
ភ្នំពេញ៖ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ មន្ទីរសុខាភិបាលខេត្តកំពង់ចាម នឹងប្រជុំគណៈគ្រូពេទ្យ ដើម្បីពិនិត្យពិច័យលើករណីគ្រូពេទ្យបង្អែកខេត្តកំពង់ចាមបានវះកាត់ស្ដ្រីសម្រាលកូនម្នាក់ ដោយបន្សល់ទុកកន្សែងក្នុងពោះស្រី្ដនោះ។
បើទោះបីប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក គឹមសួរ ភីរុណ មិនបាននិយាយចំថាគ្រូពេទ្យបង្អែកខេត្តកំពង់ចាម បានធ្វេសប្រហែសក្នុងពេលវះកាត់ស្ត្រីសម្រាលកូនម្នាក់ ដោយបានបន្សល់ទុកកន្សែងក្នុងពោះស្រី្តនោះក៏ដោយ តែលោកប្រាប់ថា ក្រុមការងាររបស់លោកនឹងប្រជុំដោះស្រាយលើករណីនេះលម្អិត ហើយនឹងមានវិធានការលើគ្រូពេទ្យពាក់ព័ន្ធ បើរកឃើញថាមានកំហុសដូចនោះមែន។ «ជាបឋមយើងបានជួបស្ត្រីនោះ ដើម្បីជួយគាត់ តែរឿងការងារបច្ចេកទេសពេទ្យ ដល់ថ្ងៃច័ន្ទ ដែលជាថ្ងៃធ្វើការ បានយើងរៀបចំក្រុមការងារពិនិត្យលើរឿងនេះ។ យើងបានដឹងករណីនេះនៅថ្ងៃសុក្រសប្ដាហ៍នេះ»។ លោក គីមសួរ ភីរុណ ថ្លែងដូចនេះប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២៥ខែកុម្ភៈ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន freshnews នៅថ្ងៃទី២៤ខែកុម្ភៈ ម្សិលមិញនេះ ស្ត្រីរងគ្រោះនេះ បានទទួលការវះកាត់សម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម កាលពីជាង៣ខែមុន។ បន្ទាប់ពីពេលនោះមក ស្ដ្រីរូបនេះនៅតែមានការឈឺចាប់ខ្លាំងក្នុងពោះរបស់ខ្លួន រួចក៏សម្រេចចិត្តទៅវះកាត់ម្ដងទៀតនៅពេទ្យឯកជនមួយនៅភ្នំពេញ កាលពីថ្ងៃទី១៩ខែមករា ស្រាប់តែឃើញមានកន្សែងមួយក្នុងពោះស្រី្តរូបនេះ។
សព្វថ្ងៃនេះ ស្ត្រីរងគ្រោះនេះ ដោយមានការឧបត្ថមពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុនសែន និងរដ្ឋបាលខេត្តកំពង់ចាម កំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលឲ្យជាសះស្បើយ។
ជុំវិញករណីដែលកើតឡើងដោយកម្រនេះ លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងសុខាភិបាលនឹងមិនអត់ឱនដល់គ្រូពេទ្យពាក់ព័ន្ធ បើរកឃើញថាបានប្រព្រឹត្តខុសនោះឡើយ។ លោកមានប្រសាសន៍ដូច្នេះថា៖«បើមានកំហុស យើងមាននីតិវិធី ក្រមសីលធម៌គ្រូពេទ្យ ដើម្បីដាក់ពិន័យលើពួកគាត់តាមការរកឃើញ។ ហើយមន្ត្រីរបស់យើងកំពុងពិនិត្យកិច្ចការនេះហើយ ដោយត្រូវការពេលវេលា»៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

