សត្វ​ស្លាប​ព្រៃ ៦​ក្បាល​ងាប់ ដោយសារ​ការបំពុល​នៅ​ខេត្តព្រះវិហារ​ ​

30/11/-0001 12:00 am ព្រះវិហារ

​ខេត្តព្រះវិហារ​៖ សត្វ​ស្លាប​ព្រៃ​៦​ក្បាល​ងាប់ ដោយសារ​ការដាក់​បំពុល​ថ្នាំ​សម្លាប់​សត្វល្អិត​នៅតាម​ត្រពាំង​នានា នៅក្នុង​តំបន់​ខ្ពង់រាប ខេត្តព្រះវិហារ ។



​លោក ម៉ៅ ឃៀន អ្នកសម្របសម្រួល​គម្រោង​ស្រាវជ្រាវ​នៃ​អង្គការ​អភិរក្ស​សត្វព្រៃ (WCS) ប្រចាំ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង បាន​និយាយថា មូលហេតុ​ដែល​បណ្ដា​ឲ្យ​សត្វ​ស្លាប​ព្រៃ​ងាប់​នេះ ដោយសារ​ប្រជាជន​នៅ​តំបន់​នោះ ភាគច្រើន​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត ដើម្បី​បំពុល​សត្វព្រៃ​ធ្វើជា​ម្ហូបអាហារ និង​ការពារ​ដំណាំ​ស្រូវ​ផងដែរ​។ លោក ម៉ៅ ឃៀន បន្ថែមថា​៖«​ទង្វើ​បែបនេះ ហើយ​ដែលជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សត្វ​ស្លាប​ព្រៃ​ទាំងនោះ​ស្លាប់​»​។



​លោក កែន សេរី​រដ្ឋា ប្រធាន​អង្គការ​(WCS) បាន​និយាយថា ថ្នាំ​សម្លាប់​សត្វល្អិត បាន​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សត្វ​ស្លាប និង​ពពួក​ថនិកសត្វ ដែល​ធ្វើ​ឲ្យ​សត្វ​ប្រភេទ​ទាំងនេះ ងាយ​នឹង​ផុត​ពូជ​ជា​សាកល​។ ប្រធាន​អង្គការ​(WCS)​រូបនេះ អំពាវនាវ​ដល់​សាធារណៈជន បញ្ឈប់​ការ​បរិ​ភាគ​សាច់​សត្វព្រៃ​ដោយ​ការបំពុល​នេះ ព្រោះ​វា​មាន​ផ្ទុក​សារធាតុពុល ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។



​ប្រភេទ​សត្វ​ស្លាប​ព្រៃ​ចំនួន​៦​ក្បាល​ងាប់ ហើយ​ត្រូវបាន​ខាង​ក្រុម​អភិរក្ស​សត្វព្រៃ​ប្រទះឃើញ មាន​សត្វ​សំ​ពោធ​ធំ សត្វ​កក់​ពាក់​អំបោះ និង​សត្វ​ត្មាត​ត្នោត ដែល​សុទ្ធតែជា​សត្វ​ជិត​ផុត​ពូជ​។ កន្លងមក សត្វស្រុក ឆ្កែ គោ ក្របី មាន់ និង​ទា​ជាដើម ក៏​រងគ្រោះ​ដោយសារ​ថ្នាំ​សម្លាប់​សត្វល្អិត​ផងដែរ​។ នេះ​បើតាម​អង្គការ​អភិរក្ស​សត្វព្រៃ WCS៕







ព័ត៌មានទាក់ទង