សៀមរាប៖ អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំក្រាលកម្រាលក្ដារឈើនៅតាមដើមឈើធំៗ ដែលជាវង់ទស្សនារបស់ភ្ញៀវទេសចរ។ ដើមឈើ ជាផ្នែកមួយដ៏សំខាន់នៅប្រាសាទតាព្រហ្ម។ គម្រោងនេះ ដើម្បីបញ្ជៀសពីផលប៉ះពាល់នានា ដែលបង្កឡើងតាមរយៈសកម្មភាពនានារបស់ភ្ញៀវទេសចរ។
តាមរយៈសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ការរៀបចំកម្រាលក្ដារនៅតាមដើមឈើធំៗនៅប្រាសាទតាព្រហ្ម គឺដើម្បីបញ្ចៀសផលប៉ះពាល់នានា ដែលជាសកម្មភាពរបស់មនុស្ស ដូចជាដើរជាន់ឬស និងគល់ដើមឈើ ដែលបង្អាក់ដល់ការលូតលាស់ដើមឈើទាំងនោះ។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី ១ ខែមីនា គម្រោងនេះក៏ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងបរិវេណប្រាសាទ និងនៅតាមវង់ទស្សនាទាំងមូលក្នុងប្រាសាទតាព្រហ្មផងដែរ។
អាជ្ញាធរជាតិអប្សរា នឹងសង់កម្រាលក្ដារនៅតាមផ្លូវវង់ទស្សនា និងជុំវិញដើមឈើ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរទស្សនាតាមគល់ដើមឈើមួយចំនួននៅក្នុងបរិវេណប្រាសាទតាព្រហ្ម។ ការងារនេះទាំងនេះ នឹងអាចចាប់ផ្តើមពីដើមខែ មីនា នេះតទៅ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com