សមយុទ្ធ​«​បង្ការ និង​ពន្លត់អគ្គិភ័យ​» បំផុសស្មារតី​ពលរដ្ឋ​ឲ្យ​ចូលរួម​ជាមួយ​កម្លាំង​សមត្ថកិច្ច​

30/11/-0001 12:00 am សៀមរាប

​សៀមរាប​៖ នៅក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ខេត្តសៀមរាប​មាន​គ្រោះ​អគ្គិភ័យ​ចំនួន​១៩ គឺ​ថយចុះ​៥​ករណី ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​កើតឡើង ២៤​ករណី​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ស្នងការ​នគរបាល​ខេត្តសៀមរាប​។​



​ក្នុង​របាយការណ៍​ដែល​អាន​ដោយ​លោក ភឹង សម្បត្តិ ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​នគរបាល​បង្ការ ពន្លត់អគ្គីភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប នៅក្នុង​ទិវា​បង្ការ និង​ពន្លត់អគ្គិភ័យ នៅ​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ក្នុង​គ្រោះ​អគ្គិភ័យ​ទាំង​១៩​លើក   ក្នុងនោះ​ក្នុង​កើតឡើង​ក្នុង​ក្រុង​សៀមរាប​ចំនួន ១២​ករណី ស្រុក​សូទ្រនិគម ២​ករណី ស្រុក​អង្គរធំ ២​ករណី ស្រុក​បន្ទាយស្រី ១​ករណី ស្រុក​ពួក ១​ករណី និង​ស្រុក​ក្រឡាញ់​១​ករណី​។ ក្នុងករណី​ខាងលើ គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ផ្ទុះ​ធុង​ហ្គាស​។​ល​។​



​តាម​ការលើកឡើង​រប​ស់លោក ភឹង សម្បត្តិ ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​ពន្លត់អគ្គិភ័យ​ទាំងនោះ បាន​ប្រើប្រាស់​ឡានទឹក​ចំនួន ៦៣​ឡាន​។ ហេតុការណ៍​ទាំងនោះ បាន​បណ្តាលឱ្យមាន​មនុស្ស​រងរបួស ខូចខាត​ផ្ទះ ២១​ខ្នង ឆេះ​ផ្សារ​ពោធិ៍​លង្កា​បំផ្លាញ​តូប​ចំនួន ៨៤ និង​ខូចខាត​សម្ភារ​មួយចំនួន​។​

​ថ្លែង​ក្នុង​ទិវា​បង្ការ និង​ពន្លត់អគ្គិភ័យ និង​ពិធី​សមយុទ្ធ​នៅ​បរិវេណ​តំបន់​អង្គរ​ឃ្យុ​ង​យូ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប ថា​ទិវា​នេះ​ពិត​ជាមាន​សារសំខាន់ ដើម្បី​បំផុស​ការចូលរួម​រប​ស់​ប្រជាពលរដ្ឋ និង​ស្ថាប័ន​អង្គការ ក្រុមហ៊ុន​ឯកជន ជាមួយ​កម្លាំង​សមត្ថកិច្ច បំណង​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​បញ្ហា​អគ្គិភ័យ​។ លោក​បន្ថែមថា បញ្ហា​នេះ​បាន​បង្ក​វិនាសកម្ម​ជាច្រើន ដូចជា​បាត់បង់​អាយុជីវិត ធ្លាក់ខ្លួន​ពិការ និង​ធ្វើឱ្យ​ខាត់​បង់​ថវិការដ្ឋ និង​ឯកជន​ជាច្រើន​។​



​ទាក់ទង​នឹង​គ្រោះ​អគ្គិភ័យ​នេះដែរ កន្លងមក​ធ្លាប់​មានមតិ​រិះគន់​ចំពោះ​សកម្មភាព​អសកម្ម​មួយចំនួន ដូចជា​ការទារ​ប្រាក់​ជា​ផ្នូរ​នឹង​ការបាញ់ទឹក​ជាដើម​។ ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ លោក ភឹង សម្បត្តិ ដែល​ទើប​ឡើងមក​គ្រប់គ្រង​ការិយាល័យ​ថ្មី​នេះ ប្ដេជ្ញា​លុបបំបាត់ និង​ស្ដារ​ស្ថាប័ន​ឱ្យមាន​មុខមាត់​ឡើងវិញ​។ លោក​បញ្ជាក់ថា ក្នុងករណី​កម្លាំង​របស់លោក​ណា​ម្នាក់​ទាមទារ​យកលុយ​ពី​ជនរងគ្រោះ ត្រូវ​រាយការណ៍​មក​លោក​។ លោក​ថា​៖« ខ្ញុំ​មក​ទីនេះ គឺ​ដើម្បី​ធ្វើ​ការឱ្យ​ប្រជាជន ប៉ុន្តែ​បើ​គាត់​មានចិត្ត​ចង់​ជួយ​ស្ថាប័ន​យើង យើង​នឹង​អញ្ជើញ​គាត់​ទៅ​ការិយាល័យ ដើម្បី​ជួប​គាត់ និង​ថតរូប​កាត់ ថា​ជា​ពលរដ្ឋ​គំរូ ដែល​បាន​ជួយ​អង្គភាព​យើងខ្ញុំ​...»​។​

​គួរ​បញ្ជាក់ថា សព្វថ្ងៃ​ខេត្តសៀមរាប មាន​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន ១៦​គ្រឿង​៕


ព័ត៌មានទាក់ទង