កណ្ដាល៖ ពិធីបុណ្យទន្លេ នៅក្នុងឆ្នាំ២០១៨នេះ ប្រព្រឹត្តទៅនៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ខាងមុខ។ កម្មវិធីបុណ្យទន្លេឆ្នាំទី៤នេះ នឹងរៀបចំឡើងនៅភូមិសាស្ត្រខេត្តកណ្ដាល ដែលជាអ្នកត្រូវទទួលបន្ទុករៀបចំសណ្ដាប់ធ្នាប់ និងសេវាកម្មដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅចូលរួម។
រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែមីនាខាងមុខ ព្រឹត្តិការណ៍បុណ្យទន្លេដែលធ្វើឡើងមួយឆ្នាំម្ដង នឹងរៀបចំឡើងនៅខេត្តកណ្ដាល។ នៅក្នុងកិច្ចប្រជុំចុងក្រោយដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តកណ្ដាលបានទទូចឲ្យប្រជាពលរដ្ឋ ចូលរួមយ៉ាងសកម្មក្នុងការរក្សានូវសន្តិភាព សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន នៅក្នុងព្រឹត្តិការណ៍ដ៏ធំសម្រាប់ខេត្តមួយនេះ។
ដោយសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីបុណ្យទន្លេនេះនឹងចាប់ផ្ដើមហើយនោះ កិច្ចប្រជុំបានជម្រុញឲ្យលេខាធិការដ្ឋាន និងគណៈកម្មការ ពន្លឿនការងារដែលនៅសេសសល់ឲ្យបានមុនកម្មវិធីចាប់ផ្ដើម។ ការងារដែលត្រូវរៀបចំឲ្យបានទាន់ពេលនោះមាន៧ចំណុចសំខាន់ៗដូចជា៖
សោភ័ណ្ឌភាពខេត្ត (ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បន្ថែម និងសម្អាតបង្គន់អនាម័យសាធារណៈ ធុងសំរាម និងរៀបចំតុបតែងផ្ទះ របស់ប្រជាពលរដ្ឋឲ្យបានល្អ)។ គុណភាពសេវាទេចរណ៍ (តម្លៃ, រសជាតិ និងសេវាកម្ម)។ ការផ្សព្វផ្សាយផលិតផលក្នុងស្រុក (ដំណាំកសិកម្ម ឧស្សាហកម្ម)។ ការផ្សព្វផ្សាយនូវសិល្បៈចម្រុះ (បង្ហាញពីវប្បធម៌ អត្តសញ្ញាណ ទឹកដី ភូមិសាស្ត្រ សកម្មភាពកីឡា លើគោក និងក្នុងទឹក ដោយភ្ជាប់ជាមួយការណូតទេសចរណ៍ចូលរួមផង)។ ជំរុញធ្វើយ៉ាងណាផ្សព្វព័ត៌មានដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងក្រុមហ៊ុននានាចូលរូមឲ្យបានច្រើន ដោយរំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង១លាននាក់។ ចំណុចចុងក្រោយនោះគឺ គណៈកម្មការត្រូវរៀបចំព្យុហយាត្រាលើផ្ទៃទឹកទន្លេឲ្យបានអធិកអធ័ម។
ឆ្នាំ២០១៨ គឺជាឆ្នាំទី៤ នៃពិធីបុណ្យទន្លេ ធ្វើឡើងក្រោមប្រធានបទទន្លេសន្តិភាព «មិត្តភាព និងនិរន្តរភាពទេចរណ៍» កម្មវិធីបុណ្យទន្លេ ត្រូវបានក្រសួងទេចរណ៍បានរៀបចំឡើង ដើម្បីជម្រុញឲ្យមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកាន់ខេត្តនៅដងទន្លេ នៃប្រទេសកម្ពុជា និងដើម្បីជម្រុញឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com