ភ្នំពេញ៖ រដ្ឋាភិបាល ព្រមានដកហូតកោះចំនួន៣០ ពីក្រុមហ៊ុនឯកជន ត្រឡប់មកគ្រប់គ្រងវិញ ។ ការព្រមានរបស់រដ្ឋាភិបាលនេះធ្វើឡើង បន្ទាប់ពីពិនិត្យឃើញថា ផែនការអភិវឌ្ឍកោះរបស់ក្រុមហ៊ុនទាំងនោះ នៅជាប់គាំង។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្គាប់ឲ្យលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រួតពិនិត្យឡើងវិញ លើក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល សម្រាប់គម្រោងអភិវឌ្ឍន៍កោះ។
ថ្លែងក្នុងពិធីសម្ពោធបើកឲ្យដំណើរការសណ្ឋាគារលំដាប់ផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង»ជាផ្លូវការ នៅខេត្តព្រះសីហនុ នាថ្ងៃទី២៣ មេសា សម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំគួរតែនិយាយថា បណ្ដាកោះនៅតាមសមុទ្ររបស់យើង ប្រហែលជាដំរីផើមទាំងអស់ បើគិតទៅតាមរយៈពេលនៃយើងចាប់ផ្ដើមធ្វើការផ្ដល់ឱកាសវិនិយោគឲ្យក្រុមហ៊ុននានា។ គឺក្រុមហ៊ុននានាឥឡូវនេះ មានប្រហែល៣០កោះ ដែលយើងត្រូវដកហូតត្រឡប់វិញ ដោយសារតែពួកគេមិនបានធ្វើអ្វីទាំងអស់។ដូច្នេះខ្ញុំបានផ្ដល់ឲ្យឯកឧត្តមសុខចិន្តា សោភា ធ្វើការពិនិត្យ ដើម្បីដកហូតកោះទាំងនោះត្រឡប់មកវិញ ហើយរៀបចំការវិនិយោគសារជាថ្មី មិនអាចទុកឲ្យកោះរបស់យើង នៅដោយគ្មានការគ្រប់គ្រង ហើយទុកឲ្យអ្នកទទួលសិទ្ធិវិនិយោគចេះតែដើរលក់បន្តឡើយ»។
បន្ថែមពីនេះប្រមុខរដ្ឋាភិបាល ក៏បានបញ្ជាឲ្យដកហូតកោះទន្សាយ ពីក្រុមហ៊ុនឯកជនផងដែរ ដោយសារតែមិនមានការអភិវឌ្ឍតាមកិច្ចសន្យាជាមួយរដ្ឋាភិបាល។
បើតាមនាយករដ្ឋមន្ត្រី ហ៊ុន សែន កោះទាំងអស់ដែលរដ្ឋាភិបាល អនុញ្ញាតឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍នោះ គឺសុទ្ធតែជារបស់រដ្ឋ មិនមែនជារបស់ឯកជនឡើយ ពោលគឺរដ្ឋាភិបាលមានសិទ្ធិដកហូតយកមកវិញគ្រប់ពេលវេលា៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com