រថភ្លើង​សិរីសោភ័ណ​-​ប៉ោយប៉ែត ដំណើរការ​បណ្ដោះអាសន្ន ខណៈ​ខ្សែ​រថភ្លើង​ភាគ​ខាងលិច​នឹង​រួចរាល់ ឆ្នាំនេះ​

30/11/-0001 12:00 am បន្ទាយមានជ័យ

 ខ្សែ​រថភ្លើង​សិរីសោភ័ណ​-​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃទី​៤​ខែមេសា​នេះ​តទៅ ខណៈ​ការតភ្ជាប់​ខ្សែ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ព្រំប្រទល់​កម្ពុជា​-​ថៃ នឹង​រួចរាល់​នៅក្នុង​ឆ្នាំ​២០១៨​នេះ​។



​ការ​ដំណើរការ​រថភ្លើង​លើ​កំណាត់​ផ្លូវដែក​ពី​សិរីសោភ័ណ ទៅ​ប៉ោយប៉ែត​នេះ មាន​ប្រវែង ៤៨​គីឡូម៉ែត្រ ដែល​រថភ្លើង​មាន​ពីរ​ទូ​រ។ មួយ​ទូរ សម្រាប់​ផ្ទុក​អ្នកដំណើរ​ប្រមាណ ១០០​នាក់ និង​មួយ​ទូរ​ទៀត​សម្រាប់​ផ្ទុកទំនិញ​។ រថភ្លើង ដែល​ដាក់​ឲ្យ​ដំណើរការ​បណ្ដោះអាសន្ន​នេះ ប្រើប្រាស់​ល្បឿន ៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ដោយ​ចរាចរ ៦​ជើង​ក្នុង​មួយថ្ងៃ​។​

​ជាពិសេស​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​រថភ្លើង​នេះ ដោយ​ឥតគិតថ្លៃ ចាប់​ពីថ្ងៃ​សម្ពោធ​ឲ្យ​ដំណើរការ​នេះ រហូតដល់​ថ្ងៃទី​១​ខែសីហា​។​

​ដោយឡែក​ការស្ដារ​ខ្សែ​រថភ្លើង​ភាគ​ខាងលិច​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត គ្រោង​នឹង​បញ្ចប់​រួចរាល់​មុន​ដំណាច់ឆ្នាំ​២០១៨​នេះ ខណៈ​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ កំពុងដំណើរការ​នាពេល​សព្វថ្ងៃ​។ នេះ​បើតាម​ការ​ថ្លែង​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​ពិធី​សម្ពោធ​ខ្សែ​រថភ្លើង​ខាងលើ នៅ​ខេត្តបន្ទាយមានជ័យ​។

​ចំពោះ​ការតភ្ជាប់​ផ្លូវដែក​រវាង​កម្ពុជា និង​ថៃ ត្រូវបាន​លោក ស៊ុន ចាន់ថុល អះអាងថា ភាគី​ទាំងពីរ​ជិត​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាមផ្លូវ​ដែករ​វាង​ប្រទេស​ទាំងពីរ​ហើយ ដែល​នឹងមាន​ការចុះហត្ថលេខា នាពេលខាងមុខ​។​

​ហើយ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះដែរ ខ្សែ​រថភ្លើង​ថ្មី​មួយទៀត​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅ​ស្ថានីយ​រថភ្លើង​ភ្នំពេញ នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ​៕


ព័ត៌មានទាក់ទង