រកឃើញ​ត្រ​យ៉ង​ចង្កំ​កស ៦​សំបុក​នៅ​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព ខេត្តព្រះវិហារ​

30/11/-0001 12:00 am ព្រះវិហារ

​ព្រះវិហារ​៖ ត្រ​យ៉ង​ចង្កំ​កស ចំនួន ៦​សំបុក ត្រូវបាន​ក្រុម​អ្នក​អភិរក្ស​របស់​ក្រសួងបរិស្ថាន សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ និង​អង្គការ​WCS រកឃើញ​នៅក្បែរ​ភូមិ​ត្មាត​ប៉ើយ ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព ខេត្តព្រះវិហារ​។ បើតាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) ការការពារ​សំបុក​ពង​កូន​ត្រ​យ៉ង​ចង្កំ​កស​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ ដើម្បី​ថែរក្សា​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​កុំ​ឲ្យ​បាត់បង់​។​

​ត្រ​យ៉ង​ចង្កំ​កស ជា​សត្វ​ស្ថិតក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅលើ​សាកលលោក​។ ត្រ​យ៉ង​ចង្កំ​កស​នេះ មាន​រស់​នៅតែ​ក្នុងប្រទេស​កម្ពុជា ឡាវ និង​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ ហើយ​ចំនួន​នៅ​សេសសល់​របស់​វា​ភាគច្រើន​រស់នៅ​កម្ពុជា​។ ចំនួន​របស់​ត្រ​យ៉ង​ចង្កំ​ស​នៅលើ​ពិភពលោក​មានការ​ធ្លាក់​ចុះ​យ៉ាងខ្លាំង​សម្រាប់​រយៈពេល​១០០​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​បច្ចុប្បន្ន​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​តិចជាង​១​ពាន់​ក្បាល​នៅលើ​ពិភពលោក​។ 
 
​ក្នុង​សហគមន៍​ទេសចរ​ធម្មជាតិ​ត្មាត​ប៉ើយ​ខេត្តព្រះវិហារ បាន​គាំទ្រ​ដល់​ការរស់នៅ​របស់​សត្វ​ត្រ​យ៉ង​ចង្កំ​កស ប្រមាណ​៥០​ក្បាល ស្មើនឹង​៥​ភាគរយ​នៃ​ចំនួន​របស់​វា​ទាំងអស់​នៅលើ​ពិភពលោក​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ ការបាត់បង់​ទីជម្រក ការ​បរបាញ់ និង​ការរំខាន កំពុងតែ​គំរាមកំហែង​ខ្លាំង​ដល់​ការរស់នៅ​របស់​ត្រ​យ៉ង​ចង្កំ​កស​នេះ​។​
 
​ប្រធាន​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ លោក ឌឹ​ប គឹម​អោន លើកឡើងថា យើង​រីករាយ​ណាស់​ចំពោះ​ការរកឃើញ​សំបុក​ត្រ​យ៉ង​ចង្កំ​កស​នេះ ពីព្រោះ​ពួកវា​គឺជា​ប្រភេទ​សត្វ​ស្លាប​ដ៏​សំខាន់​ដែល​ភ្ញៀវទេសចរ​ចង់​ទស្សនា​។ ប្រធាន​សហគមន៍​រូប​នេះ បន្តថា ចាប់តាំងពី​ឆ្នាំ​២០១៣​មក ភ្ញៀវទេសចរ​ជា​មធ្យម​២៤០​នាក់ បានធ្វើ​ដំណើរ​មកកាន់​ភូមិ​ត្មាត​ប៉ើយ​ដើម្បី​ទស្សនា​សត្វ​ត្រ​យ៉ង​យក្ស និង​ត្រ​យ៉ង​ចង្កំ​កស​ជា​រៀងរាល់ឆ្នាំ​។ 
 
​សូមបញ្ជាក់ថា នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព សមាជិក​សហគមន៍​ចូលរួម​ត្រួតពិនិត្យ និង​ការពារ​សំបុក​ពង​កូន​របស់​សត្វ​ត្រ​យ៉ង​យក្ស និង​ត្រ​យ៉ង​ចង្កំ​កស ទទួលបាន​ប្រាក់​លើកទឹកចិត្ត​តាមរយៈ​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍​ត្មាត​ប៉ើយ សហការ​ជាមួយ​អង្គការ​WCS និង​មជ្ឈមណ្ឌល សំ វាសនា​៕






ព័ត៌មានទាក់ទង