សត្វ​ទោច​ម្កុដ​គូ​ទី​៣ ត្រូវបាន​ព្រលែង​ក្នុងព្រៃ​នៃ​ឧទ្យាន​អង្គរ​

30/11/-0001 12:00 am សៀមរាប

​សៀមរាប​៖ សត្វ​ទោច​ម្កុដ ដែលជា​ប្រភេទ​សត្វព្រៃ​កម្រ​នៅ​កម្ពុជា ត្រូវបាន​នាំយកមក​ព្រលែង​ក្នុងព្រៃ នៃ​ឧទ្យាន​អង្គរ​។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​អាជ្ញាធរ​អប្សរា រួម​និង​អង្គការ​ដៃគូ យកមក​ព្រលែង ក្នុង​បំណង​ស្ដារឡើងវិញ​នៃ​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ​។​



​សត្វ​ទោច​មួយគូ រួម​និង​កូន​មួយ​ក្បាល​ទៀត ដែល​ទើបនឹង​កើត​នោះ ត្រូវបាន​ព្រលែង​ក្នុងព្រៃ​នៅ​ខ្លោងទ្វារ​តាកែវ ដែលជា​ខ្លោងទ្វារ​ខាងលិច​នៃ​ប្រាសាទបាយ័ន​។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​គម្រោង​ស្ដារ​ប្រភេទ​សត្វព្រៃ បាន​ព្រលែង​ក្នុងព្រៃ​នៃ​ឧទ្យាន​អង្គរ ដើម្បី​បង្កើត​វត្តមាន​ប្រភេទ​សត្វព្រៃ​ដែល​ធ្លាប់មាន​នៅក្នុង​តំបន់​អង្គរ​កន្លងមក​។​

​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖




​លោក រ័ត្ន ប៊ុនធឿន ប្រធាន​មជ្ឍមណ្ឌល​ស្រាវជ្រាវ​សត្វព្រៃ នៃ​រដ្ឋបាល​ព្រៃឈើ បាន​ថ្លែង​ក្នុង​ពិធី​ព្រលែង ដែល​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨ ថា តាម​ការសិក្សា​នាពេល​កន្លងមក​របស់​លោក បាន​រកឃើញថា ព្រៃ​ក្នុង​ឧទ្យាន​អង្គរ ធ្លាប់មាន​ប្រភេទ​សត្វ​ទោច​រស់នៅ ប៉ុន្តែ​ពួកវា​ត្រូវបាន​ផុត​ពូជ​អស់​នៅ​អំឡុង​ទ​.​វ​៨០ ពេល​សង្គ្រាមស៊ីវិល​កើតឡើង​។ លោក​បន្ថែមថា ព្រៃ​ឧទ្យាន​អង្គរ មាន​សក្កា​នុព​ល ឬ​ភាព​អំណោយផល​ច្រើន​សម្រាប់​ប្រភេទ​សត្វព្រៃ ដូចជា​សត្វ​ទោច​ជាដើម ហើយ​ចំណី​របស់​វា​មាន​ស្លឹកឈើ ផ្លៃ​ឈើ និង​ប្រភេទ​សត្វល្អិត​ផ្សេងៗ​។



​លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​អប្សរា បានឱ្យដឹងថា បច្ចុប្បន្ន​ព្រៃ​ឧទ្យាន​អង្គរ​មាន​សត្វ​ទោច​ចំនួន​១០​ក្បាល​ហើយ​។ ចំណែក​ទោច​ដែល​បាន​ព្រលែង​នេះ គឺជា​គូ​ទី​៣​ហើយ ក្រោយ​ទោច​២​គូ​ទៀត បាន​ព្រលែង​នៅ​ទីតាំង​ផ្សេងគ្នា​ក្នុងព្រៃ​ឧទ្យាន​អង្គរ​។ លោក សូវ៉ាត បន្ថែ​ថា ទោច​ដែល​ព្រលែង​នៅ​ខ្លោងទ្វារ​តាកែវ​នេះ មាន​ចំនួន​៣ គឺ​មេ​មួយ ឈ្មោល​មេ និង​កូន​មួយ ដែល​កូន​ទើបនឹង​កើ​ក​ក្នុង​ទ្រុង ពេលដែល​ក្រុមការងារ​យក​វា​មក​ផ្សុំ​ា​ជិត​មួយឆ្នាំ​ម មុន​ធ្វើការ​ព្រលែង​នេះ​។​



​លោក និក ម៉ាក នាយក​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) បានឱ្យដឹង​ដែរ​ថា សត្វ​ទោច​ដែល​យកមក​ព្រលែង​នៅពេលនេះ គឺ​នាំយក​ពី​សួនសត្វ​តា​ម៉ៅ​។ ហើយ​ការ​ព្រលែង​នេះ​ធ្វើឡើង​បន្ទាប់ពី​ជោគជ័យ​ក្នុងការ​ព្រលែង ក្នុងព្រៃ​ឧទ្យាន​អង្គរ​នាពេល​កន្លងមក​។ លោក ម៉ាក ក៏បាន​អរគុណ​ដល់​អាជ្ញាធរ​អប្សរា ដែលជា​និច្ចកាល តែ​សហ​ការល្អ​ក្នុង​គម្រោង​ស្ដារ​សត្វព្រៃ​នេះ ហើយ​លោក​នឹង​រីករាយ​ចំពោះ​ការ​ព្រលែង​ប្រភេទ​សត្វព្រៃ​ផ្សេងទៀត​នាពេល​អនាគត​។​

​ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ លោក និក ម៉ាក បាន​ពន្យល់ថា សត្វ​ទោច​ជា​ប្រភេទ​សត្វព្រៃ​ចូលចិត្ត​រស់នៅ​ដាច់​ឆ្ងាយ​ពី​គេឯង ហើយ​វា​អាច​រស់នៅ​ចន្លោះ​ពីគ្នា​ប្រវែង​២០​ហិកតា ក្នុង​មួយគូៗ​។ សត្វ​ទោច​ចាប់ផ្តើម​មានកូន​នៅ​អាយុ ៥​ឆ្នាំ ហើយ​វា​នឹង​មានកូន​ម្តងទៀត ក្រោយ​កូន​បង​មាន​អាយុ​ពី​៣​ឆ្នាំ​ឡើងទៅ​។​



​គួររម្លឹកថា អាជ្ញាធរ​អប្សរា បាន​ព្រលែង​ទោច​ម្កុដ​គូ​ដំបូង​នៅ​តំបន់​ប្រាសាទ​តា​នៃ នា​ខែមិថុនា ឆ្នាំ​២០១៣ និង​មួយគូ​ទៀត នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ខ្លោងទ្វារ​ខ្មោច​ខាងកើត​ប្រាសាទបាយ័ន​ដែល​បង្កើត​បានកូន​មួយ​កាលពី​ថ្ងៃទី​២៩ ខែមិថុនា​២០១៦​។ ចំណែក​ទោច​ម្កុដ​មួយគូ​នៅ​ម្តុំ​ប្រាសាទ​តា​នៃ បាន​បង្កើតកូន​ចំនួន​ពីរលើក គឺ​កូន​ទីមួយ​ជា​កូនញី នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៥ និង​កូន​ទី​២ កើត​នៅ​ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​២០១៧​។ ចំណែក​គូ​ទី​២ នៅ​ខ្លោងទ្វា​ប្រាសាទ ក៏បាន​បង្កើតកូន​មួយ​ក្បាល​ផងដែរ​។ សរុប​ទាំងអស់ សព្វថ្ងៃ​នៅក្នុង​ព្រៃ​ឧទ្យាន​អង្គរ​មាន​សត្វ​ទោច​ចំនួន ១០​ក្បាល​ហើយ​៕

ព័ត៌មានទាក់ទង