រតនគិរី៖ ជនជាតិដើមភាគតិច ដែលរស់នៅស្រុកអូរជុំ ខេត្តរតនគិរី បានងាកមកប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យវិញ ក្រោយអង្គការភ្លែនអន្តរជាតិកម្ពុជា បានចុះផ្សព្វផ្សាយ និងអប់រំ។ ក្នុងគម្រោងទឹកស្អាត និងអនាម័យនេះ អង្គការភ្លែនបានផ្តល់ទៅតាមសហគមន៍ និងសាលារៀន ដែលនៅតាមជនបទដាច់ស្រយាល។ លោក ធីន ធី បុគ្គលិកគម្រោងទឹកស្អាត និងអនាម័យនៃអង្គការភ្លែន បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ បានកែប្រែទម្លាប់របស់ខ្លួន ទាំងការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យ។ បើតាមលោក ធីន ធី ពីមុននៅតាមផ្ទះរបស់ប្រជាពលរដ្ឋនៅតំបន់នេះ មិនមានបង្គន់អនាម័យនោះទេ ដោយពួកគាត់បន្ទោរបង់គ្មានសណ្ដាប់ធ្នាប់ ដែលបង្កជាជំងឺផ្សេងៗ។
រយៈពេល២ឆ្នាំហើយ ដែលអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International) បានអនុវត្តគម្រោងរបស់ខ្លួននៅឃុំចំនួន ៧ ក្នុងស្រុកអូរជុំ នៃខេត្តរតនគិរី។ គម្រោងទឹកស្អាត និងអនាម័យនេះ ធ្វើឡើងក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនៃការរួចជីវិតរបស់កុមារ និងមានសុខមាលភាពនៅក្នុងខេត្តរតនគិរី តាមរយៈការកាត់បន្ថយជំងឺទាក់ទងនឹងទឹកស្អាត និងអនាម័យ។
គម្រោងនេះ បានបញ្ជ្រាបការយល់ដឹងនៅតាមសាលារៀន និងនៅតាមសហគមន៍ ដល់ប្រជាពលរដ្ឋជន ជាតិដើមភាគតិច ឲ្យបានយល់ពីសារៈសំខាន់នៃទឹកស្អាត និងបង្គន់អនាម័យ។ ជនជាតិដើមភាគតិចគ្រឹងក្នុងភូមិល្អក់ ឃុំល្អក់ ក្នុងស្រុកអូរជុំ ក៏បានផ្លាស់ប្ដូរទម្លាប់ និងឥរិយាបថ ដោយងាកមកបរិភោគទឹកស្អាត និងបង្គន់អនាម័យវិញ។ ក្រោយប្រើប្រាស់ទឹកស្អាត និងការសាងសង់បង្គន់អនាម័យនៅតាមផ្ទះរៀងៗខ្លួនរួចមក ប្រជាពលរដ្ឋនៅទីនេះ លែងជួបប្រទះបញ្ហាប្រឈមទៀតហើយ៕
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ធីន ធី បុគ្គលិកគម្រោងទឹកស្អាត និងអនាម័យនៃអង្គការភ្លែនអន្តរជាតិកម្ពុជាដូចតទៅ៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com