ក្រុមយុវជន​កង់​ខ្មែរ រៀបចំ​ការបោះ​ជំរំ​នៅ​កោះ​ស្រឡៅ ដើម្បី​លើកកម្ពស់​ទេសចរណ៍ និង​វប្បធម៌​

30/11/-0001 12:00 am កោះកុង

​ភ្នំពេញ​៖ យុវជន​កង់​ខ្មែរ នឹង​រៀបចំ​កម្មវិធី​បោះជំរំ​កោង​កាង ជា​លើក​ទី​២ នៅ​អំឡុង​ខែឧសភា​ខាងមុខ   ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​តំបន់​ព្រៃកោងកាង វប្បធម៌ និង​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​សហគមន៍​។



​នេះ​ជា​លើក​ទី​ពីរ ដែល​ក្រុមយុវជន​កង់​ខ្មែរ រៀបចំ​កម្មវិធី​បោះជំរំ​កោង​កាង នៅ​ភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្តកោះកុង​នេះ​។ កម្មវិធី​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍ លើកស្ទួយ​ការការពារ​បរិស្ថាន អភិរក្ស​ព្រៃកោងកាង និង​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​វប្បធម៌​ជាតិ​។ លោក ម៉ូត គីម​រី ប្រធាន​គណៈកម្មការ​បោះ​ជំរំ​កោង​កាង​លើក​ទី​២ បញ្ជាក់​ដូច្នេះ នៅក្នុង​សន្និសីទកាសែត​ស្តីពី​ការបោះ​ជំរំ​នេះ​។ ប្រធាន​គណៈកម្មការ​បោះ​ជំរំ ឲ្យ​ដឹង​ទៀតថា កម្មវិធី​បោះជំរំ​កោង​កាង​នេះ ក៏​រួមចំណែក​បង្កើន​ចំណូល​បន្ថែម​ដល់​ប្រជា​សហគមន៍​ផងដែរ​។ លោក ម៉ូត គីម​រី បញ្ជាក់​ដូច្នេះ​៖​ព្រៃកោងកាង​នៅ​ខេត្តកោះកុង ជា​តំបន់​ធំជាងគេ នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ដូច្នេះ​ក្រុម​របស់​យើង ចង់​លើកទឹកចិត្ត​ដល់​យុវជន​ទាំងអស់​ឱ្យចូល​រួម​ថែរក្សា​វា​។ វា​ជា​តំបន់​ទេសចរណ៍​ដ៏​ស្រស់ត្រកាល មិន​ចាញ់​តំបន់​ទេសចរណ៍​ដទៃទៀត​នៅ​កម្ពុជា​នោះទេ​»​។​



​បើតាម កញ្ញា  ស៊ុន រដ្ឋា សមាជិក​គណៈកម្មការ​បោះជំរំ​កោង​កាង​លើក​ទី​២ កម្មវិធី​បោះជំរំ​កោង​កាង​នេះ នឹងមាន​សម្ដែង​សិល្បៈ របាំ​ប្រពៃណី ល្ខោនស្បែក​តូច ការ​ស្លៀក​សម្លៀកបំពាក់​សម័យ​ល​ង្វែ​ក និង​ទសវត្សរ៍​ទី​៦០ របាំ​ជនជាតិដើម​ភាគតិច ការប្រគំ​តន្ត្រីសម័យ និង​មាន​កម្មវិធី​ជាច្រើន​ទៀត​។ ក្រៅពីនេះ អ្នកចូលរួម​នឹងត្រូវ​ស្នាក់​នៅផ្ទះ​អ្នកភូមិ​នៅ​ទីនោះ ដើម្បី​បាន​សិក្សា​បន្ថែម​ពី​ជីវភាព របៀប​រស់នៅ និង​ការប្រកប​ការងារ​រប​ស់​អ្នកភូមិ​។ កញ្ញា  ស៊ុន រដ្ឋា បញ្ជាក់​៖«​យើង​មាន​កម្មវិធី​ច្រើន​មែនទែន ទាំងថ្ងៃទាំងយប់ ជាពិសេស​ពេលយប់ យើង​ទៅ​មើល​អំពិលអំពែក និង​ផ្កាយ​នៅ​ព្រៃកោងកាង​ស្អាត​ណាស់ ហើយ​មាន​ទេសភាព និង​កម្មវិធី​សិល្បៈ​ជាច្រើន​ទៀត​។ បើ​បាន​ទៅ​ពិតជា​មិន​ខុស​បំណង​ទេ​»​។​



​តាម​គម្រោង កម្មវិធី​បោះជំរំ​កោង​កាង​នេះ គ្រោង​រៀបចំ ពីថ្ងៃ​ទី​១២ ដល់​១៥​ខែឧសភា ឆ្នាំ​២០១៨​។ ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក Mangrove Festival បុណ្យកោងកាង/












(​រូបភាព​ពី​ក្រុមយុវជន​កង់​ខ្មែរ​)



ព័ត៌មានទាក់ទង