ករណីពុលទឹក៖ អាជ្ញាធរខេត្តក្រចេះ ជម្លៀសពលរដ្ឋដែលរស់នៅតំបន់កើតហេតុចេញពីភូមិ
ភ្នំពេញ៖ ក្រោយពីមានករណីពុលទឹក ដែលបណ្ដាលឲ្យមនុស្សស្លាប់នោះ អាជ្ញាធរខេត្តក្រចេះ បានសម្រេចជម្លៀសពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងភូមិកើតហេតុ ចេញទៅរស់នៅទីតាំងមានសុវត្ថិភាពបណ្ដោះអាសន្ន ដើម្បីដោះស្រាយស្ថានការណ៍នេះ។
អភិបាលរងខេត្តក្រចេះ លោក ប៉ែន លីណាត បាននិយាយថា មូលហេតុដែលនាំឲ្យអាជ្ញាធរសម្រេចចិត្ត ជម្លៀសពលរដ្ឋចេញពីទីតាំងកើតហេតុ គឺក្នុងគោលបំណងទប់ស្កាត់គ្រោះថ្នាក់ និងបញ្ចៀសបញ្ហាចំពោះពលរដ្ឋ។ លោក ប៉ែត លីណាត បានបន្ថែមថា អាជ្ញាធរជម្លៀសពួកគាត់ទៅកន្លែងសមរម្យ ដែលនៅមិនឆ្ងាយពីភូមិប៉ុន្មានទេ ដោយរៀបចំឲ្យមានការរស់នៅបណ្ដោះអាសន្ន តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងសម្ភារមួយចំនួន ពីសំណាក់អាជ្ញាធរខេត្ត។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អភិបាលរងខេត្តក្រចេះរូបនេះ បានបញ្ជាក់ដូច្នេះថា៖«យើងជម្លៀស និងសម្រួលឲ្យពួកគាត់ចេញពីភូមិសិន ដោយយើងដឹកទឹកប្រើប្រាស់ឲ្យពួកគាត់សិន ព្រោះយើងបានសន្និដ្ឋានជាបឋមថា ពួកគាត់អាចពុលដោយសារតែការប្រើប្រាស់ទឹកក្នុងភូមិ។ ហើយភូមិពួកគាត់ជាភូមិឧបសម្ព័ន្ធ ដែលស្ថិតនៅតាមដងព្រែកទេរ ដោយមានដែនដីតូចៗចាក់ចូលទៅក្នុងនោះ ហើយក្រុមគ្រូពេទ្យសន្និដ្ឋានបឋមថាមកពីការប្រើប្រាស់ទឹក។ ដូច្នេះបានជាយើងជួយសម្រួលរកកន្លែងសុវត្ថិភាពជូនពួកគាត់ ព្រោះពួកគាត់ក៏ជាជនជាតិភាគតិចផង ហើយមានជំនឿច្រើន ទើបជម្លៀសចេញ»។
លោក ប៉ែន លីណាត មិនទាន់អាចបញ្ជាក់ពីចំនួនគ្រួសារ ដែលអាជ្ញាធរបានជម្លៀសនោះទេ។ ប៉ុន្តែលោកបានបញ្ជាក់ថា ពលរដ្ឋដែលអាជ្ញាធរ សម្រួលចេញពីភូមិនោះ ភាគច្រើនគឺជាក្រុមគ្រួសាររបស់អ្នករងគ្រោះ ដោយសារការពុលទឹក ។ ក្រៅពីនេះពលរដ្ឋដែលខ្លាចរអានឹងបញ្ហានេះ ក៏សុំឲ្យអាជ្ញាធរជួយសម្រួលចេញផងដែរ។
មកដល់ពេលនេះ ពលរដ្ឋស្លាប់ដោយសារពុលទឹកកើនឡើងចំនួន១៣នាក់ ខណៈដែលពលរដ្ឋជាង១៣០នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ នេះបើតាមអភិបាលរងខេត្តក្រចេះ ដែលបានបន្ថែមថា អាជ្ញាធរខេត្តកំពុងយកចិត្តទុកដាក់តាមដានបញ្ហានេះ។
relate
ក្រសួងសុខាភិបាល បានដាក់ការសន្និដ្ឋានថា ពលរដ្ឋរងគ្រោះទាំងនោះ អាចបណ្ដាលមកពីការពុលស្រា និងសង្ស័យពុលទឹក ។ ការសន្និដ្ឋានរបស់សុខាភិបាលធ្វើឡើងក្រោយពីពិនិត្យទៅលើស្រា និងទឹកនៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។
ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងសុខាភិបាល បានប្រាប់ឲ្យពលរដ្ឋផ្អាកការប្រើប្រាស់ទឺកព្រែកទេរ ដែលស្ថិតនៅក្នុងតំបន់សង្ស័យនេះ មួយរយៈពេលសិន ដោយទទួលការផ្គត់ផ្គង់ទឹកស្អាតជំនួសវិញ។ ជាមួយគ្នានេះ ត្រូវបញ្ឈប់ការបិតស្រា និងការលក់ស្រាសនៅក្នុងមូលដ្ឋាន និងបង្កើនការអប់រំអនាម័យរស់នៅ និងការហូបស្អាតរបស់ប្រជាជន៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com