អ្នកជិះ​កង់​ជាង​១៦០នាក់ ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Cambodia MTB Series 2018

30/11/-0001 12:00 am កំពង់ស្ពឺ

​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Cambodia MTB Series 2018 ជុំ​ទី​៣ ដែល​រៀបចំ​នៅ​បរិវេណ​ភ្នំ​ជាល ក្នុង​ខេត្តកំពង់ស្ពឺ​បាន​ទាក់ទាញ​អ្នកជិះ​កង់​ជាតិ និង​អន្តរជាតិ​កើនឡើង​ជាង​១០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។ ទោះបី​អំឡុងពេល​ប្រកួត ភ្លៀង​បាន​បង្គ​ឲ្យ​ផ្លូវ​មាន​ស្ថាន​ភាពលំបាក​ក៏ដោយ តែ​ព្រឹត្តិការណ៍​នេះ បានបញ្ចប់​ដោយ​ជោគជ័យ និង​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដើម្បី​ស្វែងរក​ជើង​ខ្លាំង​ជិះ​កង់​ភ្នំ​ប្រចាំឆ្នាំ និង​ពង្រឹងសមត្ថភាព សម្រាប់​ត្រៀម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នាពេលខាងមុខ​។



​លោក​ឧកញ៉ា វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​បញ្ជាក់ថា ការប្រណាំង​កង់​ភ្នំ Cambodia MTB Series ជុំ​ទី​៣ បាន​ទាក់ទាញ​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ជាង​១៦០​នាក់​ចូលរួម​។ ចំនួន​នេះ កើនឡើង​ជាង​១០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ លោក​ឧកញ៉ា​បាន​វាយតម្លៃថា មិន​ត្រឹមតែ​កើនឡើង​ចំនួន​អ្នកចូលរួម​នោះទេ សូម្បី​សមត្ថភាព និង​បច្ចេកទេស​ក៏មាន​ការកើនឡើង​ដែរ​។ 



«​សម្រាប់​ការប្រកួត​នៅលើ​ទឹកដី​ខេត្តកំពង់ស្ពឺ​នេះ​មាន​អ្នកចូលរួម​ច្រើន គឺ​កើនឡើង​ប្រមាណ​១០​ភាគរយ បើ​ប្រៀប​នឹង​ការប្រកួត​ឆ្នាំមុន​។ ចំណែក​បញ្ហា​បច្ចេកទេស និង​ការអនុវត្ត​ផ្ទាល់​លើ​ទីលាន យើង​មើលឃើញថា អត្ត​ព​លិ​ក​យើង​ធ្វើ​បានល្អ គឺមាន​កម្រិត​បច្ចេកទេស​ប្រហាក់ប្រហែល​ទៅនឹង​ប្រទេសជិតខាង​។ អត្ត​ព​លិ​ក​យើង​ប្រឹងប្រែង​ប្រកួត​គ្នា​ដោយ​ឆន្ទៈ​ពិតប្រាកដ ធ្វើ​ឲ្យ​ការប្រកួត​នេះ​បានបញ្ចប់​ដោយ​ជោគជ័យ​»​។ ជាការ​លើកឡើង​របស់​លោក​ឧកញ៉ា វង្ស ខាន់​ពៅ​។

​លោក​ឧកញ៉ា​បាន​បន្ថែមថា ទោះបី​កា​ប្រកួត​នៅ​ភ្នំ​ជាល ក្នុង​ខេត្តកំពង់ស្ពឺ​មាន​ស្ថានភាព​ផ្លូវ​លំបាក និង​មាន​ឧបសគ្គ​ច្រើន​ក៏ដោយ តែ​ការប្រកួត​ក្រោម​តំណក់​ភ្លៀងរលឹម​ស្រិចៗ​មួយ​នេះ បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​បញ្ចប់​ដោយ​ជោគជ័យ​។ ប៉ុន្តែ​ដោយសារ​អំឡុងពេល​ប្រកួត​មាន​ភ្លៀង បានធ្វើ​ផ្លូវ​មាន​ស្ថានភាព​រអិល ដែល​បង្ក​ឲ្យ​មាន​អ្នកជិះ​មួយចំនួន​ដួល តែ​មិន​បង្ក​ឲ្យ​មាន​របួស​នោះទេ​។ 

​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​លោក​ឧកញ៉ា វង្ស ខាន់​ពៅ បាន​និយាយថា​៖«​ការប្រកួត​ជុំ​ទី​៣ នៅ​ភ្នំ​ជាល ក្នុង​ខេត្តកំពង់ស្ពឺ​នេះ មាន​លក្ខណៈ​បច្ចេកទេស​ច្រើន ព្រោះ​ត្រូវ​ជិះ​កង់​ឆ្លងកាត់​ឧបសគ្គ ដោយមាន​ផ្លូវ​បត់បែន​ឡើង​ភ្នំ ចុះ​ភ្នំ ឡើង​ទួល ចុះ​ចំណោទ និង​ការ​ជិះ​កង់​លើ​ភ្លឺស្រែ ក្រោម​ដំណក់ទឹកភ្លៀង ដែលមាន​ស្ថានភាព​ផ្លូវ​រអិល ប៉ុន្តែ​អត្ត​ព​លិ​ក​របស់​យើង ធ្វើ​បានល្អ ដោយបាន​ឆ្លងកាត់​ឧបសគ្គ​ទាំងនោះ​បាន​យ៉ាង​ជោគជ័យ​ទាំងអស់គ្នា​»​។​



​ទោះបី​ការប្រកួត និង​ការបំពាក់​មេដាយ​ជូន​ម្ចាស់​ជ័យលាភី​ធ្វើឡើង​ក្រោម​ដំណក់​ភ្លៀងរលឹម​ស្រិចៗ ទាំង​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​បានបង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង ពិសេស​ព្រឹត្តិការណ៍​នេះ បាន​បន្សល់​អនុស្សាវរីយ៍​យ៉ាងច្រើន​ដល់​អត្ត​ព​លិ​ក​។ ព្រោះ​អត្ត​ព​លិ​ក​ទាំងនេះ បាន​ជិះ​កង់​លើផ្លូវ​ភ្នំ ដែលមាន​ស្ថានភាព​បត់បែន ឡើង​ចុះ ប្រកបដោយ​លក្ខណៈ​បច្ចេកទេស និង​ឧបសគ្គ​ប្លែកៗ ដែល​ពួកគេ​មិន​ធ្លាប់​ជួប​កន្លងមក​។ 

​អត្ត​ព​លិ​ក​ចូលរួម​ជាង​១៦០​នាក់​ខាងលើ​មកពី​ភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្ត​កំពង់សោម ខេត្តកំពង់ស្ពឺ និង​ខេត្តបាត់ដំបង​៕



























ព័ត៌មានទាក់ទង