អាជ្ញាធរ​ខេត្តក្រចេះ ហាម​ពលរដ្ឋ​ប្រើប្រាស់​ទឹក​ព្រែក​ទេរ ក្រោយពី​មាន​អ្នកពុល​ទឹក​ស្លាប់​១០​នាក់​

30/11/-0001 12:00 am ក្រចេះ

​ក្រចេះ​៖ អាជ្ញាធរ​ខេត្តក្រចេះ បានប្រកាស​ហាម​ពលរដ្ឋ​ប្រើប្រាស់​ទឹក​ព្រែក​ទេរ​មួយរយៈ​ពេល​សិន ក្រោយពី​មាន​ករណី​ពលរដ្ឋ​ពុល​ទឹក​ជាង​១០០​នាក់​។ ករណី​ពុល​ទឹក​នេះ បាន​បណ្ដា​ឲ្យ​ពលរដ្ឋ​១០​នាក់​ស្លាប់​ផងដែរ​។​
 
​មូល​ហេតុដែល​អាជ្ញាធរ មិន​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ទឹក​ព្រែក​ទេរ​នេះ ព្រោះ​សង្ស័យថា ករណី​ពលរដ្ឋ​នាំគ្នា​ពុល រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ អាច​បណ្ដាលមកពី​សារ​ធាតុគីមី​នៅក្នុង​ទឹក ដែល​ពួកគាត់​បាន​យកទៅ​បរិភោគ និង​ប្រើប្រាស់​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តក្រចេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដូចនេះ​ដើម្បី​ធានា​សុវត្ថិភាព និង​បង្ការ​គ្រោះថ្នាក់​បន្ថែមទៀត សូម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ដងព្រែក​ទេរ និង​ដៃ​ព្រែក​ទេរ បញ្ឈប់​សកម្មភាព​បរិភោគ និង​ប្រើប្រាស់​ទឹក​ព្រែក​ទេរ ទឹក​តាម​ដៃ​ព្រែក​ទេរ និង​ប្រភពទឹក​ផ្សេងៗ​ដែល​មិនមាន​អនាម័យ​នៅក្នុង​តំបន់​នោះ​។ ក្នុងករណី​ប្រជាពលរដ្ឋ បន្ត​ជួប​គ្រោះអាសន្ន ឬ​បានទទួល​ដំណឹង​អំពី​ករណី​ទាំងនេះ សូមមេត្តា​ផ្ដល់ព័ត៌មាន​ជាបន្ទាន់​ដល់​ភ្នាក់ងារ​មាន​សមត្ថកិច្ច កម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ ដែល​កំពុង​ឈរជើង​នៅក្នុង​ភូមិសាស្ត្រ​នោះ​»​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន ក៏បាន​នាំយក​នូវ​ទឹកស្អាត រួមទាំង​ថវិការ និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត ទៅ​ចែក​ពលរដ្ឋ​នៅក្នុង​ភូមិ​នោះ សម្រាប់​ប្រើប្រាស់​បណ្តោះអាសន្ន​។​
 
​ជាមួយគ្នានេះ​រដ្ឋបាលខេត្ត អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន ហើយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ ក្នុងការ​បង្ការ និង​ទប់ស្កាត់​គ្រោះអាសន្ន​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។​
 
​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិ​ត្ត្រ​បុរី ខេត្តក្រចេះ កើតមាន​ករណី​ផ្ទុះ​ជំងឺ ដែលមាន​អាការ​ក្អួតចង្អោរ ឈឺពោះ ឈឺ​ក អស់កម្លាំង ទន់​ដៃជើង វិលមុខ ថប់ដង្ហើម សន្លប់ រួច​បណ្ដាល​ឲ្យ​ស្លាប់​មួយចំនួន ទន្ទឹមនឹង​ការជួយ​អន្តរាគមន៍​សង្គ្រោះបន្ទាន់ ដោយ​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត និង​មន្ទី​រាជធានី​ភ្នំពេញ​។​
 
​គិត​មក​ត្រឹម​ថ្ងៃទី​៦ ឧសភា នេះ ពលរដ្ឋ​រងគ្រោះ​ស្លាប់ ដោយសារ​ពុល​ទឹក មាន​ចំនួន​១០​នាក់ (​ស្រី​៧​នាក់​) ខណៈ​ពលរដ្ឋ​រងគ្រោះ​ជាង​១០០​នាក់​ទៀត កំពុង​សម្រាក​និង​ទទួល​ការជួយ​សង្គ្រោះបន្ទាន់ ពី​សំណាក់​ក្រុមគ្រូពេទ្យ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​៕
   
 

ព័ត៌មានទាក់ទង