សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តខេត្តសៀមរាប ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥ ដល់១៧ ខែកុម្ភៈ មានចំនួនជាង ៩ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប។
របាយការណ៍របស់មន្ទីរទេសចរណ៍ ទេសចរសរុបអំឡុងបុណ្យចូលឆ្នាំចិន មានចំនួន ៩០,៨២៦នាក់ កើនឡើង ១៣.៩៣ភាគរយ។ ក្នុងចំណោម ជាង ៩ម៉ឺននាក់នោះ មានទេសចរបរទេសចំនួន ៣៥,០២៦នាក់ កើនឡើង ១០.៧៥ភាគរយ និងទេសចរជាតិ ៥៦,៨០០នាក់ កើន ១៥.៩២ភាគរយ។
ទោះរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប មិនបានបញ្ជាក់ក៏ដោយ តែតាមការសង្កេត មុននិងក្រោយពិធីបុណ្យចូលឆ្នាំចិននេះ ទេសចរបរទេសដែលមានចំនួនច្រើនជាងគេនៅខេត្តសៀមរាប គឺជនជាតិចិន។ ក្រៅពីនេះ ទេសចរអឺរ៉ុបក៏រៀងងើបឡើងវិញដែរ ក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែចំនួននេះ ត្រូវបានមគ្គុទ្ទេសក៍អះអាងថា ហាក់មានចំនួនតិចនៅឡើយ បើធៀបនឹងឆ្នាំទៅ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com