សម្ដេច ហ៊ុន សែន ៖ គ្មាន​ការ​វិនិយោគឯកជន​ណាមួយ​នៅ​បឹង​យក្ស​ឡោម​ឡើយ​

30/11/-0001 12:00 am រតនគីរី

​រតនៈគិរី​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ច្រានចោល​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា រដ្ឋាភិបាល​ប្រគល់​បឹង​យក្ស​ឡោម ឲ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​។



​សម្ដេច ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច នៅ​ថ្ងៃទី​៣​ខែកក្កដា​នេះ​ថា​៖«​ខ្ញុំ​បាន​មើល​សារព័ត៌មាន​រស្មី​កម្ពុជា​ដែល​បានសរសេរថា {​រដ្ឋាភិបាល​នឹងដាក់​បឹង​យក្ស​ឡោម​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​រយៈពេល ៧៥​ឆ្នាំ​}​។ តើ​អ្នកណា​បង្កើត​រឿង​បែបនេះ​ឡើង​ដើម្បី​អ្វី​?»​។​

​មិនថាតែ​ក្រុមហ៊ុន​ចិន​នោះទេ ទោះ​ក្រុមហ៊ុន​ឯកជន​ណាក៏ដោយ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​វិនិយោគ​រមណីយដ្ឋាន​បឹង​យក្ស​ឡោម​នេះដែរ​។ សម្ដេច ហ៊ុន សែន បាន​អះអាង​ដូច្នេះ​ថា​៖«​ក្នុងឋានៈ​ជា​ប្រមុខ​រដ្ឋាភិបាល ខ្ញុំ​សុំ​ទាត់ចោល​ទាំងស្រុង​នូវ​ការ​វិនិយោគឯកជន​ណាមួយ​មកលើ​បឹង​ធម្មជាតិ​ដ៏​សំខាន់​នេះ ទោះ​ក្រុមហ៊ុន​នោះ​មកពី​ប្រទេស​ណាក៏ដោយ​»​។​

ជុំវិញ​បញ្ហា​នេះ មន្ត្រី​របស់​មន្ទីរ​ទេស​ចរណ៍​ខេត្តរតនគិរី អះអាងថា ពិត​ជាមាន​ក្រុមហ៊ុន​ចិន​ស្នើ​គម្រោង​នៅ​បឹង​យក្ស​ឡោម​នេះ​ប្រាកដ​មែន និង​ត្រូវបាន​គណៈ​អភិបាលខេត្ត​ពិនិត្យ​សំណើរ តែ​មិនទាន់មាន​ការអនុម័ត​យល់ព្រម​ណាមួយ​ឡើយ​។ មន្ត្រី​រូបនោះ​បាន​ប្រាប់​ដូចនេះ ក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រសួងទេសចរណ៍ នៅថ្ងៃនេះ​។​

​គួរ​បញ្ជាក់ថា នៅ​ខែមិថុនា​ឆ្នាំ​២០១៨​នេះ រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ដាក់​រមណីយដ្ឋាន​បឹង​យក្ស​ឡោម ជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង លើ​ផ្ទៃដី ២២៥​ហិកតា ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី​។ អនុក្រឹត្យ​នេះ​មាន​គោលបំណង​ធានា​ការថែទាំ​ទីជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី ការពារ និង​អភិរក្ស​ធម្មជាតិ ព្រមទាំង​សម្រាប់​ផ្ដល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ដោយ​និរន្តរភាព ជាដើម​៕

ព័ត៌មានទាក់ទង