ម៉ាត់ ណី ៖ ការលក់-ដូរត្រីរាជ ដែលជាស្តេចត្រី នឹងនាំឲ្យរាសីដាក់ ធ្លាក់ខ្លួន និងជួបគ្រោះចង្រៃផ្សេងៗ

ត្បូងឃ្មុំៈ អ្នកនេសាទខ្មែរមូស្លីម ម៉ាត់ ណី អាយុ ៥៨ឆ្នាំ រស់នៅក្នុងភូមិព្រែកតួច ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ម៉ាត់ ណី មានជំនឿយ៉ាងមុតមាំទៅលើត្រីរាជ តាំងពីដូនតារបស់គាត់មកម្ល៉េះ។ ក្នុងអំឡុងរដូវនេសាទ នាខែធ្នូ ឆ្នាំ ២០១៧ លោក ណី ធ្លាប់ចាប់បានត្រីរាជមួយក្បាល ទម្ងន់ប្រហែល ១៣០គីឡូក្រាម។

ម៉ាត់ ណី បានឲ្យដឹងថា៖ «ខ្ញុំធ្លាប់ចាប់វានៅម៉ោង ១២ អាធ្រាត ក្នុងទន្លេមេគង្គ ដោយអួនព្រយុង។ មុនដំបូង ពេលដែលខ្ញុំទាញអួនឡើង ក៏ឃើញមានអ្វីចម្លែកខុសសព្វមួយដង វាវាយទឹកបែកខ្ចាយ។ ភ្លាមៗនោះ ខ្ញុំមានការភិតភ័យរន្ធត់ញ៉ាប់ញ័រយ៉ាងខ្លាំង និយាយគ្នាញ័រមាត់តតាត់ ព្រោះមិនដឹងច្បាស់ថាជាអ្វី។ គ្រប់ៗគ្នា មិនបានគិតថា វាត្រីរាជទេ ដោយនឹកស្មានថា ជាសត្វក្រពើទៅវិញ»។
ម៉ាត់ ណី បន្តទៀតថា៖ «ខ្ញុំគ្មានបំណងលក់-ដូរវាទេ ព្រោះវាជាស្តេចត្រី នេះបើយោងតាមជំនឿ និងទំនៀមទម្លាប់តាំងពីដូន-តាមក។ បើតាមជំនឿជនជាតិចាមយើង ការលក់-ដូរស្តេចត្រីប្រភេទនេះ នឹងនាំឲ្យរាសីដាក់ ធ្លាក់ខ្លួន និងជួបគ្រោះចង្រៃផ្សេងៗជាមិនខាន»។ ម៉ាត់ ណី បន្តទៀតថា៖ «និយាយតាមត្រង់ទៅចុះ ក្មេងៗអាយុត្រឹម២០ឆ្នាំ មិនស្គាល់ត្រីរាជផង តែខ្ញុំធ្លាប់បានឃើញគេចាប់បានកាលពីខ្ញុំនៅក្មេង ទើបស្គាល់វាថាជាត្រីរាជ»។
ក្រោយពីចាប់បានភ្លាម មិនបានប៉ុន្មាននាទីផង ម៉ាត់ ណី ក៏បានមូលមតិគ្នាជាមួយប្រពន្ធ-កូន ដោះត្រីរាជចេញពីអួនព្រយុង រួចលែងវាចូលទៅក្នុងទន្លេវិញ។ ម៉ាត់ ណី បានឲ្យដឹងទៀតថា៖ «ខ្ញុំបានលើកក្បាលវាកល់លើដីខ្សាច់ក្នុងទន្លេ រួចបន់ស្រន់សុំសេចក្តីសុខសប្បាយ តាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីសាសនា ហើយក៏មិនភ្លេចសុំពីត្រីរាជវិញ ដែលជាសេ្តចត្រី នូវកូនចៅ (ត្រីតូចៗ) មកជំនួស»។

រូបខាងឆ្វេង អ្នកស្រី ម៉ាត់ សូ ប្រពន្ធរបស់លោក ម៉ាត់ ណី និង អ្នកស្រី ណី រីណា ត្រូវជាកូន ព្រមទាំងចៅស្រីនៅកណ្តាល រូបកុមារីកាន់សៀវភៅ
ប្រពន្ធរបស់ម៉ាត់ ណី អ្នកស្រីម៉ាត់ សូ មានអាយុ ៦៣ឆ្នាំ បាននិយាយាថា៖ «កូនរបស់ខ្ញុំ បានទូរសព្ទមកប្រាប់ខ្ញុំថា ចាប់បានត្រីធំណាស់។ ភ្លាមៗ ខ្ញុំបានដឹងយ៉ាងច្បាស់ថា នោះពិតជាត្រីរាជ។ ខ្ញុំក៏បានប្រាប់ទៅប្តី និងកូនប្រសាររបស់ខ្ញុំតាមទូរសព្ទវិញថា ឲ្យលែងវាវិញទៅ។ តែអ្នកនេសាទជាមួយគ្នាចង់ឲ្យទុកវាសិន ដើម្បីឲ្យអ្នកភូមិបានឃើញផង តែខ្ញុំខ្លាចវាងាប់ ក៏បង្ខំចិត្តឲ្យលែងវាទៅ»។
អ្នកស្រី ណី រីណា អាយុ ២៤ឆ្នាំ ត្រូវជាកូនបង្កើតរបស់ ម៉ាត់ ណី និយាយថា៖« ខ្ញុំកំពុងតែលង់លក់ក្នុងដំណេកនៅលើផ្ទះបណ្តែតទឹក ស្រាប់តែឮសម្លេង ពុក និងប្តីរបស់ខ្ញុំ ស្រែកថា ត្រីធំណាស់ៗ ខ្ញុំក៏ភ្ញាក់ឡើងទាំងមមីមមើ ទាញទូរសព្ទទៅថត តែអកុសល ទូរសព្ទរបស់ខ្ញុំ មិនអាចថតរូបនាពេលយប់បាន។» រីណា បានបន្តទៀតថា៖ «ពួកយើងមានអារម្មណ៍ភ័យអរ ព្រោះមិនធ្លាប់បានឃើញត្រីរាជ។ បន្ទាប់ពីលែងវាហើយ ពួកយើងក៏នាំគ្នាជជែកលេងរហូតដល់ភ្លឺ មិនចូលគេងវិញទេ ព្រោះហាក់មិនអស់ចិត្ត។ ខ្ញុំក៏បានបន់ស្រន់សុំសេចក្តីសុខដែរ ដោយអង្អែលក្បាលវាមុននឹងលែង»។
ប៉ា ស៊ី អាយុ ២៥ឆ្នាំ ត្រូវជាប្តីរបស់ ណី រីណា និងត្រូវជាកូនប្រសាររបស់ ម៉ាត់ ណី និង ម៉ាត់ សូ ដែលជាអ្នកចាប់ត្រីរាជផ្ទាល់ដៃជាមួយឪពុកក្មេកបានឲ្យដឹងថា៖ «ខ្ញុំមិនធ្លាប់បានឃើញត្រីរាជទេពីមុនមក។ ពេលចាប់វាបាន ខ្ញុំមានអារម្មណ៍ភ័យអរៗ គិតថានឹងចងសណ្តោងវាមកអែបច្រាំង ដើម្បីឲ្យអ្នកស្រុកបានឃើញផងដែរ តែឪពុកក្មេកខ្ញុំប្រាប់ថា លែងវាទៅព្រោះខ្លាចវាងាប់»។

ត្រីរាជ ។ រូបភាព៖ ហ្សេប ហូហ្គេន
ត្រីរាជ Mekong giant catfish (Pangasianodon gigas) គឺជាប្រភេទត្រីដែលត្រូវបានចាត់ទុកថា រងគ្រោះជិតផុតពូជ។ ការនេសាទត្រីប្រភេទនេះ ត្រូវបានហាមឃាត់ដោយច្បាប់ជលផលរបស់ប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ជារៀងរាល់ឆ្នាំអំឡុងចុងខែតុលា និងដើមខែធ្នូ ត្រីប្រភេទនេះ មួយចំនួន តែងត្រូវបានចាប់ដោយឧបករណ៍នេសាទ «ដាយត្រី» និងលួចលក់ចេញយ៉ាងឆាប់រហ័ស ទៅឲ្យឈ្មួញកណ្តាលដែលនឹងធ្វើការនាំចេញទៅប្រទេសថៃ និងវៀតណាម។
ប៉ុន្តែ ក៏មានអ្នកនេសាទមួយចំនួនផងដែរ ដែលមានជំនឿលើត្រីរាជ ហើយក៏ធ្លាប់លែងវាវិញ បន្ទាប់ពីពួកគេចាប់បាន ករណីដូចគ្រួសារអ្នកនេសាទ ម៉ាត់ ណី ជាដើម។
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

