សៀមរាប៖ មជ្ឈមណ្ឌលប្រឹក្សាយោបល់ផ្នែកអប់រំ សហការជាមួយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានរៀបចំតាំងពិព័រណ៌សិក្សាដំបូងនៅក្នុងខេត្តសៀមរាប។ ពិព័រណ៌នេះបានទាក់ទាញសិស្សានុសិស្សជាច្រើនចូលរួម ដោយពួកគេបានបង្ហាញការចាប់អារម្មណ៍ចំពោះការសិក្សានៅសហរដ្ឋអាមេរិក។
សិស្សថ្នាក់វិទ្យាល័យចម្រុះក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមីនា បានចូលរួមក្នុងកម្មវិធីពិព័រណ៌សិក្សា ដែលរៀបចំឡើងដោយស្ថានទូតអាមេរិក។ យ៉ាងហោចណាស់ មានស្តង់ប្រឹក្សាយោបល់ប្រមាណ ២០ស្តង់ ដែលត្រៀមផ្តល់ប្រឹក្សាយោបល់ដល់សិស្ស ដែលមានបំណងចង់ដឹងពីព័ត៌មាន ត្រៀមដើម្បីទៅសិក្សានៅសហរដ្ឋអាមេរិក។
លោក Michael Newbill អនុប្រធានបេសកកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងក្នុងពិធីបើកពិព័រណ៌នៅសណ្ឋាគារ សោម៉ាទីវី អំពីភាពជោគជ័យនៃការរៀបចំពិធីនេះជាលើកដំបូងនៅខេត្តសៀមរាប។ លោកបន្តថា ពិព័រណ៌នេះជាការប្រាស្រ័យទាក់ទងរវាងនិស្សិតកម្ពុជា និងនិស្សិតសហរដ្ឋអាមេរិក។
តាមការលើកឡើងរបស់លោក អនុប្រធានបេសកកម្មស្ថានទូតអាមេរិក បច្ចុប្បន្នមាននិស្សិតខ្មែរជាង ៥០០នាក់ ដែលបាននិងកំពុងសិក្សានៅសហរដ្ឋអាមេរិក ហើយរយៈពេលចុងក្រោយនេះ សន្ទុះនេះមានការកើនឡើងច្រើន។ លោកបន្ថែមទៀតថា ជាយុទ្ធសាស្ត្រសម្រាប់សហអាមេរិក គឺធ្វើយា៉ងណា ជំរុញឱ្យសិស្សនិស្សិតខ្មែរ ទៅសិក្សានៅអាមេរិកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដែលរួមមានតាមរយៈការទំនាក់ទំនងរវាងអ្នកតំណាងនៅតាមសាកលវិទ្យាល័យខ្មែរ និងសហរដ្ឋអាមេរិក។ មួយវិញទៀត លោក Michael Newbill លើកឡើងថា មុខវិទ្យាសិក្សាមួយចំនួននៅកម្ពុជា មានភាពស្រដៀងគ្នាទៅនឹងប្រព័ន្ធអប់រំនៅសហរដ្ឋអាមេរិកដែរ ដូច្នេះវាមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរ ឫជំរុញឱ្យមានការសិក្សាទៅកាន់សហរដ្ឋអាមេរិក។
អនុប្រធានមន្ទីរអប់រំខេត្តសៀមរាប លោក លី ប៊ុនណា បានឱ្យដឹងថា ពិព័រណ៌ការសិក្សារបស់សហរដ្ឋអាមេរិកនេះ គឺមានសារសំខាន់ណាស់សម្រាប់ជាការផ្តល់ប្រឹក្សា ពិគ្រោះយោបល់ ដែលមានបំណងសិក្សានៅសហរដ្ឋអាមេរិក។ លោកបន្ថែមថា បច្ចុប្បន្នសិស្ស និស្សិតខ្មែរមួយចំនួនមានសមត្ថភាព និងលទ្ធភាពអាចចេញទៅសិក្សានៅក្រៅប្រទេសបាន ដូចជាសហរដ្ឋអាមេរិកជាដើម៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com