សៀមរាប៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា បានដាក់ដំណើរការលើគម្រោង «ក្មេងស្រីដឹកនាំ» នៅខេត្តគោលដៅចំនួន៣ មានខេត្តសៀមរាប ស្ទឹងត្រែង និងរតនគិរី។ គម្រោងនេះមានបំណងដើម្បីជំរុញកុមារី និងស្ដ្រីវ័យក្មេង ចូលរួមពង្រឹងការគៀងគរសកម្មភាព ក្នុងការកសាងសមភាពយេនឌ័រ និងសំឡេងរបស់ពួកគេត្រូវបានផ្តល់តម្លៃ ក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិត។ តាមរយៈគម្រោងនេះដែរ បានជួយឱ្យក្មេងស្រី ឱ្យមានភាពក្លាហាន និងស្គាល់ពីតម្លៃខ្លួនឯង ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។
ពិធីប្រកាសបើកដំណើរការគម្រោង ក្មេងស្រីដឹកនាំ ឆ្នាំ២០១៨-២០២៣ របស់អង្គការភ្លែនអន្ដរជាតិកម្ពុជា ធ្វើឡើងដោយមានការចូលរួមពីស្ដ្រី និងកុមារី នៅឃុំ-ស្រុកគោលដៅ ទាំង២៧របស់ខេត្តសៀមរាប។ ក្នុងពិធីបើកនៅសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ មិថុនា លោក ហង់ បូណា ប្រធានតំបន់ប្រតិបត្តិការកម្មវិធីខេត្តសៀមរាប បានលើកឡើងថា គម្រោងនេះបង្កើតឡើងតាមរយៈការពិនិត្យមើលទៅលើស្ថានភាពរបស់កុមារនៅតាមខេត្តគោលដៅមួយៗ។ លោកបន្ថែមថា ស្ថានភាពទាក់ទងនឹងការរស់នៅ ការអប់រំ ការចូលរួម និងភាពជាអ្នកដឹកនាំរបស់កុមារីក្នុងខេត្តមួយៗមានលក្ខណៈមិនដូចគ្នាទាំងស្រុងទេ ដោយសារកត្ដាភូមិសាស្ដ្រ ភាសានិយាយ ទំនៀមទម្លាប់ និងជំនឿ។
យ៉ាងណាក៏ដោយ លោក ហង់ បូណា លើកឡើងថា ទោះនៅតំបន់ផ្សេងគ្នា តែក្មេងស្រីទាំងនោះ មានក្ដីស្រម៉ៃ និងបំណងប្រាថ្នាមិនខុសគ្នាឡើយ ពោលគឺចង់ឃើញថា ខ្លួនទទួលបានការអប់រំខ្ពស់ មានសមត្ថភាពឆ្ពោះទៅរកតួនាទីជាអ្នកដឹកនាំដូចបុរសនៅក្នុងសង្គមដែរ។
កុមារី រិទ្ធ ដែលទទួលបានការបណ្ដុះបណ្តាលក្នុងគម្រោងក្មេងស្រីដឹកនាំរបស់អង្គការភ្លែន បាននិយាយថា នាងបានចូលរួមក្នុងគម្រោងប្រមាណកន្លះឆ្នាំមកហើយ និងបានធ្វើឱ្យនាងមានការផ្លាស់ប្ដូរច្រើន។ ផ្លាស់ប្ដូរព្រោះថា នាងអាចពន្យល់ និងលើកហេតុផលផ្សេងៗប្រាប់ឳពុកម្ដាយ នៅពេលប្រាប់នាងឱ្យឈប់រៀន។ រិទ្ធ មានស្រុកកំណើតនៅសង្កាត់នគរធំ ហើយទីនោះមិនមានក្មេងស្រីច្រើនទេ ដែលរៀនសូត្របានថ្នាក់ខ្ពស់។ «ខ្ញុំបានប្រាប់ម្ដាយខ្ញុំថា មានអង្គការច្រើនដែលគេជំរុញឱ្យក្មេងស្រីបានចូលរៀន ដល់ពេលម៉ែមិនឱ្យខ្ញុំរៀន ពេលខ្ញុំមានប្ដីមានគ្រួសារទៅ ខ្ញុំអត់ការងារធ្វើ វាបង្កការលំបាកដល់ខ្ញុំ ដល់កូនខ្ញុំ ដែលត្រូវមានម្ដាយរៀនសូត្របានតិច ហើយកូនខ្ញុំក៏នឹងជួបបញ្ហានេះដូចគ្នាទៀត»។ នេះជាការលើកឡើងរបស់កុមារី រិទ្ធ។
សម្រាប់ រិទ្ធ នាងយល់ថា តាមរយៈគម្រោងក្មេងស្រីដឹកនាំ បានជួយឱ្យកុមារី មានសមត្ថភាពក្នុងការដឹកនាំ កុំឱ្យភ័យខ្លាច និងតទល់ចំពោះការនិយាយថា ស្ដ្រីបង្វិលចង្ក្រានមិនជុំ។ នាងថា គម្រោងនេះបានបង្ហាញពីសមភាពយេនឌ័រ ធ្វើឱ្យកុមារីមានភាពក្លាហានជាងមុនក្នុងការចូលរួមអភិវឌ្ឍសង្គម។
គួរបញ្ជាក់ថា ការដាក់ដំណើរការគម្រោងក្មេងស្រីដឹកនាំរបស់អង្គការភ្លែនអន្ដរជាតិកម្ពុជា មានរយៈពេល៥ឆ្នាំ គឺពីឆ្នាំ២០១៨ ដល់២០២៣ នៅខេត្តគោលដៅទាំង៣ ដោយក្នុងនោះ សៀមរាបមាន៤ស្រុក និងឃុំ ២៣ ស្ទឹងត្រែង មាន៣ស្រុក និង១៣ឃុំ និងខេត្តរតនគិរី មាន៥ស្រុក និង១៦ឃុំ ដែលសរុបទាំងអស់ មានស្រុក ១២ និងឃុំ ៥២៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com