លោកស្រី រ៉ូ​ណា ស្មី​ត ស្នើ​ឲ្យ​រដ្ឋាភិបាល មានការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​ករណី​ផ្ទុះអាវុធ​នៅ​ខេត្តក្រចេះ​

30/11/-0001 12:00 am ក្រចេះ

​ភ្នំពេញ​៖ អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ ស្នើ​ឲ្យ​រដ្ឋាភិបាល បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ លើ​ករណី​ផ្ទុះអាវុធ ក្នុង​ហេតុការណ៍​ជម្លោះដីធ្លី នៅ​ខេត្តក្រចេះ កាលពី​ថ្ងៃទី​៨ មីនា​កន្លងមក​។ ជុំវិញ​ករណី​ផ្ទុះអាវុធ​នេះ ក្រសួងមហាផ្ទៃ បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះទៅ​ស្រាវជ្រាវ​បន្ថែម​ហើយ កាលពីពេល​ថ្មី​នេះ​។​



​លោកស្រី រ៉ូ​ណា ស្មី​ត ដែល​ទទួលបាន​ព័ត៌មាន​ពី​ករណី​ផ្ទុះអាវុធ​នៅ​ខេត្តក្រចេះ​នេះ ហាក់​មានការ​ព្រួយបារម្ភ​ពី​ការរំលោភបំពាន​សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ស្ថិតនៅក្នុង​ស្ថានភាព ដែលមាន​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ច្បាស់ការ ជុំវិញ​ហេតុការណ៍​ផ្ទុះអាវុធ​នេះ លោកស្រី រ៉ូ​ណា ស្មី​ត ស្នើ​ឲ្យ​រដ្ឋាភិបាល រៀបចំ​គណៈកម្មការ​ឯក​រាជ្យ​មួយ ដោយមាន​ភាគី​ពាក់ព័ន្ធ​ពី​គ្រប់​ស្ថាប័ន​ចូលរួម​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​លើកកម្ពស់​ផ្នែក​ជំនឿ​ចិត្ត និង​ជា​ប្រយោជន៍​ដល់​រដ្ឋាភិបាល​កម្ពុជា​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ដែល​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​១០​ថ្ងៃ បាន​សរសេរ​ដូច្នេះ​ថា​៖«​ខណៈដែល​ខ្ញុំ​មាន​ធូរស្រាល​ចិត្ត​ដែល​ហាក់​មិនមាន​ការរកឃើញ​ណាមួយ​អំពី​ករណី​ស្លាប់​នោះ ខ្ញុំ​សោកស្ដាយ​ដែល​អ្នក​អង្កេត​ការណ៍​មក​ការិយាល័យ OHCHR និង​អង្គការ​សង្គម​ស៊ីវិល ត្រូវបាន​ហាមឃាត់​ចូលទៅ​កាន់​តំបន់​នោះ​…​។ ដើម្បី​ជា​ប្រយោជន៍​នៃ​ការលើកកម្ពស់​ជំនឿ​ចិត្ត និង​តម្លាភាព ខ្ញុំ​ជឿជាក់ថា ការអនុញ្ញាត​ឲ្យ​អ្នកសង្កេតការណ៍​ឯករាជ្យ​ចូលកាន់​តំបន់​នោះ ជាការ​សំខាន់​ណាស់​។ ខ្ញុំ​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​»​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​កន្លង​មក លោកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​លើក​ករណី​ខាងលើនេះ ទៅ​សួរនាំ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្ដេច ស ខេង ក្នុងជំនួប​ពិភាក្សាគ្នា ជុំវិញ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផងដែរ​។ ក្នុងជំនួប​ពិភាក្សាគ្នា​នេះ សម្ដេច ស ខេង បាន​ប្រាប់​លោកស្រី រ៉ូ​ណា ស្មី​ត ទៀតថា សម្តេច  បាន​ចាត់​ក្រុមការងារ ដែល​រួមមាន ខាង​នគរបាល និង​ខាង​អធិការកិច្ច ឲ្យ​ចុះទៅ​ស្រាវជ្រាវ​បន្ថែម​លើ​ករណីនេះ​។​
relate
​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម ជុំវិញ​ការចុះ​ស្រាវជ្រាវ​ក្នុងករណី​ផ្ទុះអាវុធ​នេះ​នៅឡើយ​ទេ​។​

​មកដល់ពេលនេះ ព័ត៌មាន​លម្អិត​ជុំវិញ​ករណី​ផ្ទុះអាវុធ នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា រវាង​កងកម្លាំងប្រដាប់អាវុធ និង​ក្រុមអ្នកតវ៉ា​ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែមីនា មិនទាន់មាន​ការអះអាង​ច្បាស់លាស់​លើ​តួលេខ​អ្នកស្លាប់ និង​របួស​ឡើយ បន្ទាប់ពី​មានការ​ចេញមុខ​បដិសេធ​យ៉ាង​ចម្រូង​សម្រាស ពី​សំណាក់​អាជ្ញាធរ ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ការស្លាប់​ពលរដ្ឋ​៦​នាក់ និង​របួស​៤០​នាក់  ។ តួលេខ​អាជ្ញាធរខេត្ត​បង្ហាញថា គ្មានទេ​ករណី​ស្លាប់ មានតែ​របួស​៩​នាក់ ក្នុងនោះ​៧​នាក់​ជា​សមត្ថកិច្ច និង​២​នាក់​ទៀត ជា​ប្រជាពលរដ្ឋ​។​

​តែ​យ៉ាងណា​លោក សឺ​ន សែន​ករុណា អ្នកនាំពាក្យ​អង្គការ​អាដហុក ដែល​បាន​ចុះទៅ​ទីតាំង​កើតហេតុ​ផ្ទាល់ ដើម្បី​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង​នោះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា ស្ថានភាព​ពលរដ្ឋ​របួស​ដែល​លោក​បានឃើញ​ផ្ទាល់​ភ្នែក មាន​ចំនួន​៥​នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល​។ ចំណែក​តួលេខ​អ្នកស្លាប់​វិញ​នោះ លោក ករុណា មិនទាន់​ស្រាវជ្រាវ​ឃើញ​នោះទេ ដោយសារ​ពិបាក​ក្នុងការ​ប្រមូល​ព័ត៌មាន និង​មានការ​រារាំង​ច្រើន​ពី​សំណាក់​សមត្ថកិច្ច​។  

​សូម​ស្ដាប់​សំឡេង​លោក សឺ​ន សែន​ករុណា​៖

**audio1**


​សម្រាប់​លោក សឺ​ន សែន​ករុណា អ្នកនាំពាក្យ​អង្គការ​អាដហុក ករណី​ផ្ទុះអាវុធ​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នេះ សមត្ថកិច្ច​មិនគួរ​ប្រើប្រាស់​កាំភ្លើង​គ្រាប់​ពិត បាញ់​គំរាម​ប្រជាពលរដ្ឋ​ឡើយ (​អាច​ប្រើ​ឡានទឹក​, ខែល​ឬ​គ្រាប់កាំភ្លើង​មិន​ពិត​) ព្រោះ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ពលរដ្ឋ និង​ជា​រូបភាព​បង្ក​ហិង្សា​ធ្ងន់ធ្ងរ​ក្នុង​សកម្មភាព​តវ៉ា​ក្នុងសង្គម​កម្ពុជា​។​

​សូម​ស្ដាប់​សំឡេង​លោក សឺ​ន សែន​ករុណា​៖

​**audio2**


ព័ត៌មានទាក់ទង