
កណ្ដាល៖ បន្ទាប់ពីកំពង់ចាម ត្បូងឃ្មុំ និងស្ទឹងត្រែង ខេត្តកណ្តាល ក្លាយជាទីតាំងទី៤នៃពិធីបុណ្យទន្លេរយៈពេល៣ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី៩ ខែមីនា នេះ។ ក្រោមការដឹកនាំរបស់លោក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ កងកម្លាំងនៃអនុគណៈកម្មការថ្នាក់ជាតិ កិច្ចការពារសន្តិសុខសុវត្ថិភាព និងសង្គ្រោះប្រមាណ១៤០០នាក់ត្រូវដាក់ពង្រាយ។
រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យទន្លេនៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កងកម្លាំងសមត្ថកិច្ច ពីបញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានកងទ័ពជើងទឹក ផ្នែកកងរាជអាវុធហត្ថ និងកងកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានដាក់ពង្រាយដើម្បីការពារសន្តិសុខសុវត្ថិភាព និងការងារសង្គ្រោះបន្ទាន់។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey នៅទីតាំងប្រារព្ធពិធីកាលពីព្រឹកថ្ងៃសុក្រ លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានអះអាងថា៖ «ថ្ងៃទី១ នៃពិធីបុណ្យទន្លេ នៅក្រុងតាខ្មៅ មិនទាន់មានអសន្តិសុខកើតមានគួរឲ្យកត់សម្គាល់នៅឡើយទេ»។
លោកបានអះអាងថា តាមរយៈការពង្រឹងសន្តិសុខ អ្នកចូលរួមពិធីទាំងអស់សប្បាយរីករាយមើលព្រឹត្តិការណ៍កីឡា និងសិល្បៈផ្សេងៗ រួមទាំងការដាក់តាំងពិព័ណ៌ផលិតផលក្នុងស្រុក និងក្រៅស្រុក ប្រមាណ៥៥០ស្តង់ផងដែរ។
ក្រៅពីមានកម្លាំងសមត្ថកិច្ចចម្រុះដែលឈរការពារ និងដើរល្បាតទៅតាមគោលដៅ ក្នុងពិធីនេះ ក៏មានស្តង់ពេទ្យពីរកន្លែងសម្រាប់សង្គ្រោះបឋម ហើយនិងមានបន្ទប់បង្គន់អនាម័យសាធារណៈថែមទៀតផង៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

