« រលុះ​ធំ » ជា​គោលដៅ​ទេសចរណ៍​ថ្មី​មួយទៀត​របស់​អ្នក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

30/11/-0001 12:00 am ឧត្តរមានជ័យ

​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ទូង សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង រមណីយដ្ឋាន​ធម្មជាតិ «​រលុះ​ធំ​» លើ​ផ្ទៃដី​៤​គីឡូម៉ែត្រ​ការ៉េ បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មី​មួយទៀត នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ជាប់​ព្រំដែន​ថៃ​។ សម្រស់​ «​រលុះ​ធំ​» បាន​ទាក់ទាញ​ទេសចរ​ជាច្រើន ជាពិសេស​ពលរដ្ឋ​នៅក្នុង​ខេត្ត និង​បណ្តា​ខេត្ត​ជិតខាង​។​
 
«​ព្រឹទ្ធាចារ្យ​ពីររូប បាន​ស្នើសុំ​អាជ្ញាធរ ដាក់បញ្ចូល​រមណីយដ្ឋាន​នេះ ជា​ប្រភេទ​រមណីយដ្ឋាន​ថ្នាក់​ខេត្ត តាំងពី​ឆ្នាំ​២០១៤​មក​»​។ នេះ​ជាការ​អះអាង​របស់​អ្នកស្រី ធិ​ន​នី មុន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​


 
​អ្នកស្រី មុន្នី​រស្មី បាន​ថ្លែង​សារព័ត៌មាន ThmeyThmey ថា កន្លងមក ពលរដ្ឋ​ធ្វើដំណើរ​ទៅមក​ហួស ដោយសារ​ផ្លូវ​មាន​ស្ថានភាព​ពិបាក​។ ក្រោយមក ក្រុមហ៊ុន​មួយ​របស់​ចិន បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ធ្វើ​ផ្លូវ​កៅស៊ូ ដោយ​ពុះ​កាត់ ចំ​កណ្តាល​តំបន់ រលុះ​ធំ ដែល​បានធ្វើ​ឲ្យ​អ្នកដំណើរ​មានការ​ចាប់អារម្មណ៍ ចូលទៅ​ទស្សនា​ច្រើន​។​


 
​ប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ បាន​បន្ថែមថា បច្ចុប្បន្ន រមណីយដ្ឋាន​ធម្មជាតិ​រលុះ​ធំ ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ផងដែរ​នៅក្នុង​ខេត្ត ក្រៅពី​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ សារមន្ទីរ​ផ្ទះ​តា​ម៉ុក និង ប្រាសាទ​តា​មាន់​-​តា​ក្របី ជាដើម​។​


 
​លោក អ៊ូ សុខសាន្ត គ្រូបង្រៀន​ម្នា​ក់នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដែល​ធ្លាប់​បម្រើការ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ សំដែង​ការរីករាយ​ចំពោះ​អាជ្ញាធរខេត្ត ដែល​បានរៀបចំ​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ដូចជា​ការលើក​ស្លាកស​ម្គា​ល់​តំបន់​ទេសចរណ៍​ដី​រលុះ​ធំ ការរៀបចំ​សណ្តាប់ធ្នាប់ ការថែរក្សា​បរិស្ថាន និង​អនាម័យ​។ 


 
​លោក សុខសាន្ត បាន​កត់សម្គាល់ថា ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ សុទ្ធតែ​នាំគ្នា​សរសើរ​ពី​ភាពស្រស់ស្អាត និង​ទាក់ទាញ​។ «​ពិតជា​ប្លែក​ភ្នែក ហើយ​នេះ​គឺជា​រមណី​ដ្ឋា​ន​ធម្មជាតិ ដែល​មិន​ធ្លាប់មាន​ពីមុនមក​»​។  គាត់​បាន​បន្ថែម​យ៉ាង​ដូច្នេះ ហើយ​បានស្នើ​ទៅ​អាជ្ញាធរ​ឲ្យ​យកចិត្តទុកដាក់​ផងដែរ​ចំពោះ​ប្រាសាទខ្នារ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​ដែល​នៅ​មិន​ឆ្ងាយ​ពី​នោះ​។ 


 
​នា​រយៈពេល​៣​ថ្ងៃ នៃ​ឱកាស​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ទេសចរ​ជាង​៥០០០​នាក់ បាន​ទៅ​ទស្សនា​រមណីយដ្ឋាន​រលុះ​ធំ ដែល​ក្នុងនោះ​មាន​បរទេស​ប្រមាណ​៣០​នាក់​ផងដែរ​។​



​បើតាម​ការបញ្ជា​ក់រប​ស់​អ្នកស្រី ធិ​ន​នី មុន្នី​រស្មី អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ កំពុង​ស្វែងរក​អ្នកជំនាញ សិក្សា​ស្រាវជ្រាវ ពី​តំបន់​ធម្មជាតិ​ដី​រលុះ​នេះ ដើម្បី​អភិវឌ្ឍន៍ និង​អភិរក្ស​វា​ឲ្យ​ក្លាយជា​តំបន់​មាន​សក្កា​នុព​ល​មួយ ប្រកបដោយ​ភាព​យូរអង្វែង ៕
 
 

ព័ត៌មានទាក់ទង