អ្នកស្រាវជ្រាវពិភាក្សាគ្នាលើគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកមនុស្សសាស្ត្រនៅកម្ពុជា
សៀមរាប៖ និស្សិត និងអ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិ បានជួបគ្នាពិភាក្សាគ្នាក្នុងសិក្ខាសាលារយៈពេលមួយសប្ដាហ៍ ដើម្បីឈានដល់ការបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រដំបូងនៅកម្ពុជា។ មជ្ឈមណ្ឌលនេះ នឹងចូលរួមបណ្ដុះបណ្តាលអ្នកស្រាវជ្រាវខ្មែរ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។
សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រនៅកម្ពុជា គឺជាគម្រោងរបស់ GEReSH-CAM (Governance and Emergence of Research in Humanities In Cambodia) សម្របសម្រួលដោយ វិទ្យាស្ថានជាតិ ភាសា និង អរិយធម៌បូព៌ា បារាំង (Institut National des Langues et Civilisation Orientales de Paris) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប។ គម្រោងនេះមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់២០១៩។ បច្ចុប្បន្ននេះ មានសាកលវិទ្យាល័យចំនួន៣ ដែលកំពុងចូលរួមមានសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថានជាតិអប់រំ រួមទាំងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
បណ្ឌិត យូស្សេហ្វ ថាច់ ប្រធានគម្រោង និងជាសាស្ត្រាចារ្យនៃវិទ្យាស្ថានជាតិ ភាសា និង អរិយធម៌បូព៌ា ហៅកាត់ថា INALCO បានលើកឡើងថា សិក្ខាសាលានេះផ្តោតលើ២ចំណុចសំខាន់។ ទីមួយ ចង់ស្វែងយល់ថា អ្វីទៅជាមនុស្សសាស្ត្រ និងថាតើវាមានសារសំខាន់អ្វីខ្លះនៅក្នុងសង្គម។ ទីពីរ ព្យាយាមយល់ពីអ្វីជាការស្រាវជ្រាវផ្នែកសង្គមសាស្ត្រ និងការយល់ដឹងពីទំនៀមទម្លាប់ ថាតើវាមានទំនាក់ទំនងដូចគ្នា និងខុសគ្នាបែបណា ដើម្បីឈានដល់ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវមួយនៅកម្ពុជា។
លោកបណ្ឌិតបានពន្យល់ថា ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវមនុស្សសាស្ត្រនៅកម្ពុជា មានសារសំខាន់ណាស់ ព្រោះថា ការអប់រំដែលគ្មានការស្រាវជ្រាវ នឹងធ្វើឱ្យការអប់រំគ្មានការផ្លាស់ប្តូរ និងមិនដើរទៅមុខ។ មជ្ឈមណ្ឌលនេះ នឹងជួយឱ្យអ្នកស្រាវជ្រាវទាំងអស់អាចធ្វើការជាមួយគ្នា ព្យាយាមយល់ពីកម្មវត្ថុផ្សេងៗ ទាក់ទងនឹងមនុស្សសាស្ត្រ។
ទាក់ទងនឹងការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រនេះដែរ បណ្ឌិត យូស្សេហ្វ ថាច់ សង្កេតឃើញថា នៅតាមបណ្តាសាកលវិទ្យាល័យនៅកម្ពុជា នៅខ្វះខាតអ្នកស្រាវជ្រាវនៅឡើយ ពិសេសអ្នកស្រាវជ្រាវផ្នែកសង្គមសាស្ត្រ និងមនុស្សសាស្ត្រ ពួកគេមិនទាន់មានឳកាសធ្វើស្នាដៃផ្ទាល់ខ្លួនសម្រាប់សាកលវិទ្យាល័យពួកគេ ពិសេសជាងនេះទៀតនោះ គឺកម្ពុជាមិនទាន់មានមជ្ឈមណ្ឌលស្រាវជ្រាវផ្ទាល់ខ្លួន។ លោកបណ្ឌិតរំពឹងថា តាមរយៈសិក្ខាសាលារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់១៦ ខែមីនា នៅមជ្ឈមណ្ឌលខេមរភាសា វត្តដំណាក់ និងសិក្ខាសាលាជាង១០ទៀតនៅក្នុងគម្រោងនេះ នឹងជំរុញឱ្យមានអ្នកស្រាវជ្រាវយល់ពីសារសំខាន់នៃគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកមនុស្សសាស្ត្រនៅកម្ពុជា ថាតើវាបង្កើតឡើងដើម្បីអ្វី ធ្វើអ្វីខ្លះ ដោយមិនចង់គ្រាន់តែបង្កើតហើយ គ្មានមនុស្សធ្វើការនោះឡើយ។
រដ្ឋលេខាធិការក្រសួងអប់រំ និងជានាយកគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សា លោក យក់ ង៉ុយ មានប្រសាសន៍ថា គម្រោងខាងលើ នឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវមនុស្សសាស្ត្រមួយនៅកម្ពុជា ដែលមានលក្ខណៈជាអន្ដរគ្រឹះស្ថាន។ លោក រំពឹងថា ទៅអនាគត នឹងមានគ្រឹះស្ថានអប់រំ និងក្រសួងចូលរួមបន្ថែមទៀត ដើម្បីគាំទ្រធ្វើឱ្យមជ្ឈមណ្ឌលស្រាវជ្រាវមនុស្សសាស្ត្រកាន់តែមានភាពសម្បូរបែប និងពេញលេញ។
តាមលោក យក់ ង៉ុយ រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ កំពុងយកចិត្តទុកដាក់លើជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មគណិតវិទ្យា ដើម្បីឆ្លើយតបគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីឈានដល់ប្រទេសមានប្រាក់ចំណូលខ្ពស់។ លោកបន្ថែមទៀតថា វិស័យសិក្សាស្រាវជ្រាវមនុស្សសាស្ត្រ និងសង្គមសាស្ត្រ ទាមទារឱ្យមានការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាល ដើម្បីឱ្យប្រទេសមួយក្លាយជាប្រទេសមានការអភិវឌ្ឍ និងពេលលេញ។ លោកបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវបានរកឃើញថា និស្សិតនៅគ្រឹះស្ថានឧត្តមសិក្សា ៨០% សិក្សាផ្នែកវិទ្យាសាស្ត្រសង្គម និង២០% ផ្នែកវិស្វកម្មគណិតវិទ្យា ឬហៅកាត់ថា STEM ហើយក្នុង២០%នោះ មានប្រមាណ ១២%ប៉ុណ្ណោះ ដែលបានបញ្ចប់ដោយជោគជ័យ ដូច្នេះវាមានអតុល្យភាពខ្ពស់៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com