ឡសម្ងួត និងឃ្លាំងស្តុកស្រូវ កម្ពុជា-កូរ៉េ នៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវបានសម្ពោធឲ្យប្រើប្រាស់ កាលពីសប្ដាហ៍មុន។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយលើហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គម្រោងឃ្លាំងស្តុក និងឡសម្ងួតនេះ ត្រូវបានសាងសង់លើផ្ទៃដី ១៩៩៥ ម៉ែត្រក្រឡា និងចំណាយថវិកា ២,៨ លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ។ ឃ្លាំងស្តុកនេះ អាចស្តុកស្រូវបាន ៦០០តោន ហើយឡសម្ងួត មានសមត្ថភាពសម្ងួតស្រូវ ៨០ តោនក្នុងមួយថ្ងៃ។
គោលបំណង នៃជំនួយរបស់រដ្ឋាភិបាលកូរ៉េសម្រាប់គម្រោងនេះ គឺដើម្បីបង្កើនតម្លៃបន្ថែមនៃស្រូវ និងបង្កើនប្រាក់ចំណូលដល់កសិករ ក្នុងស្រុកបាធាយ សម្រាប់រយៈពេលវែង។
ឃ្លាំងស្តុក និងឡសម្ងួត ដែលជាកត្តាដំណោះស្រាយមួយ សម្រាប់វិស័យស្រូវអង្ករ កាន់តែលេចចេញជារូបរាងហើយ ក្នុងខេត្តមួយចំនួន។ កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលបានបញ្ចេញកម្ចីប្រមាណ ៣០លានដុល្លារ សម្រាប់គម្រោងឃ្លាំងស្តុក និងឡសម្ងួត ចំនួន៤កន្លែងក្នុងខេត្តចំនួន៤ ដែលហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាបណ្ដើរៗហើយ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com