
មនុស្សម្នាក់បានស្លាប់ និង១៩នាក់ទៀត រងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលមកពីការបុកគ្នារវាងរថយន្តហ៊ីយ៉ាន់ដាយ ជាមួយរថយន្តក្រុងអូឡាំពិក កាលម៉ោង១និង៣០នាទីយប់ ថ្ងៃទី២៦ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ នេះបើតាមការចុះផ្សាយក្នុងគេហទំព័ររបស់អគ្នស្នងការនគរបាលជាតិ។
បើតាមអគ្គស្នងការនគរបាលជាតិ ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ឈ្មោះ កែវ សាវុធ ជាអ្នកបើកបររថយន្តក្រុងនោះ។ ចំណែក អ្នករងរបួសទាំង១៩នាក់ រួមមាន ជនជាតិខ្មែរ៤នាក់ ថៃ៣នាក់ បារាំង២នាក់ អាល្លឺម៉ង់៤នាក់ អ៊ីស្រាអែល២នាក់ អង់គ្លេស៣នាក់ និងជនជាតិចិន១នាក់។ អ្នករបួសទាំងនោះ មានស្រី១០នាក់។
អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា អ្នករងរបួសខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

