
គ្រី ថៃពៅ អាយុ២៥ឆ្នាំ បានក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទីបី ដែលរៀបចំដោយទូរទស្សន៍ហង្សមាស ជាមួយនឹងប្រាក់រង្វាន់១៥០លានរៀល។ ថៃពៅ ទទួលបានសំឡេងគាំទ្រលើស សៀក ញញឹម នៅវគ្គផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃអាទិត្យ ទី៨ ខែមេសា ក្រោមវត្តមានចូលរួមរបស់លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
នៅវគ្គទីមួយ បេក្ខជន-បេក្ខនារី វគ្គផ្តាច់ព្រ័ត្រទាំង៤រូប រួមមាន គ្រី ថៃពៅ, សៀក ញញឹម, ចែម ស្រីល័ក្ខ និងឈាង សុវណ្ណាវី ត្រូវបានតម្រូវឲ្យបកស្រាយបទទោល និងបទជាគូជាមួយចៅក្រម។
បេក្ខជន គ្រី ថៃពៅ ពីខេត្តកំពង់ចាម ច្រៀងបទ «មានសង្សារដូចអត់សង្សារ» សម្រាប់វិញ្ញាសាចម្រៀងទោល បន្ទាប់មក ច្រៀងបទ «ស្នាមទឹកភ្នែកកាត់អក្សរស្នេហ៍» ជាមួយលោក ព្រាប សុវត្ថិ។
បេក្ខជន សៀក ញញឹម មកពីខេត្តកណ្តាល ច្រៀងបទ «សត្វមមាច» ហើយចាប់ដៃគូជាមួយ លោក ណុប បាយ៉ារិទ្ធ បកស្រាយបទ «ពានរង្វាន់ក្បត់»។
បេក្ខនារី ចែម ស្រីល័ក្ខ មកពីខេត្តតាកែវ លើកយកបទ «អារម្មណ៍ពេលខ្លះ» លើវិញ្ញាសាចម្រៀងទោល មុននឹងច្រៀងបទ «គ្មានការឈឺចាប់ គ្មានការបញ្ចប់» ជាមួយលោក ឆន សុវណ្ណរាជ។
រីឯបេក្ខនារី ឈាង សុវណ្ណាវី ពីខេត្តបន្ទាយមានជ័យ បញ្ចេញសមត្ថភាពលើបទ «មួយលានឆ្នាំ» មុននឹងចាប់ដៃគូជាមួយកញ្ញា ឱក សុគន្ធកញ្ញា បកស្រាយបទ «ស្រឡាញ់គ្នាយូរហើយ ម្តេចបន្តទៀតមិនបាន»។
នៅមុនការប្រកាសលទ្ធផលវគ្គទីមួយ ជ័យលាភីរដូវកាលទីមួយ គឺលោក នី រតនា និងជ័យលាភីរដូវកាលទីពីរ គឺ កញ្ញា ឈិន ម៉ានិច បានបកស្រាយចម្រៀង «នារីក្នុងសុបិន្តបងជាអ្នកណា?» រួមគ្នាក្នុងនាមជាតារាកិត្តិយស។ បន្ទាប់មក ពិធីករ ជា វិបុល និងពិធីការិនី កែវ ចាន់និមល ប្រកាសលទ្ធផលថា បេក្ខជន ថៃពៅ និងញញឹម ត្រូវបន្តឡើងទៅប្រជែងយកពាន ខណៈបេក្ខនារី ស្រីល័ក្ខ និង សុវណ្ណាវី ទទួលបានសំឡេងសារគាំទ្រតិចជាងបេក្ខជន។
ឈានដល់វគ្គទីពីរ ថៃពៅ និងញញឹម ត្រូវបានតម្រូវឲ្យបកស្រាយពីរបទជាប់គ្នា។ ញញឹម ច្រៀងបទ «យប់១២កើត» បន្ទាប់មកបទ «រឿងងាយទេ»។ រីឯថៃពៅ លើកយកបទ «ដួងខែរនោច» មុននឹងច្រៀងបទ «ត្រូវម៉ក់»។
ជាលទ្ធផល ថៃពៅ ទទួលបានសំឡេងគាំទ្រច្រើនជាង ញញឹម ដែលធ្វើឲ្យគេក្លាយជាជ័យលាភីទីបីនៃពានរង្វាន់ Cambodian Idol បន្ទាប់ពី នី រតនា និង ឈិន ម៉ានិច៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

