ទំនៀម​លៀង​មេមត់ របស់​ស្រុក​នៅ​តំបន់​អង្គរ

30/11/-0001 12:00 am សៀមរាប

​សៀមរាប​៖ ជា​រៀងរាល់ឆ្នាំ តាំងពី​បរម​បុរាណ​មកហើយ ឲ្យ​តែ​ដល់​ខែមាឃ អ្នកស្រុក​អង្គរ​ដែលមាន​ជំនឿ​និង​រក្សាបាន​ខ្ជាប់ខ្ជួន​នូវ​មរតក​ទាក់ទង​នឹង​ពិធី​លៀង​មេមត់ តែង​ប្រារព្ធ​ពិធី​នេះ​មិនដែល​ខកខាន​នៅតាម​ភូមិ​ស្រុក​របស់ខ្លួន​យ៉ាង​អធិកអធម​។ ជាក់ស្តែង​ពិធី​នេះ ត្រូវបាន​រៀបចំ​យ៉ាង​គគ្រឹកគគ្រេង កាលពី​ថ្ងៃ​៣​រោច ខែមាឃ ឆ្នាំរកា ត្រូវ​នឹង​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លងមក នៅផ្ទះ​អ្នកស្រី គង់ ជា​គ្រូធំ​មួយ​មាន​គេ​គោរព​ច្រើន ស្ថិតក្នុង​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ខេត្ត​/​ក្រុង​សៀមរាប​។​
 
​តាម​ប្រសាសន៍​របស់​អ្នកស្រី គង់ ឲ្យ​ដឹងថា ឆ្នាំនេះ​មាន​មេមត់​ក្មេង​ចាស់ ប្រុស​ស្រី​ជាង​៣០​នាក់​ដែល​មក​លៀង​។ ឯ​អ្នកខ្លះ គេ​ខ្មាសអៀន​ក្នុងការ​រាំរែក គេ​បាន​យក​គ្រឿងរ​ណា្ត​ប់​មក​ឲ្យ​យើង (​អ្នកស្រី គង់​) ចូល​ជំនួស​ឬក៏​បង​ប្អូនគេ​ដែលមាន​រូប​ស្នង​ត្រូវ​មក​លៀង​មេមត់​ដែរ​ក៏មាន​។ អ្នកស្រី​បន្តទៀតថា ការរៀបចំ​លៀង​មេមត់ គឺ​ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ឲ្យ​ព្រលឹង​ដូច​តា​ជា​គ្រូ​កំណើត ជា​ឈ្នួ​រ​បាន​រាំរែក​ឲ្យ​សប្បាយ​មួយឆ្នាំ​ម្តង និង​ឲ្យ​អ្នក​ស្នង​រូប​ជា​រូប​ជា​អង្គ​ពី​ជំងឺ​ឈឺក្បាល​វិលមុខ​ផ្សេងៗ​។ 


  
​សម្រាប់​អ្នកស្រី ដែលមាន​គ្រូធំ​ជា​ស្តេច​ស្វា ហៅថា «​ព្រះរាជ​គ្រូ​» ចូល​សណ្ឋិត​ជាង​១០​ឆ្នាំ​មកហើយ​នោះ ដំបូង​មិនបាន​ជឿ​លើ​ជំនឿ​នេះ​ទេ រហូត​ឈឺ​ត្រដាបត្រដួស​ស្ទើរ​ស្លាប់​ស្ទើរ​រស់ រក​ពេទ្យ​បី​បួន​មើល​មិនជា ដាក់​ថ្នាំ​មិនត្រូវ ដល់​ថ្នាក់​ឈឺ​ទាំង​កូន ទាំង​ប្តី ទើប​ចាប់ផ្តើម​រៀបចំ​អាសនៈ គ្រឿង​រណ្តាប់​សម្រាប់​គ្រូ​ដែល​ចង់​នៅ​ជាមួយ ហើយ​ប្រតិបត្តិ​តាម​ដោយ​កាន់សីល កាន់​ធម៌​សច្ចៈ ក៏បាន​ជាសះស្បើយ គ្រួសារ​ក៏​សុខ​សប្បាយ ជីវភាព​ក៏​ធូរធារ​ជាង​មុន​។​



​អ្នកស្រី​ត្រូវបាន​អ្នកភូមិ​និង​ក្រៅ​ភូមិ​ស្រុក​ផង​ចូលមក​ឲ្យ​ជួយ​ព្យាបាល​ជំងឺ ដោះ​អំពើ​ផ្លូវ​ងងឹត ទស្សន៍ទាយ ស្រោច​ទឹក លើករាសី​ក្នុងការ​រកស៊ី កាត់​គ្រោះជា​ហូរហែ​។ លើសពីនោះ​ទៀត គាត់​ក៏​ជា​អ្នក​ប្រោះព្រំ បង្កក់​រាសី​ដល់​មេមត់​ផ្សេងៗ​ទៀត​នៅក្នុង​ស្រុក ក្រៅ​ស្រុក តាម​ដែល​គេ​ជឿជាក់​និង​គោរព​រាប់អាន រហូតដល់​គេ​ហៅថា​ជា «​គ្រូធំ​»​។ ដូច្នេះហើយ រៀងរាល់ឆ្នាំ គេ​តែង​រៀបចំ​លៀង​មេមត់​នៅផ្ទះ​របស់គាត់ ព្រោះ​គេ​ជឿថា​មានតែ​គ្រូធំ​ទេ ដែល​អាច​ការពារ​យិ​ត​យោង​មេមត់​ផ្សេងៗ​និង​ការ​ផ្ចាញ់ផ្ចាល​ពីស​ភាវៈ​អាក្រក់​មក​យាយី​បៀតបៀន​បាន​។​
 

  
​ក្នុងនាម​ជា​គ្រូធំ​ម្នាក់ អ្នកស្រី​មាន​តួនាទី​មើលថែ ការពារ និង​យឹតយោង​មេមត់​ផ្សេងៗ​ដែល​មក​លៀង​ពី​ពួក​សភាវៈ​អាក្រក់​កុំ​ឲ្យ​បៀតបៀន​តាមផ្លូវ​ងងឹត រួមទាំង​សម្របសម្រួល​ដល់​មេមត់​ខ្លះទៀត​ដែល​ទើប​មក​ថ្មី ហើយក៏​ជា​អ្នក​សួរនាំ​ពី​បំណង​ឬ​តម្រូវការ​របស់​ព្រលឹង​នៃ​រូបនោះ​ផងដែរ​ពេល​រូបនោះ​និយាយ​អ្វី​ប្រាប់​។​



​ចំពោះ​អ្នកស្រី «​មេមត់​» គ្រាន់តែ​ជា​ព្រលឹង​ដូនតា​ដែល​បាន​ស្លាប់ទៅ​ក្លាយជា​ខ្មោច​ដែលមាន​ឫទ្ធិ​អំណាច​ព្រោះ​ធ្លាប់ជា​អ្នករៀន​មន្ត​វិជ្ជាការ​ផ្សេងៗ​កាល​នៅរស់ ដែល​ខ្លះ​កាច ខ្លះ​ស្លូត ក្រមិចក្រមើម រប៉ិលរប៉ូច​តាម​និស្ស័យ​ជា​មនុ​ស្សកាល​នៅរស់ តែ​មិនមែន​វិញ្ញាណ​អាក្រក់ ស្មោកគ្រោក ដើរ​ធ្វើបាប​កូនចៅ​ឬ​អ្នកណា​ផ្សេង​នោះទេ​។ ព្រលឹង​ទាំងនេះ​តែងតែ​នៅ​ជាមួយ​កូនចៅ​ណា​ម្នាក់​ក្នុង​គ្រួសារ​ដែលមាន​និស្ស័យ​ជាមួយ ហើយ​ទាមទារ​ឲ្យ​យើង​ជា​អ្នក​កាន់ អ្នក​ស្នង​រូប​គោរព រំឭក​នឹក​គុណ មិន​ឲ្យ​ធ្វើ​អ្វីដែល​អាក្រក់ និង​រៀប​គ្រឿង​រណ្តាប់​តាម​អ្វីដែល​ត្រូវការ ហើយ​ចង់​រាំរែក​ឲ្យ​សប្បាយរីករាយ​តែប៉ុណ្ណោះ​។ បើ​យើង​ធ្វើតាម​បាន យើង​ក៏​សុខ​សប្បាយ តែបើ​យើង​ល្មើស ធ្វើ​អាក្រក់ ខុស​ប្រពៃណី មិន​អើពើ នឹងធ្វើ​ឲ្យ​អ្នកនោះ​ឬ​កូនចៅ​មាន​ជំងឺ​តម្កាត់ ឬ​រកស៊ី​មិនសូវ​ធូរធារ តែបើ​យើង​ដឹង ហើយ​កែខៃ​វិញ នោះ​នឹង​បានល្អ​ប្រសើរ​។​


 
​បន្ថែម​ពី​នោះ អ្នកស្រី​ក៏​រៀបរាប់​ដោយ​អឹមអៀន​និង​អស់សំណើច​ថា ពេល​ចូល​រូប​អត់​ខ្មាស​ទេ ឮ​តែ​ភ្លេងពិណពាទ្យ គឺ​ចង់តែ​រាំ​ទ្រាំ​មិនបាន ទាំង​តាម​ធម្មតា​អ្នកស្រី​ជាម​នុស្ស​អៀន​ច្រើន សុភាព មិនចេះ​រាំរែក​សូម្បី​បន្តិច​។ អ្នកស្រី​នឹង​បន្ត​ជំនឿ​នេះ​រហូត ព្រោះ​ជំនឿ​នេះ​ធ្វើ​ឲ្យ​អ្នកស្រី គ្រួសារ និង​ស្រុកភូមិ​មាន​ក្ដី​សុខ ហើយក៏​មិន​ជឿ​ដែរ​ថា ជំនឿ​នេះ​នឹង​បាត់បង់​ពី​ទឹកដី​អង្គរ ព្រោះ​មាន​កូនចៅ​ច្រើនណាស់​ចាំ​គោរព​ប្រតិបត្តិ​និង​ជឿជាក់ ហើយ​វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​មិនអាច​បោះបង់ចោល​បាន​ក្នុង​ការរស់នៅ​។ 


 
​ចំពោះ​បងស្រី ប្រាក់ ដែលមាន​ឈ្នួ​រកា​ន់​យូរ​ឆ្នាំ​ហើយ ហើយក៏​មក​លៀង​រាល់​ឆ្នាំ​ដែរ​។ បងស្រី​ឲ្យ​ដឹងថា មុននឹង​ដឹងថា យើង​មាន​ឈ្នួ​រ​ឬ​គ្រូ​កំណើត​កាន់ គឺ​យើង​ចេះតែ​ឈឺ​នេះ ឈឺ​នោះ ទៅ​ពេទ្យ​ក៏​មិនជា លេបថ្នាំ​ក៏​មិនត្រូវ ក៏​ទៅ​ឲ្យ​គ្រូ​ដែល​ចេះ​ទស្សន៍ទាយ​ទើប​ដឹងថា​យើង​ទាស់​អី ខ្វះ​អី​។ លុះ​ពេល​ដឹងថា​ជា​គ្រូ​កំណើត​ឬ​ឈ្នួ​រហើយ គេ​ត្រូវការ​បែប​ម៉េច ត្រូវការ​អ្វីខ្លះ ក៏​រៀប​ទៅតាម​គេ​តម្រូវ មិន​ចេះតែធ្វើ​តាមចិត្ត​នោះទេ​។ ការរៀបជម​និង​គ្រឿង​រណ្តាប់​សម្រាប់​គ្រូ​កំណើត​និង​ឈ្នួ​រ គឺ​ខុសគ្នា​។ បើ​យើង​រៀប​ត្រូវ ពេល​រូប​ចូលមក​ក៏​រាំរែក​សប្បាយរីករាយ បង្អួត​បង្ហាញ​គេ ហើយ​លើក​មក​ថើប​ដោយ​ក្តី​ស្រឡាញ់ ហើយ​រូប​កាយ​អ្នក​ស្នង​ក៏​ស្រឡះ​ខ្លួន ជាសះស្បើយ​ពី​ជំងឺ​។ ផ្ទុយទៅវិញ បើ​រៀបចំ​គ្រឿង​រណ្តាប់​មិនត្រូវ ពិសេស​ជម​គឺ​មេមត់​មិន​ចូល​រូប​ឡើយ ឬ​ចូល​តែ​យំ មិន​រាំលេង បោកប្រាស់ ក្រ​ញ៉េ​ក្រញូវ ដែល​គេ​ថា «​មេមត់​ង៉ក់​» ហើយ​ធ្វើ​ឲ្យ​រូប​កាយ​អ្នក​ស្នង​មិនជា​ស្រួលខ្លួន​ដែរ​។​
 

 
​អ្នកស្រី ទិ​ត្យ ហៀ​ម មាន​ទាំង​ឈ្នួ​រយាយ​តា​កាន់​ផង គ្រូ​កំណើត​កាន់​ផង​ជាង​២០​ឆ្នាំ​មកហើយ​។ គាត់​មិនដែល​ខកខាន​ទេ​ក្នុងការ​មក​លៀង​មេមត់ ដើម្បី​ឲ្យ​គ្រូ​កំណើត​និង​ឈ្នួ​រ​បាន​រាំរែក​សប្បាយ​ពេល​ដល់​ខែ​ដល់​រដូវ​។ អ្នកស្រី បញ្ជាក់ថា ឈ្នួ​រ គឺ​ត​មកពី​ម៉ែ​ពី​ឪ យាយ​តា ហើយ​ត្រូវ​រាំរែក​ជាប់​រាល់​ឆ្នាំ ឯ​គ្រូ​កំណើត គឺជា​គ្រូ​ដែល​យើង​បាន​ទៅ​រៀនសូត្រ​ធម៌​មន្ត​វិជ្ជាការ​ជាមួយ ឬ​ទៅ​ឲ្យ​កាត់​មើលជំងឺ​ឲ្យ លុះ​ពេល​គាត់​ស្លាប់ទៅ គ្រូ​គាត់​ក៏​នឹង​មក​ទំ (​នៅ​ជាមួយ​) យើង តែ​វា​មិន​ទាំងអស់​ទេ អាស្រ័យ​លើ​និស្ស័យ ហើយ​គ្រូ​កំណើត គឺ​រាំ​៣​ឆ្នាំ​ម្តង​។ បើទោះបី​មាន​វ័យ​ជាង​៥០​ឆ្នាំ​ទៅហើយ​ក៏ដោយ ក៏​អ្នកស្រី​ប្រកាន់​ជំហរ​យ៉ាង​មុតមាំ​មិន​បោះបង់ចោល​ការចូល​រូប មិន​បោះបង់ចោល​ព្រលឹង​ដូនតា ឬ​ចង​ឈ្នួ​រ​ចោល​ដែរ ព្រោះ​វា​បាប វា​ធ្វើ​ឲ្យ​យើង​ឈឺ វា​ដូចជា​យើង​បង្អត់បាយ​បង្អត់ទឹក​ដូនតា ម៉ែឪ​យើង​ឲ្យ​ក្តៅក្រហាយ ណាមួយ​វា​ក៏​មិន​លំបាក​អី​ផង មួយឆ្នាំ​រៀបចំ​ពិធី​តែម្តង ហើយ​កូនចៅ​ក៏​គាំទ្រ​និង​ជួយ​ជ្រោមជ្រែង​ក្នុងការ​មក​រៀបចំ​ពិធី​លៀង​មេមត់​នេះ​ទៀត​! បើ​យើង​គោរព​តាម យើង​ក៏​ស្រឡះ​រូប​ស្រឡះ​អង្គ កូនចៅ​សុខ​សប្បាយ និង​ជា​ទំនៀមទម្លាប់​ពី​បរម​បុរាណ​ផង​»​។​



​ពិធី​លៀង​មេមត់ គឺ​ពិតជា​សំខាន់​ខ្លាំងណាស់​សម្រាប់​ប្រជាជន​ក្នុង​តំបន់​អង្គរ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ការរស់នៅ​របស់​ពួកគាត់​ទាក់ទង​នឹង​ជំនឿ​ដែល​ផ្តាច់​មិនបាន បើទោះបី​វិទ្យាសាស្ត្រ​និង​ផ្នែក​សុខាភិបាល​មានការ​រីកចម្រើន​ខ្លាំង​ក្តី​។ លើសពីនោះ​ទៀត ក៏​បង្ហាញ​ពី​ការដឹងគុណ​ចំពោះ​បុព្វបុរស​ជា​គ្រូបាចារ្យ ជា​ឪពុកម្តាយ​ដែល​បាន​ចែក​ឋាន​ទៅហើយ​ផងដែរ មិន​ថា​គាត់​ទៅជា​អ្វី ក៏​នៅតែ​កូនចៅ​រាប់រក​ជានិច្ច​។ ការចូលរួម ភាពជឿជាក់ និង​ការ​ឃើញ​រឿងហេតុ​អស្ចារ្យ​នៅក្នុង​ពិធី ជា​អ្វីដែល​ធ្វើ​ឲ្យ​ពួកគាត់​យល់ថា វត្ថុ​ស័ក្ដិសិទ្ធិ​និង​បារមី​នៅតែមាន​ជីវិត​រស់នៅ​លើ​ដែនដី​អង្គរ មិន​សាបសូន្យ​ទៅណា​។ ការប្រតិបត្តិ​ទាំងនេះ ជាការ​រួមចំណែក​មួយ​ក្នុងការ​ថែរក្សា​មរតក​ជំនឿ​ឲ្យ​នៅតែ​មានជីវិត​គ្រប់​ជំនាន់ និង​បញ្ជាក់​ពី​កំណើត អត្តសញ្ញាណ​របស់​ជាតិខ្មែរ ដែល​មិនគួរ​ឲ្យ​បាត់បង់​តាម​ពេលវេលា​៕ 



អត្ថបទ និង​រូបភាព ផ្តល់​សិទ្ធិ​ដោយ​៖ អាជ្ញាធរ​ជាតិ​អប្សរា (​កញ្ញា ហ៊ីង ស្រីរ័ត្ន​)
 

ព័ត៌មានទាក់ទង