ស្វាយរៀងស្វាគមន៍ភ្នំពេញក្រោន, ណាហ្គាវើលប៉ះអាស៊ីអឺរ៉ុប, អង្គរថាយហ្គឺរជួបអគ្គិសនីកម្ពុជា

ក្រុមព្រះខ័នរាជស្វាយរៀងបើកទ្វារកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវភ្នំពេញក្រោន សម្រាប់ពានរង្វាន់ក្របខណ្ឌលីគកំពូលកម្ពុជានាម៉ោង៦ល្ងាចថ្ងៃទី២២ មេសា ឆ្នាំ២០១៨នេះ។ ពហុកីឡដ្ឋានជាតិ នឹងក្លាយជាទីតាំងកាត់សេចក្តីជំនួបរវាងក្រុមណាហ្គាវើលជាមួយអាស៊ីអឺរ៉ុប នៅម៉ោង៦:៣០នាទី ក្រោយអង្គរថាយហ្គឺរតទល់ជាមួយអគ្គិសនីកម្ពុជា នាម៉ោង៣:៣០នាទី។

ក្រោយទទួលលទ្ធផលមិនសូវល្អសម្រាប់ជំនួប៤ប្រកួតកន្លងមក ក្រុមព្រះខ័នរាជស្វាយរៀងត្រូវបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀង ទទួលស្វាគមន៍ជើងខ្លាំងភ្នំពេញក្រោន សម្រាប់ជំនួបសប្តាហ៍ទី៥នៃក្របខណ្ឌលីគកំពូលកម្ពុជានាវេលាម៉ោង៦ល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ។ នាការប្រកួតសប្តាហ៍មុនក្រុមទាំងពីរសុទ្ធតែរងការខកចិត្តដូចគ្នា ក្នុងនោះស្វាយរៀងចាញ់អង្គរថាយហ្គឺរ ៣-១ នៅលើទឹកដីរបស់ខ្លួន ខណៈភ្នំពេញក្រោនចាញ់ណាហ្គាវើល ១-០ នៅលើទឹកដីខ្លួនឯងផងដែរ។
សម្រាប់ប្រកួតកន្លងមកស្វាយរៀងធ្លាប់ស្គាល់ជ័យជម្នះ១លើក ស្មើ២ និងចាញ់១លើក ខណៈភ្នំពេញក្រោនស្គាល់ជ័យជម្នះ២លើកស្មើ១ និងចាញ់១។ បច្ចុប្បន្នស្វាយរៀងកំពុងឈរលេខរៀងទី៨ដោយមាន៥ពិន្ទុ រីឯភ្នំពេញក្រោនឈរលេខរៀងទី៦ដោយមាន៧ពិន្ទុ។
នៅម៉ោង៦និង៣០នាទីល្ងាច ពហុកីឡដ្ឋានជាតិ នឹងក្លាយជាទីតាំងកាត់សេចក្តីជំនួបរវាងក្រុមណាហ្គាវើកជាមួយក្រុមអាស៊ីអឺរ៉ុប។ ណាហ្គាវើលត្រូវការឈ្នះអាស៊ីអឺរ៉ុបនៅល្ងាចនេះ ដើម្បីប្រជែងដណ្តើមឈរកំពូលតារាងប្រចាំសប្តាហ៍ទី៥។ ប៉ុន្តែវាមិនងាយស្រួលនោះទេសម្រាប់ណាហ្គាវើល ព្រោះអាស៊ីអឺរ៉ុបជាក្រុមកំពុងឡើងជើងនៅក្នុងរដូវកាលឆ្នាំ២០១៨នេះ។ បើមើលពីការប្រកួតកន្លងមកក្នុងចំណោម៤ប្រកួតអាស៊ីអឺរ៉ុបឈ្នះ២ និងចាញ់២ តែការចាញ់របស់គេ គឺរបូតគ្រាប់បាល់តិចតួចបំផុត។
សម្រាប់ជំនួបកាលពីសប្តាហ៍មុនអាស៊ីអឺរ៉ុបបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ទស្សនិកជន តាមរយៈការយកឈ្នះក្រុមចំណូលថ្មីវិសាខាដែលមានកីឡាករបរទេសខ្លាំងៗក្នុងលទ្ធផល ២-០។ រីឯណាហ្គាវើល យកឈ្នះម្ចាស់ផ្ទះភ្នំពេញក្រោនយ៉ាងតានតឹងក្នុងលទ្ធផល ១-០។ ប៉ុន្តែ៤ប្រកួតកន្លងមកណាហ្គាវើលមិនដែលស្គាល់បរាជ័យនោះទេ គឺឈ្នះ៣ និងស្មើ១។
នៅពហុកីឡដ្ឋានជាតិនាវេលាម៉ោង៣:៣០នាទីរសៀល ក្រុមអង្គរថាយហ្គឺរដែលយកឈ្នះព្រះខ័នរាជស្វាយរៀង ៣-១ កាលពីសប្តាហ៍មុន ត្រូវតទល់ជាមួយក្រុមអគ្គិសនីកម្ពុជា ដែលបរាជ័យ ៤-១ ក្រោមថ្វីជើងអគ្គស្នងការនគរបាលជាតិ។
សម្រាប់ជំនួបកាលពីថ្ងៃសៅរ៍ ទី២១ មេសា ឆ្នាំ២០១៨ ក្រុមបឹងកេតបានយកឈ្នះក្រសួងការពារជាតិក្នុងលទ្ធផល ២-០ នាការប្រកួតនៅពហុកីឡដ្ឋានជាតិ ដើម្បីឡើងឈរកំពូលតារាងបណ្តោះអាសន្នក្នុងសប្តាហ៍ទី៥ដោយមាន១៣ពិន្ទុ។ រីឯអគ្គស្នងការនគរបាលជាតិ យកឈ្នះក្រុមចំណូលថ្មី សូលទីឡូអង្គរ ក្នុងលទ្ធផល ២-១។
ចំណែកការប្រកួតនៅកីឡដ្ឋានវេស្ទើនភ្នំពេញ ក្រុមវិសាខាបានយកឈ្នះក្រុមម្ចាស់ផ្ទះវេស្ទើនក្នុងលទ្ធផល ៣-០ ដើម្បីឲ្យក្រុមនេះស្គាល់បរាជ័យជាលើកទី៥។ បច្ចុប្បន្នវិសាខាកំពុងឈរលេខរៀងទី៣បណ្តោះអាសន្ន ដោយមាន១០ពិន្ទុ ខណៈវេស្ទើនឈរបាតតារាងដោយមានសូន្យពិន្ទុ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

