ឧត្តរមានជ័យ៖ កំណាត់ផ្លូវជាតិលេខ ៥៨ ប្រវែង ១៧៤គីឡូម៉ែត្រ ដែលតភ្ជាប់ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ គ្រោងបញ្ចប់ការសាងសង់នៅក្នុងខែធ្នូឆ្នាំនេះ។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះមានប្រវែង ១៧៤គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រ ដែលត្រូវសាងសង់ក្រោមកម្ចីពីប្រទេសចិន រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាល សរុបប្រមាណ ១២២លានដុល្លារអាមេរិក។ ផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់តាំងពីពាក់កណ្ដាលឆ្នាំ២០១៥ និងគ្រោងបញ្ចប់នៅថ្ងៃទី១០ខែធ្នូឆ្នាំ២០១៨នេះ។
ផ្លូវនេះតភ្ជាប់ចេញពីផ្លូវជាតិលេខ៥ នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ការសាងសង់ផ្លូវនេះគ្រោងបញ្ចប់តាមផែនការ គឺនៅចុងឆ្នាំនេះ បើទោះបីជាមានបញ្ហាបច្ចេកទេសខ្លះ។ បន្ទាប់ពីពិនិត្យឃើញកំហុស រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានតម្រូវឲ្យក្រុមហ៊ុនម៉ៅការសាងសង់របស់ចិន ត្រូវកែសម្រួលបច្ចេកទេសមួយចំនួន ដើម្បីធានាឲ្យផ្លូវជាប់រឹងមាំ។
ផ្លូវមួយខ្សែនេះ មិនត្រឹមតែតភ្ជាប់រាជធានី ខេត្តមួយចំនួន ទៅខេត្តឧត្តរមានជ័យប៉ុណ្ណោះទេ តែជាផ្លូវដ៏សំខាន់សម្រាប់សម្រួលការធ្វើដំណើរ និងដឹកជញ្ជូនក្នុងតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com