យុវជន​បាទី​លើក​ពាន U16 ព្រៃវែង​លើក​ពាន U14 ខណៈ​បាត់ដំបង​គ្រង​ពាន​នារី​

30/11/-0001 12:00 am បាត់ដំបង

ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​គ្រង​ជើងឯក​ការប្រកួត​ជម្រើស​ជើងឯក​យុវជន U16 ឆ្នាំ​២០១៧ ក្រោយ​យកឈ្នះ​ក្រុមយុវជន​ស្វាយរៀង ៧-១ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីលាន​បាល់ទាត់​នៃ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់​។ រីឯ​ក្រុមយុវជន​ព្រៃវែង​លើក​ពាន​យុវជន U14 ក្រោយ​យកឈ្នះ​យុវជន​កោះកុង ៤-០ ខណៈ​ក្រុមបាល់ទាត់​នារី​បាត់ដំបង​លើក​ពាន​បាល់ទាត់​នារី ក្រោយ​យកឈ្នះ​ក្រុប​បាល់ទាត់​នារី​កំពង់ស្ពឺ ៣-២​។​
 
​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៦​ឆ្នាំ ដែលជា​ធនធាន​ថ្នាល​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ របស់​កម្ពុជា បាន​គ្រង​ជើងឯក​ពាន​ជម្រើស​យុវជន U16 ប្រចាំឆ្នាំ​២០១៧ ក្រោយ​យកឈ្នះ​ក្រុមយុវជន​ស្វាយរៀង ៧-១ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន​នៃ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ កាលពី​រសៀល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨​។ ចំណែក​ក្រុម​កោះកុង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​យកឈ្នះ​ក្រសួងការពារជាតិ ៦-៤ នា​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​។​
 
​នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រោម​វត្តមាន​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ខ្សែប្រយុទ្ធ សៀង ច​ន្ធា បា​នរក​គ្រាប់​បាល់​នាំ​សម្រាប់​យុវជន​បាទី​នៅ​១១​នាទី​ដំបូង មុន សៀន សុភ​ក្ត្រា សម្រេច​គ្រាប់​ទី​២​នៅ​នាទី​ទី​១៥​។ ការប្រកួត​ដំណើរការបាន​៧​នាទី​ខ្សែការពារ វី អា​មី​លីន បាន​បន្ថែម​១​គ្រាប់​ទៀត ដើម្បី​បង្កើន​ការនាំ​មុខ ៣-០​។ នៅ​នាទី​ទី​៣៦ ខ្សែប្រយុទ្ធ សៀង ច​ន្ធា បានសម្រេច​គ្រាប់​ទី​២​របស់ខ្លួន​សម្រាប់​យុវជន​បាទី មុន សៀន សុភ​ក្ត្រា សម្រេច​គ្រាប់​ទី​៥​នឹង​ជា​គ្រាប់​ទី​២​របស់ខ្លួន​នៅ​នាទី​ទី​៣៩​។ បន្ទាប់មក​នៅ​ចុង​វគ្គ​ទី​១​កីឡាករ ផន អយ បាន​បន្ថែម​១​គ្រាប់​ទៀត ដើម្បី​បង្កើន​ការនាំ​មុខ ៦-០​។ 
 
​នៅ​វគ្គ​ទី​២​កីឡាករ វ៉ាត កែវ​រតនៈ បា​នរក​គ្រាប់​បាល់​តាម​ពីក្រោយ ៦-១ សម្រាប់​យុវជន​ស្វាយរៀង​នៅ​នាទី​ទី​៧៥ មុន សៀន សុភ​ក្ត្រា សម្រេច​គ្រាប់​ទី​៣​របស់ខ្លួន និង​ជា​គ្រាប់​ទី​៧​សម្រាប់​យុវជន​បាទី​នៅ​ចុង​វគ្គ ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ ៧-១ សម្រាប់​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​លើ​ក្រុមយុវជន​ស្វាយរៀង​ផងដែរ​។​
 
​កីឡាករ សៀង ច​ន្ធា ជា​កីឡាករ​លេង​ល្អ​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍ រីឯ​អ្នកចាំទី​ល្អ​បាន​ទៅ​កីឡាករ ថា ច័ន្ទ​រិទ្ធី មកពី​យុវជន​បាទី ខណៈ​ពាន​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​បាន​ទៅ​កីឡាករ វ៉ាត កែវ​រតនៈ មកពី​យុវជន​ស្វាយរៀង​។ ចំណែក​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Musashi Mizushima របស់​យុវជន​បាទី​គ្រង​តំណែង​គ្រូបង្វឹក​ល្អ ខណៈ​ក្រុម Fair Play បាន​ទៅ​យុវជន​បាទី​។   



ដោយឡែក​ក្រុមយុវជន​ព្រៃវែង​បាន​លើក​ពាន​ជម្រើស​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ ក្រោយ​យកឈ្នះ​យុវជន​កោះកុង ៤-០ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។ រីឯ​ក្រុមយុវជន​ខេត្តកំពង់ស្ពឺ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ៣-១​។ ចំណែក​ពានរង្វាន់ Fair Play បាន​ទៅ​យុវជន​កោះកុង​។ 
 
​ក្រៅពីនេះ កីឡាករ ម៉ៅ ដាវី​ឌ របស់​យុវជន​ព្រៃវែង​ជា​កីឡាករ​ល្អ​ប្រចាំ​ព្រឹត្តិការណ៍​, រិ​ទ្ធ កែវ មកពី​យុវជន​កំពង់ស្ពឺ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ ខណៈ​អ្នកចាំទី​ល្អ​ជាងគេ​បាន​ទៅ​កីឡាករ សឿន រិ​ទ្ធ​វរៈ​វ​ឌ្ឍ​នា មកពី​យុវជន​ព្រៃវែង និង​លោក ជា តារា មកពី​យុវជន​ព្រៃវែង​ជា​គ្រូបង្វឹក​ល្អ​ជាងគេ​។ 
 
​ទ​ន្ទឺ​ម​នឹង​នេះ​ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំឆ្នាំ​២០១៧ បាន​ទៅ​ក្រុមបាល់ទាត់​នារី​បាត់ដំបង​ក្រោយ​យកឈ្នះ​ក្រុម​កំពង់ស្ពឺ ៣-២ ខណៈ​ក្រុម​លេខ​៣​បាន​ទៅ​កំពង់ឆ្នាំង និង​លេខ​៤​បាន​ទៅ​ស្វាយរៀង​។ ចំណែក​ក្រុម Fair Play បាន​ទៅ​ក្រុម​ស្វាយរៀង​, អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​បាន​ទៅ​កីឡាការិនី ចំរើន ស្រីរ័ត្ន មកពី​បាត់ដំបង និង​អ្នកចាំទី​បានល្អ​ជាងគេ​បាន​ទៅ​កីឡាការិនី ភឿ ធូ មកពី​បាត់ដំបង​។ 
 
​ក្រៅពី​ប្រគល់​ពានរង្វាន់​ដល់​ម្ចាស់​ជ័យលាភី​ក្នុងឱកាស​នោះ លោក សៅ សុខ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ពី​កម្ម​សិទ្ធ​កាន់កាប់​ទីលាន​បាល់ទាត់​នៃ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ដែលជា​គម្រោង​អភិវឌ្ឍន៍​បាល់ទាត់​២៥​ខេត្ត​-​ក្រុង ដល់​នាយក​សាលា​នៃ​វិទ្យាល័យ​នោះ​ផងដែរ​៕     

ព័ត៌មានទាក់ទង