ុន Kampot Property បាន​មានប្រសាសន៍ថា កំពត​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​បំផុត​មួយ នៅ​កម្ពុជា​នាពេល ឆាប់ៗ​ខាងមុខ ដោយមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់ មក​កម្សាន្ត​ជា​រៀងរាល់ឆ្នាំ​។​

​គម្រោង​ធំ​បំផុត​របស់​បារាំង Riviera Marina បាន​ជំរុញ​យ៉ាងខ្លាំង ដល់​ប្រតិបត្តិការ​អចលនទ្រព្យ​នៅក្នុង​ខេត្ត ជាមួយនឹង​តម្លៃ​ដី​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ពីមួយ​ខែ ទៅមួយ​ខែ​។ គម្រោង​នេះ នឹង​បង្វែរ​ខេត្ត​នេះ ទៅជា​ទីក្រុង​ដ៏​ទាក់ទាញ និង​មាន​ភាពទាន់សម័យ ដោយមាន​គម្រោង​លំនៅដ្ឋាន ពាណិជ្ជកម្ម និង​ទេសចរណ៍ ដែល​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​នាំនូវ​គម្រោង​អភិវឌ្ឍ​ផ្សេងទៀត មកកាន់​ខេត្ត​នេះ​។​

​គម្រោង​អភិវឌ្ឍ​ដទៃទៀត ដូចជា បុរី រមណីយដ្ឋាន សណ្ឋាគារ និង​កន្លែង​កម្សាន្ត នឹង​បន្ត​ជំរុញ កំណើន​អចលនទ្រព្យ​នៅ​កំពត​។ មាន​គម្រោង​អភិវឌ្ឍ​ជាច្រើន កំពុង​ដំណើរ​នៅក្នុង​ខេត្តកំពត​ដោយ​អ្នកវិនិយោគ​សំខាន់ៗ មកពី​តំបន់​អឺរ៉ុប និង​ចិន​។ ក្រៅពី​វិនិយោគិន​អឺរ៉ុប និង​ចិន ក៏មាន​ប្រជាជន​ក្នុងស្រុក​ជាច្រើន ចាប់អារម្មណ៍​ទិញ​ដី​នៅក្នុង​ខេត្ដ​នេះ​ផងដែរ​។​

​លោក គែន បាន​លើកឡើងថា ដី​មាន​សក្តានុពល​មាន​៣ ប្រភេទ​គឺ ដី​ឆ្នេរ ដី​តាម​មាត់​ព្រែក  និង​ដី​ជើងភ្នំ​។ ដី​នៅតាម​មាត់​ព្រែក កំពុងមាន​កំណើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែលមាន​តម្លៃ​ចាប់ពី ៦០ ដុល្លារ ទៅ​២៥០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

​ក្នុង​ឆ្នាំ​២០១៦ ខេត្តកំពត​មាន​ទេសចរ​បរទេស ប្រហែល​៩០​ម៉ឺន​នាក់​។  តាម​របាយការណ៍​រប​ស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ថ្មីៗ​នេះ កំពង់ផែ​ទេសចរណ៍​តម្លៃ​១៨​លាន​ដុល្លា នឹងដាក់​ឲ្យ​ប្រើប្រាស់ នៅ​ឆ្នាំ​២០១៩ ។ តាមរយៈ​កំពង់ផែ​ទេសចរណ៍​នេះ គេ​រំពឹងថា នឹង​ផ្តល់​សេវាកម្ម​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ៣,៦​ម៉ឺន​នាក់ ក្នុង​មួយឆ្នាំៗ​។​

​លោក ម៉ម សិរី​បញ្ញា អគ្គនាយក​របស់​ក្រុមហ៊ុន Easy Property Investment បាន​និយាយថា​«៖​អចលនទ្រព្យ​នៅ​ខេត្តកំពត មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយសារ​តែមាន​អ្នកវិនិយោគ​ជាតិ​-​អន្តរជាតិ​ជាច្រើន នាំគ្នា​ទិញ​អចលនទ្រព្យ នៅក្នុង​ខេត្តកំពត ជាមួយ​តម្លៃ​សមរម្យ​។ ភាគច្រើន​អ្នកវិនិយោគ​ជាតិ ចូលចិត្ត​ទិញ​ដី និង​ផ្ទះ នៅតាម​មាត់​ព្រែក​កំពត​។​

​ខេត្តកំពត បានទទួល​ការចាប់អារម្មណ៍​ខ្លាំង​ពី​វិនិយោគិន ខណៈពេលដែល​តម្លៃ​ដី នៅ​ក្រុងព្រះសីហនុ ក្បែរ​ឆ្នេរសមុទ្រ​កើនឡើង​យ៉ាងខ្លាំង ដោយសារ​មាន​លំហូរ​វិនិយោគិន​ចិន ដែល​កំពុង​ទិញ​ដី ក្នុងតម្លៃ​ខ្ពស់ជាង​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​ផ្សេងៗ​។​

​លោក Brad King ជា​ផ្នែក​មួយ​នៃ Kohrong Property.com និយាយថា ការរំពឹងទុក​ពី​វិនិយោគិន​ជាពិសេស​ចិន កំពុង​ជំរុញ​ឲ្យ​តម្លៃ​ដី​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង​ខ្ពស់ ជាង​ដី​ឡូ​តិ៍ ដែល​ស្រដៀង​គ្នា នៅ​ប្រទេស​ថៃ និង​ហ្វីលីពីន​។ តម្លៃ​ដី​នៅតាម​បណ្តោយ​ឆ្នេរ​ខេត្ត​ព្រះសីហនុ​ជា​មធ្យម ជាង ១.០០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។​

​លោក សិរី​បញ្ញា បាន​បន្ថែមថា ការប្រតិបត្តិ​ការ​អចលនទ្រព្យ​នៅ​ខេត្តកំពត បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ ជាមួយ​ការកើនឡើង​នៃ​ទីផ្សារ​លក់ និង​ទិញ​ខ្ពស់ជាង​ទីផ្សារ​ជួល​។ ការវិនិយោគ បាន​ចូលមក​ខេត្តកំពត​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​មាន​គម្រោង​ធំៗ​មួយចំនួន ដូចជា​គម្រោង​អភិវឌ្ឍ​ម៍​កំពង់ផែ​សមុទ្រ​។ ដើម្បី​ទាក់ទាញ​វិនិយោគិន​បន្ថែមទៀត ចូលទៅក្នុង​តំបន់​នេះ ចាំបាច់​ត្រូវបង្កើត​រោងចក្រ និង​ពង្រីក​កន្លែង​ទេសចរណ៍ ឲ្យ​បាន​ច្រើន​កន្លែង​បន្ថែមទៀត​៕

​ដកស្រង់​ពី (https://www.realestate.com.kh/km/news/Kampot-Real-Estate-transactions-rise-alongside-coastal-development-prospects/)


ព័ត៌មានទាក់ទង