ក្រចេះ​៖ ករណី​ពុល​ទឹក និង​ពុល​ស្រា មាន​អ្នកស្លាប់​១១​នាក់ និង​អ្នកជំងឺ​១៣៤​នាក់​

30/11/-0001 12:00 am ក្រចេះ

​ក្រចេះ​៖ មកដល់ពេលនេះ ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ពុល​ទឹក និង​ពុល​ស្រា មាន​ចំនួន​ជាង​១៤០​នាក់​ហើយ ។ ក្រសួងសុខាភិបាល កំពុង​តាមដាន​បញ្ហា​នេះ​។​



​ករណី​សង្ស័យ​ពុល​ទឹក និង​ស្រា​នៅ​ខេត្តក្រចេះ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​១១​នាក់​ស្លាប់ និង​១៣៤​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។ នេះ​បើតាម​ក្រសួង​សុ​ភិ​បាល ដែល​បាន​បន្ថែមថា ពលរដ្ឋ​រងគ្រោះ​ទាំងនោះ ភាគច្រើន​បាន​ធូរស្រាល​ជា​បណ្ដើរៗ​ហើយ បន្ទាប់ពី​ទទួលបាន​ការព្យាបាល​ទាន់ពេលវេលា ខណៈ​អ្នកពុល​ស្រា​១២​នាក់​ទៀត ដែល​ត្រូវបាន​បញ្ជូនមក​ទទួល​ការសង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត ដោយសារ​ស្ថិតនៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​។​



​បើតាម​ក្រសួងសុខាភិបាល ករណី​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ពុល​ស្រា​នេះ ដោយសារតែ​ស្រា​មាន​ផ្ទុក​ជាតិ​មេ​តា​ណុល​ខ្ពស់ ដែល​អាចធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​។ ដោយឡែក​ករណី​សង្ស័យ​ពុល​ទឹក វិញ ក្រសួងសុខាភិបាល កំពុងធ្វើការ​តាមដាន និង​ស្រាវជ្រាវ​បន្ត ដើម្បី​រក​មូលហេតុ​ច្បាស់លាស់​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​៧ ឧសភា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការវិភាគ​សំណាក​ទឹក ដែល​ផ្ញើ​មកពី​ភូមិ​ពាក់ព័ន្ធ ពុំទាន់​ទទួលបាន​លទ្ធផល​ឡើយ​»​។​

​គួរ​បញ្ជាក់ថា ករណី​ពុល​ស្រា និង​សង្ស័យ​ពុល​ទឹក    ដែលមាន​អ្នកស្លាប់​ជាង​១០​នាក់ បានកើត​ឡើង​នៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ឃុំ​កន្ទួត  ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ   ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួងសុខាភិបាល បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ផ្អាក​ការប្រើប្រាស់​ទឺ​ក​ព្រែក​ទេរ ដែល​ស្ថិតនៅក្នុង​តំបន់​សង្ស័យ​នេះ មួយរយៈ​ពេល​សិន ដោយ​ទទួល​ការផ្គត់ផ្គង់​ទឹកស្អាត​ជំនួស​វិញ​។ ជាមួយគ្នានេះ ត្រូវបញ្ឈប់​ការបិតស្រា និង​ការលក់​ស្រាស​នៅក្នុង​មូលដ្ឋាន និង​បង្កើន​ការអប់រំ​អនាម័យ​រស់នៅ និង​ការហូប​ស្អាត​របស់​ប្រជាជន​៕

ព័ត៌មានទាក់ទង