គំនូរ​លើ​ផ្ទាំង​ថ្ម​ដែល​រកឃើញ​នៅ​ខេត្តពោធិ៍សាត់ អាចមាន​អាយុកាល​ក្រោយ​សម័យអង្គរ

30/11/-0001 12:00 am ពោធិ៍សាត់

​ពោធិ៍សាត់​៖ បើតាម​ការសន្និដ្ឋាន​មិន​ផ្លូវការ​របស់​អ្នកបច្ចេកទេស នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រូបគំនូរ​លើ​ផ្ទាំង​ថ្ម​លើ​ដងភ្នំ​ក្រវាញ ក្នុង​ខេត្តពោធិ៍សាត់ អាចមាន​អាយុកាល ចាប់ពី​សម័យ​ក្រោយ​អង្គរ ដែល​បង្ហាញ​ពី​ជីវភាព​រស់នា​សម័យ​នោះ​។



​គំនូរ​លើ​ផ្ទាំង​ថ្ម ដែល​ស្ថិតក្នុង​ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបាន​ប្រទះឃើញ​ដោយ​ក្រុម​អភិរក្ស​របស់​អង្គការ​មួយ នៅ​ឆ្នាំ​២០០៥ ហើយ​ក្រុម​ជំនាញ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះទៅ​សិក្សា​ស្រាវជ្រាវ​នៅ​ទីនោះ​នៅ​ឆ្នាំ​២០១២​។ តាមពិតទៅ គំនូរ​នេះ ត្រូវបាន​ក្រុម​ជំនាញ​ខាងលើ ចេញ​របាយការណ៍​ផ្សព្វផ្សាយ​តាំងពី​ឆ្នាំ​២០១២ មក​ម្លេះ​។ នេះ​បើតាម​លោក​បណ្ឌិត ហេង សុ​ផា​ឌី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​បេ​តិ​ភណ្ឌ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែលជា​អ្នកដឹកនាំ​ការស្រាវជ្រាវ​ដល់ទី​តាំង​នោះ​ដោយផ្ទាល់​។​



​ទោះយ៉ាងណា អាយុកាល​នៃ​គំនូរ​នេះ ពុំទាន់​មានការ​ស្រាវជ្រាវ​ផ្លូវការ​ណាមួយ​ឡើយ​។ ហើយ​ការប៉ាន់ស្មាន​ពី​អាយុកាល​របស់​គំនូរ គឺ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​របស់​ប​ណ្ឌិ​ត ហេង សុ​ផា​ឌី ក្នុងនាម​ជា​អ្នកជំនាញ ដែល​បាន​ចុះ​ទៅដល់​ផ្ទាល់​នៅ​ទីតាំង​នោះ​។ លោក​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​២៨​ខែកុម្ភៈ​យ៉ាង​ដូច្នេះ​ថា​៖«​ចំពោះ​អាយុកាល យើង​អត់​ទាន់​បានធ្វើ​ទេ​។ តែបើ​មើល​លើ​រូប​ដែលមាន​រូប​មនុស្ស​ជិះ​ដំរី នង្គ័ល​ជាដើម ខាង​ក្រុម​ខ្ញុំ​គិតថា មិនមែន​ក្នុងសម័យ​បុរេប្រវត្តិ​ទេ ព្រោះ​រូប​បង្ហាញ​ពី​ជីវភាព​រស់នៅ អាច​ក្នុង​សម័យអង្គរ តែ​ភាគច្រើន​គឺអាច​សម័យ​ក្រោយ​អង្គរ​។ តែ​យ៉ាងណា​យើង​អត់​មាន​មូលដ្ឋាន​ច្បាស់​ទេ​»​។

​គំនូរ​ទាំងនេះ ត្រូវបាន​គូរ​នៅ​ផ្នែក​ខាងក្រោម​ពើប​ថ្ម ដែល​អាច​ចៀស​ផុតពី​ភ្លៀវ និង​ខ្យល់​ជាដើម ហើយ​គំនូរ​នេះ មាន​សារធាតុ​ដើម​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​រូបរាង​នៃ​គំនូរ​លើ​ផ្ទាំង​ថ្ម​នេះ ស្ថិតនៅលើ​ដងភ្នំ​ក្រវាញ ជ្រាបចូល​ក្នុង​សាច់​ថ្ម​។ នេះ​ជា​មូលហេតុ ដែល​គំនូរ​នៅ​រក្សា​រូបរាង​មកទល់​សព្វថ្ងៃ​។ លោក សុ​ផា​ឌី បញ្ជាក់​ដូច្នេះ​។​



​រូបគំនូរ​ទាំងនេះ មានដូចជា សត្វ​ដំរី មនុស្ស​ជិះ​ដំរី នង្គ័ល សត្វ​ឈ្លូស ក្ដាន់ ជាដើម​។ គំនូរ​លើ​ផ្ទាំង​ថ្ម  ត្រូវបាន​អ្នកជំនាញ​ខាងលើនេះ​ឲ្យ​ដឹងថា​គឺជា​ការរកឃើញ​ដោយ​កម្រ បើទោះបី​ជាមាន​ការរក​ឃើញ​គំនូរ​ប្រភេទ​នេះ នៅ​ទី​តាំងពីរ​បី​កន្លែង​ផ្សេងទៀត​ក៏ដោយ​។ ហើយ​គំនូរ​ទាំងនេះ​ត្រូវបាន​ក្រសួង​វប្ប​ធ៌​ម និង​វិចិត្រសិល្បៈ ដាក់ចូល​ជា​បេ​តិ​ភណ្ឌ​ជាតិ​រួចរាល់​ហើយ ដើម្បី​អភិរក្ស​។​



​លោក​បណ្ឌិត ហេង សុ​ផា​ឌី បន្ថែមទៀតថា គំនូរ​លើ​ផ្ទាំង​ថ្ម នៅ​ខេត្តពោធិ៍សាត់​នេះ មិនមែន​ជាការ​គូរ​លេង​នោះទេ ដោយ​លោក​សន្និដ្ឋានថា អ្នក​គូរ​មានការ​យល់ដឹង និង​ចេះ​ប្រើប្រាស់​វត្ថុធាតុដើម ដែល​អាចធ្វើ​គំនូរ​ជាប់​លើ​ថ្ម​បានយូរ ក្នុង​បំណង​បង្ហាញ​ពី​ធម្មជាតិ និង​ជីវភាព​រស់នៅ​របស់​ម​នុស្ស​ក្នុងសម័យ​កាលនោះ​៕



ព័ត៌មានទាក់ទង