ក្រសួង​៤​លើក​ហេតុផល​ផ្សេងគ្នា ចំពោះ​ករណី​ពលរដ្ឋ​ពុល​ទឹក​នៅ​ខេត្តក្រចេះ​

30/11/-0001 12:00 am ក្រចេះ

​ក្រចេះ​៖ ក្រសួង​ចំនួន​៤ បាន​លើក​ហេតុផល​ផ្សេងៗ​គ្នា ចំពោះ​ករណី​ប្រជាពលរដ្ឋ​ពុល​ទឹក​ព្រែក​ទេរ នៅ​ខេត្តក្រចេះ ដែល​បណ្ដាល​ឲ្យ​ស្លាប់​១៣​នាក់ និង​សង្គ្រោះបន្ទាន់​ជិត ២០០​នាក់​។ ហេតុផល​របស់​ក្រសួង​ទាំង​៤​នេះ គ្មាន​ចំណុចរួម​ឡើយ​។



​ការ​ទាញហេតុផល​នៃ​ក្រសួង​ទាំង ៤​នេះ នៅតែមាន​មន្ទិលសង្ស័យ​ពី​សាធារណៈជន​នៅឡើយ​ថា តើ​នៅក្នុង​ទឹក​ព្រែក​ទេរ​ខេត្តក្រចេះ បណ្ដាលមកពី​សារធាតុ​អ្វី​ឲ្យ​ពិតប្រាកដ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពុល ក្រៅពី​ស្រា​សមាន​សារជាតិ​មេ​តា​ណុល​កម្រិត​ខ្ពស់​? មកដល់ពេលនេះ មិនទាន់មាន​ហេតុផល​ពិតប្រាកដ​អំពី​សារធាតុពុល​ក្នុង​ទឹក ដែល​អាច​ឲ្យ​ពលរដ្ឋ​ជឿជាក់​ឡើយ​។​

​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ ធ្លាប់បាន​លើកឡើងថា អ្នកជំនាញ​របស់លោក បាន​ស្រាវជ្រាវ​រកឃើញ​សារធាតុពុល​ក្នុង​ទឹក​មាន​ជាតិ «​ហ្សា​នី​ត​» ដែល​ក្រុម​អ្នករក​រ៉ែ​មាស​យកមកប្រើ ដើម្បី​សម្អាត​មាស​នៅ​ខេត្តមណ្ឌលគិរី ដោយ​ពួកគេ​ប្រើប្រាស់​ទាំង​គ្មាន​ប្រព័ន្ធ​ការពារ ទើប​នៅពេល​មាន​ភ្លៀង សារធាតុ​ហ្សា​នី​ត​នេះ វា​ហូរ​ចូលទៅក្នុង​ព្រែក​ទេរ​។ បើតាម​លោក ចម ប្រសិទ្ធ ដោយសារ​សារធាតុ​ហ្សា​នី​ត​នៅក្នុង​ទឹក​នេះ ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​អា​ការពុល​កន្លងមក​។

​ផ្ទុយ​ពី​ការលើកឡើង​របស់លោក ចម ប្រសិទ្ធ ខាង​លើង​នេះ រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម បាន​និយាយថា គ្មាន​សារធាតុ​គីមី ស្យា​នី​ត នៅក្នុង​ទឹក​ព្រែក​ទេរ​ឡើយ ដោយសារតែ​ក្រុមហ៊ុន​រុករក​រ៉ែ ដែលមាន​អាជ្ញា​បណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី និង​ខេត្តក្រចេះ មិនទាន់​បានធ្វើ​អាជីវកម្ម​នៅឡើយ​។ លោក ស៊ុយ សែម បាន​លើក​ហេតុផល​ថា ករណីនេះ​បណ្តាលមកពី​ថ្នាំពុល​សម្លាប់​សត្វល្អិត ថ្នាំ​សម្លាប់​ស្មៅ និង​ករណី​មួយចំនួនទៀត គឺ​បណ្តាលមកពី​ពុល​ស្រា ។ ចំណែក​ក្រសួងបរិស្ថាន មិនទាន់​ហ៊ាន​វាយតម្លៃ​លើ​ករណី​ខាងលើនេះ ដោយ​កំពុង​វិភាគ​លើ​បញ្ហា​ទឹក និង​តាមដាន​លើ​ទឡ្ហីករណ៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម រួមជាមួយ​ក្រសួង​រ៉ែ និង​ថាមពល​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សុវណ្ណ នៅតែ​អះអាង​ដដែល​ថា ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ ពុល​ទឹក និង​ស្រាស ដែលមាន​សារធាតុ​មេ​តា​ណុល​កម្រិត​ខ្ពស់​។ តាម​ការផ្ដល់​បទ​សម្ភា​ស​ដល់​សារព័ត៌មាន​ថ្មីៗ លោក លី សុវណ្ណ មិនអាច​វាយតម្លៃ ចំពោះ​ការស្រាវជ្រាវ​របស់​ក្រសួង​ខាងលើ​ទេ​។ លោក គ្រាន់តែ​លើកឡើងថា ក្រសួង​រ៉ែ​និង​ថា​ម និង​ក្រសួងបរិស្ថាន មាន​ជំនាញ​ជាង​ក្នុង​កិច្ចការ​ស្រាវជ្រាវ​រកសា​រ​ធាតុ​ពុល​ក្នុង​ទឹក​។​

​ក្រសួងសុខាភិបាល ជា​ស្ថាប័ន​ព្យាបាល​អ្នកជំងឺ ដែល​ពុល​ទឹក និង​ស្រា​សមាន​កម្រិត​មេ​តា​ណុល​កម្រិត​ខ្ពស់ ហើយ​មិនមាន​អ្នកជំនាញ​ស្រាវជ្រាវ​រក​សារធាតុពុល​ក្នុង​ទឹក​ទេ ។ សម្រាប់​ជំនាញការ​ស្រាវជ្រាវ​រក​សារធាតុពុល​ក្នុង​ទឹក ឲ្យ​បានជា​ក់លាក់​នោះ គឺមាន​ក្រសួង​ដទៃ​ប៉ុណ្ណោះ​។ នេះ​បើតាម លោក លី សុវណ្ណ ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ផ្អាក​ប្រើប្រាស់​ទឹក និង​ផឹក​ស្រាស​បន្តទៀត ដោយ​រង់ចាំ​ការស្រាវជ្រាវ​ពិស្ដារ និង​ការវិភាគ​រក​សារធាតុ​ពុល​ក្នុង​ទឹក​ពី​ក្រសួង​ពាក់ព័ន្ធ​សិន​៕

ព័ត៌មានទាក់ទង