
ភ្នំពេញ៖ប្រទេសកម្ពុជាទាំងមូលមានសត្វដំរីសរុបចំនួនប្រមាណជាជាង៣០០ក្បាលក្នុងនោះដំរីស្រុកមានចំនួន៧២ក្បាល និងដំរីព្រៃ២៥០ក្បាល។
ក្នុងន័យចូលរួមចំណែកថែទាំ ការពារ និងអភិរក្សសត្វដំរីនោះ សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ក៏ត្រូវបានបង្កើតឡើងដើម្បីចិញ្ចឹម និងថែទាំសត្វដំរី ចំនួន៤ក្បាលនៅក្នុងខេត្តរតនគិរី។ លោកស្រី ខៃ ចិន្តា គឺជាប្រធាននៃសមាគមខាងលើនេះ។
ចាប់តាំងពីឆ្នាំ២០១៥មក, លោកស្រី ចិន្តា ដែលជាអ្នកស្រឡាញ់សត្វដំរីនោះ បានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណជា២០ម៉ឺនដុល្លារដើម្បីចិញ្ចឹមសត្វដំរីចំនួន៤ក្បាលនេះ។ ទោះជាការចំណាយប៉ុន្មានក៏មិនគ្រប់គ្រាន់ដែរ ព្រោះដំរី ត្រូវការការថែទាំពិតប្រាកដ ពោលគឺត្រូវការថវិកាច្រើនគួរសម។
រីឯលោកស្រីចិន្តាម្នាក់ឯងមិនមានលទ្ធភាពបន្តកិច្ចការនេះម្នាក់ឯងបានឡើយ។
មធ្យោបាយចុងក្រោយរបស់អ្នកស្រីគឺការអំពាវនាវរកសប្បុរសជនជួយផ្តល់ថវិកាដើម្បីចិញ្ចឹម ថែទាំ និងអភិរក្សដំរីខ្មែរ។
ពិធីរៃអង្គាសជួយចិញ្ចឹមសត្វដំរីនឹងធ្វើឡើងនៅថ្ងៃទី២៧ខែមេសានៅស្ថានបារាំងនាទីក្រុងភ្នំពេញ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា, មន្ត្រីស្ថានទូតនិងអ្នកជំនួញមួយចំនួននឹងត្រូវអញ្ជើញឲ្យចូលរួមក្នុងពិធីមនុស្សធម៌មួយនេះ។ អ្នកចូលរួមអាចទិញសំបុត្របានតាមអនឡាញ The Last2tickets ឬនៅទីតាំង៤កន្លែងផ្សេងទៀត ដូចជា៖ Khéma Pasteur, Institut Français, K West, Open Wine។
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

