
ប៉ៃលិនជាខេត្តមួយក្នុងចំណោម២៨ក្រសួងរាជធានី-ខេត្ត ដែលមិនទទួលបានមេដាយពីការប្រកួតកីឡាជាតិលើកទី២ឆ្នាំនេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទន្ទឹមនឹងសរសើរក្រសួងរាជធានីខេត្តដែលទទួលបានមេដាយមាស បានជំរុញឲ្យខេត្តប៉ៃលិនបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសាងស្នាដៃក្នុងព្រឹត្តិការណ៍កីឡាជាតិនាឆ្នាំ២០២០។
នាពិធីបិទការប្រកួតកីឡាជាតិលើកទី២កាលពីថ្ងៃទី៤ ខែមិថុនា នៅពហុកីឡដ្ឋានជាតិ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យរដ្ឋបានខេត្តប៉ៃលិនបង្កើនការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអភិវឌ្ឍវិស័យកីឡារបស់ខ្លួន។ ការជំរុញរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជារូបនេះ ធ្វើឡើងបន្ទាប់ពីខេត្តនេះមិនទទួលបានមេដាយពីការប្រកួតកីឡាជាតិនៅឆ្នាំនេះ។ សម្តេចរំពឹងថា ខេត្តនៅប៉ែកបច្ចឹមប្រទេសមួយនេះនឹងអាចដណ្តើមមេដាយបានពីការប្រកួតកីឡាជាតិនៅឆ្នាំ២០២០។
«អម្បាញ់មិញឯកឧត្តម ហង់ ជួនណារ៉ុន ក៏បានលើកឡើងទាក់ទងនឹងរាជធានី-ខេត្ត និងស្ថាប័ន ដែលដណ្តើមបានមេដាយច្រើន។ ប៉ុន្តែ យើងក៏បានឃើញនៅមានខេត្តមួយដែលមិនទាន់ទទួលបានមេដាយមួយណាសោះ គឺខេត្តប៉ៃលិន។ សង្ឃឹមថា នៅឆ្នាំ២០២០ ខេត្តប៉ៃលិន នឹងបង្កើតឡើងនូវស្នាដៃ ដើម្បីយកមេដាយណាមួយ ទោះបីមេដាយនោះជាមេដាយមាស ប្រាក់ ឬសំរឺទ្ធក៏ដោយ»។ នេះជាលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទន្ទឹមនឹងសរសើរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំពោះការបញ្ជូនអត្តពលិកលើកដំបូងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ប្រមុខរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា ការប្រកួតកីឡាជាតិនាឆ្នាំ២០២០ខាងមុខ នឹងមានស្ថាប័នថ្មីៗជាច្រើនទៀត បញ្ជូនអត្តពលិករបស់ខ្លួនចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ជាមួយគ្នានេះ សម្តេចជំរុញឲ្យក្រសួងរាជធានី-ខេត្ត ខិតខំពង្រឹង និងពង្រីកវិស័យកីឡាតាមមូលដ្ឋាន គ្រឹះស្ថាន និងសាលារៀនឲ្យកាន់តែទូលំទូលាយ និងល្អប្រសើរជាងមុន។
សម្តេចបន្ថែមថា៖«ខ្ញុំសង្ឃឹមថា តាមភូមិឃុំ នឹងខិតខំរៀបចំផ្នែកកីឡានេះឲ្យមានការរីកចម្រើន យើងមិនត្រូវរង់ចាំតែសាលាកីឡានោះទេ។ ជាក់ស្តែងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនមានមូលដ្ឋានកីឡារបស់ខ្លួននោះទេ។ ក៏ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងហ្វឹកហាត់នឹងកន្លែងដែលមាននិងសមស្រប ជួយឲ្យស្ថាប័ននេះទទួលបានជោគជ័យសម្រាប់ការប្រកួតនៅលើកនេះ»។
តាមរយៈព្រឹត្តិការណ៍កីឡាជាតិនេះ សម្តេច ហ៊ុន សែន សង្ឃឹមថា កម្ពុជានឹងដណ្តើមបានមេដាយច្រើនជាងគេសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទន្ទឹមនឹងនេះ សម្តេចជំរុញឲ្យកីឡាករកីឡាការិនី ដែលជោគជ័យនៅលើកនេះបង្កើនការហ្វឹកហាត់ ហើយអ្នកចាញ់បន្តការខិតខំបន្ថែមទៀត។ សម្តេចបានលើកជាទ្រឹស្តីថា៖«ទ្រឹស្តីយោធាបានលើកឡើងថា បើអ្នកមិនប្រឹងបង្ហូរញើសនៅលើទីលានហ្វឹកហាត់ អ្នកនឹងត្រូវហូរឈាមលើទីលានប្រយុទ្ធ។ សម្រាប់កីឡារបស់យើងវិញ បើអ្នកមិនខិតខំបង្ហូរញើសលើទីលានហ្វឹកហាត់ អ្នកនឹងបរាជ័យលើទីលានប្រកួត»។
ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ឆ្នាំនេះ មានកីឡាករកីឡាការិនីជាង៤ពាន់នាក់មកពី២៨ក្រសួងរាជធានីខេត្តចូលរួម។ អត្តពលិកទាំងនេះប្រកួតប្រជែងលើ២៧ប្រភេទកីឡា ដោយចាប់ផ្តើមប្រកួតចន្លោះពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

