មូលហេតុ​ពុល​នៅ​ក្រចេះ​៖ ទឹក មាន​ជាតិគីមី​ពុល ឯ​ស្រា ស មាន​ជាតិ​មេ​តា​ណុល

30/11/-0001 12:00 am ក្រចេះ

ជាតិគីមី​ពុល ដោយសារ​ថ្នាំ​បាញ់​ស្មៅ និង​សត្វល្អិត ដែល​ហូរ​ចូលក្នុង​ព្រែក​តេ​រ និង​អូរ​គគី គឺជា​មូលហេតុ​នៃ​ការពុល​ទឹក នៅក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​ចំណែកឯ​ករណី​ពុល​ស្រា ស គឺ​ដោយសារ​ពិសារ​ស្រា ស ដែលមាន​ជាតិ​មេ​តា​ណុល​ខ្ពស់​លើស​កម្រិត​។ នេះ​ជា​តាម​ការសន្និដ្ឋាន​រប​ស់​ក្រសួងសុខាភិបាល ដោយ​ផ្អែកលើ​លទ្ធផល​ពិសោធន៍ ពី​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល​ជាតិ និង​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​តិច​ណូ​។​

 
​ក្រសួងសុខាភិបាល ក៏បាន​បញ្ជាក់​ពី​តួលេខ​ជនរងគ្រោះ​ដោយ​ករណី​ពុល​នេះដែរ គឺ​ទាំង​ករណី​ពុល​ស្រា និង​ទឹក​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១៣​នាក់​ស្លាប់ ក្នុងនោះ​ស្រី​៨​នាក់​។ ក្រៅពីនេះ មាន​មនុស្ស​ចំនួន ២៧៣​នាក់ បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុងចំណោម​មនុស្ស​២៩៣​នាក់ ដែល​បាន​ពិគ្រោះ​ពី​បញ្ហា​សុខភាព ទាក់ទង​នឹង​ករណី​ពុល​នេះ​។ រហូតមកដល់​ពេលនេះ អ្នកជំងឺ​សម្រាក​នៅ​មន្ទីរពេទ្យ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញទៅ​ផ្ទះ​ចំនួន ១៣៩​នាក់​។​
 
​ក្រៅតែពី​បញ្ជាក់​ពី​លទ្ធផល​នៃ​ការធ្វើ​ពិសោធន៍ ក្រសួងសុខាភិបាល ក៏បាន​ហាម​ដាច់ខាត និង​បញ្ឈប់​ការ​ពិសារ​ស្រា ស ដែល​បិត និង​លក់​ស្រា ស នៅក្នុង​មូលដ្ឋាន​ដែល​មិនមាន​លក្ខណៈ​ត្រឹមត្រូវ​នៅតាម​មូលដ្ឋាន​កើតហេតុ​។ ហាម​ប្រើប្រាស់​ទឹក​ព្រែក​តេ​រ និង​ទឹកអូរ​គគី​បណ្តោះអាសន្ន នៅក្នុង​តំបន់​ដែល​កើតហេតុ ហើយ​អ្នកភូមិ ត្រូវ​ប្រើប្រាស់​ទឹកស្អាត​ដែល​ផ្គត់ផ្គង់​ដោយ​អាជ្ញាធរ​។ ជាមួយគ្នានេះ ក្រសួង​ក៏​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កើតហេតុ ត្រូវអនុវត្ត​អនាម័យ​ល្អ ពិសេស​ចូលរួម​អនុវត្ត​អនាម័យ​ចំណីអាហារ រស់នៅ និង​ហូប​ស្អាត​ផងដែរ​៕





ព័ត៌មានទាក់ទង