សេ​ដាក ជំរុញ​ទុរេន និង​ទៀបបារាំង​ធម្មជាតិ​ខេត្តកោះកុង​មកលើ​ទីផ្សារ​កម្ពុជា​

30/11/-0001 12:00 am កោះកុង

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ២៩-៣០ ឧសភា​ខាងមុខនេះ អង្គការ​សេ​ដាក នឹង​នាំ​អ្នកសារព័ត៌មាន​ទស្សនកិច្ច​ក្នុង​ខេត្តកោះកុង ផ្ដោតទៅលើ​ដំណាំ​ទុរេន​សរីរាង្គ ទៀបបារាំង និង​បន្លែ​សរីរាង្គ​ផ្សេងៗ​។ ក្នុង​ដំណើរ​ទស្សនកិច្ច អង្គការ​សេ​ដាក នឹង​ជំរុញ​ផ្លែ​ទុរេន ទៀបបារាំង​សរីរាង្គ​ដែល​ដាំ​ដុះ​ដោយ​ធម្មជាតិ មកលើ​ទីផ្សារ​កម្ពុជា​។​



​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ អង្គការ​សេ​ដាក ចង់​បង្កើន​ការយល់ដឹង​ពី​កសិកម្មសរីរាង្គ ដែល​កសិករ​កំពុង​អនុវត្ត​នៅ​មូលដ្ឋាន និង​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​កសិកម្មសរីរាង្គ​។ ក្រៅពីនេះ សេ​ដាក ចង់​បង្កើន​កសាង​ទំនុកចិត្ត​កសិករ​លើ​ការអនុវត្ត​កសិកម្មសរីរាង្គ និង​ផ្សព្វផ្សាយ​ពី​កសិផល​សរីរាង្គ​។



​លោក លីន គីម​ឆែ អ្នកសម្របសម្រួល​ផ្សារ​មូលដ្ឋាន​សេ​ដាក បាន​លើកឡើងថា ក្នុង​តំបន់​ថ្មបាំង ស្ថានភាព​ដី និង​អាកាសធាតុ​មាន​លក្ខណៈ​ល្អ ដែល​ប្រជាពលរដ្ឋ​នៅ​ទីនោះ ដាំ​ដុះ​តាមបែប​ធម្មជាតិ ដោយ​គ្មាន​សារធាតុ​គីមី​។ អ្នកសម្របសម្រួល​រូបនេះ បន្ថែមទៀតថា រសជាតិ​ដំណាំ​សរីរាង្គ​ក្នុង​តំបន់​នេះ មាន​រសជាតិ​ឆ្ងាញ់ និង​ខុសប្លែក​ពី​តំបន់​នានា​នៅ​កម្ពុជា​។

​បើតាម​លោក លីន គីម​ឆែ អង្គការ សេ​ដាក មាន​គម្រោង​ជំរុញ​អត្តសញ្ញាណ​ផលិតផល​សរីរាង្គ (Brand) ក្នុង​តំបន់​ថ្មបាំង ខេត្តកោះកុង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ រួមទាំង​ភ្ញៀវទេសចរ​អន្តរជាតិ ស្គាល់​ផលិតផល​ក្នុង​តំបន់​ថ្មបាំង​។ តំបន់​ថ្មបាំង នៃ​ខេត្តកោះកុង ជា​តំបន់​ដែលមាន​សក្ដានុពល​កសិក​ម្ម និង​សក្ដានុពល​ទេសចរណ៍​ថ្មី នៅ​កម្ពុជា​៕







ព័ត៌មានទាក់ទង