
ភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់ឲ្យពលរដ្ឋ កុំមានការព្រួយបារម្ភរឿងចល័តកម្លាំង នៅថ្ងៃទី១២ កក្កដា។ ការចល័តកងកម្លាំងនេះ ត្រូវបញ្ជូនទៅចូលរួមប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ទិវាកងរាជអាវុធហត្ថ នៅខេត្តស្វាយរៀង។
អ្នកនាំពាក្យកងរាជអាវុធហត្ថលោក អេង ហ៊ី បាននិយាយថា មូលហេតុនៃការចល័តកម្លាំងនេះ ព្រោះទទួលបានការអនុញ្ញាតពីខាងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ សម្រាប់ការបញ្ជូនកម្លាំងទៅចូលរួមខួបអនុស្សាវរីយ៍លើកទី២៥ ទិវាកងរាជអាវុធហត្ថ ដោយមានការដឹងឭ ពីខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអាជ្ញាធរពាក់ព័ន្ធផងដែរ។ លោក អេង ហ៊ី បានបន្ថែមថា ការចល័តទ័ពនេះ គ្មានគោលបំណងគំរាមកំហែងដល់ពលរដ្ឋ នៅក្នុងអំឡុងពេលបោះឆ្នោតនេះទេ។ លោក អេង ហ៊ី ប្រាប់ឲ្យពលរដ្ឋ កុំព្រួយបារម្ភរឿងចល័តកម្លាំងនេះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យកងរាជអាវុធហត្ថរូបនេះ បានបកស្រាយដូច្នេះថា៖«ការចល័តនេះ គឺយើងមិនមែនចល័តឲ្យគេឃើញទេ គឺធ្វើឲ្យឃើញនៅពេលយប់ ហើយការជូនដំណឹងនេះ គឺដើម្បីកុំឲ្យមានការភាន់ច្រឡំ។ យើងក៏បានជូនដំណឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ហើយការប្រកាសជូនព័ត៌មាននេះ គឺសម្រាប់ឲ្យសាធារណជនទាំងអស់ ដើម្បីឲ្យគាត់យល់ជ្រាប ។ ហើយការចល័តទ័ពទាំងនេះ គឺគ្មានអាវុធទេ។ កងរាជអាវុធហត្ថ គឺជាកម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ អត់មានគោលបំណងគំរាមកំហែងទេ»។
កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងបញ្ចូនកងកម្លាំង៨០០នាក់ ទៅចូលរួមប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ទិវាកងរាជអាវុធហត្ថ និងការសម្ពោធបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក្នុងខេត្តស្វាយរៀង នៅថ្ងៃទី១៤ កក្កដា។ ប៉ុន្តែការចល័តកម្លាំងនេះ គឺត្រូវរៀបចំចេញពីភ្នំពេញ នៅយប់ថ្ងៃទី១២ កក្កដា។ នេះជាការបញ្ជាក់របស់លោក អេង ហ៊ី ដែលបានពន្យល់ថា ការរៀបចំខួបអនុស្សាវរីយ៍កងរាជអាវុធហត្ថនេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកដល់ថ្ងៃកំណើតរបស់កងរាជអាវុធហត្ថ នៅថ្ងៃទី១៤ កក្កដា ១៩៩៣៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

