ភ្នំពេញ៖ សត្វផ្សោតចំនួន៩២ក្បាល កំពុងរងការគំរាមកំហែង នៅតាមដងទន្លេមេគង្គចន្លោះចម្ងាយ១៩០ គីឡូម៉ែត្រ ចាប់ពីអន្លង់កាំពី ខេត្តក្រចេះ រហូតដល់ល្បាក់ទឹកខោន ក្នុងប្រទេសឡាវ។ សត្វផ្សោតទាំងនោះ ត្រូវបានទទួលការការពារ និងការអភិរក្ស ដោយអង្គការ WWF និងរដ្ឋបាលជនផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការជាមួយដៃគូពាក់ព័ន្ធផ្សេងទៀត។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអំពី លទ្ធផលនៃការសិក្សាស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គ លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យសត្វផ្សោត ប្រឈមនឹងការគំរាមកំហែង ដោយសារតែមានសកម្មភាពខុសច្បាប់ ដោយប្រើមងនេសាទដើម្បីទាក់យកសត្វផ្សោត និងប្រើឧបករណ៍ឆក់ គ្រាប់បែកកែច្នៃ នុយនេសាទបំពុល និងសកម្មភាពទេសចរណ៍ និងបណ្តាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងសាងសង់។
នាយកអង្គការ WWF រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«យ៉ាងហោចណាស់ មានសត្វផ្សោតចំនួន៦ក្បាល គិតជាធម្យមគឺ ២,១ ភាគរយ ត្រូវបានសា្លប់ក្នុងមួយឆ្នាំៗ ហើយភាគច្រើនស្លាប់ដោយសារតែមានអាយុកាលវែង និងសកម្មភាពរបស់មនុស្ស»។ បើតាមលោក សេង ទៀក សត្វផ្សោតដែលបានស្លាប់ ដោយសារសកម្មភាពរបស់មនុស្ស ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការដើម្បីដោះស្រាយតាមនីតិច្បាប់។
សត្វផ្សោត ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ (IUCN) និងត្រូវបានចាត់ទុកថា ជាសត្វដែលងាយនឹងផុតពូជបំផុត ហើយប្រឈមនឹងការគំរាមកំហែងផងដែរ។ បើតាមរបាយការណ៍របស់អង្គការ WWF សត្វផ្សោតទូទាំងសកល មានចំនួន៧ប្រភេទ ក្នុងនោះមានសត្វផ្សោត៤ប្រភេទ រស់នៅក្នុងទីជម្រកទឹកសាប និង៣ប្រភេទទៀត មានទីជម្រកនៅសមុទ្រទឹកប្រៃ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com