ចំណេះដឹង​ខ្ពស់ តែ​លោកតា ជា ឆេង ក្លាយជា​អ្នករត់​រ៉ឺម៉ក​កង់​បី​ពេល​វ័យ​ជិត​៨០​ឆ្នាំ​

30/11/-0001 12:00 am សៀមរាប

​សៀមរាប​៖ ពិតជា​កម្រ​ឃើញ​ណាស់ ដែល​លោកតា​វ័យ ៧៩​ឆ្នាំ ប្រកប​របរ​រត់​រ៉ឺម៉ក​កង់​បី​។ លោកតា ជា ឆេង បាននិងកំពុង​ប្រក​បរបរ​នេះ​ជាង​១០​ឆ្នាំ​មកហើយ​។ មើល​មួយ​ភ្លែ​ត គេ​មិនដឹងថា​លោកតា​មាន​វ័យ​ក្បែរ​៨០ឆ្នាំ​​ទេ បើ​គេ​សង្កេត​តាមរយៈ​ការនិយាយស្តី​នៅ​លះៗ ឯ​កម្លាំង​ទៀតសោត​ក៏​មិន​ចាញ់​ក្មេងៗ​ប៉ុន្មាន​ដែរនោះ​។ ជា​ចាស់​ព្រឹទ្ធា​ចា​រ្យ​មួយរូប លោកតា ជា ឆេង មាន​ប្រវត្តិ​ធ្លាប់​បម្រើ​ការងារ​នៅ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ហើយ​មានចំណេះដឹង​ផ្នែក​ប្រវត្តិសាស្ត្រ ភាសា​បារាំង និង​កំណាព្យ​បាន​យ៉ាង​ល្អ ជាងនេះទៅទៀត លោកតា​ក៏​ប៉ិនប្រសប់ផ្នែក​តន្ត្រី​ចម្រៀង​ផងដែរ​។​



​លម្អិត​ពី​ជីវិត និង​ការងារ​របស់​លោកតា ជា ឆេង បែបណា​នោះ សូម​ស្តាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោកតា ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ នៅ​បរិវេណ​វត្ត​ដំណាក់ ក្រុង​សៀមរាប ដូចតទៅ​

**audio2**


​មាន​ស្រុកកំណើត​ជា​អ្នក​ខេត្តតាកែវ លោកតា ជា ឆេង ធ្លាប់ជា​បុគ្គលិក​អង្្គការ​បរទេសមួយ​នៅ​ខេត្តបាត់ដំបង អំឡុង​ឆ្នាំ ១៩៩១ ដល់​១៩៩៧​។ លោកតា​ធ្លាប់​ថតកុន​ក្នុង​ផលិតកម្ម​បារាំង ធ្លាប់ជា​ឆ្មាំ​ប្រាសាទ ធ្លាប់ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​សព្វ​ថ្ងៃជា​អ្នក​ដឹក​ភ្ញៀវ​។ តាម​លោកតា ជា ឆេង ការងារ​សព្វថ្ងៃនេះ ជាការ​ងារ​ទាល់ច្រក​របស់​លោកតា​ក្រោយ​លោក​ធ្លាក់ខ្លួន​ពិការ​ជើង ប៉ុន្តែ​លោក​បានឱ្យ​តម្លៃ និង​យកចិត្តទុកដាក់​លើ​រប​រ​មួយ​នេះ ដូច​ទៅនឹង​ការងារ​ផ្សេងៗ​ទៀត​ដែរ​។​



«​ធ្វើ​អ្វី​ក៏ដោយ យើង​ត្រូវមាន​ចំណេះដឹង សិល្ប៍​វិធី ត្រូវ​ចេះ​រៀបចំ​និយាយស្តី បទពិសោធន៍ និង​សម្បូរ​ពាក្យ​និយាយ​...​មុននឹង​ដឹក​ភ្ញៀវ ខ្ញុំ​តែង​ទៅ​ជួប​និយាយ​ជាមួយ​ភ្ញៀវ​នៅ​សណ្ឋាគារ​សិន ដើម្បីឱ្យ​យល់​គ្នា ថា​តើ​ភ្ញៀវ​ចង់ទៅ​កន្លែង​ណាខ្លះ ងាយស្រួល​យើង​រៀបចំ​...»​។ នេះ​ជាការ​លើកឡើង​របស់លោក​តា ជា ឆេង​។​




​ដោយសារ​ការផ្សព្វផ្សាយ​ជា​ភាសា​បារាំង ដូច្នេះ​ភ្ញៀវ​លោកតា ជា ឆេង ច្រើន​ជា​ជនជាតិ​បារាំង ហើយ​ពួកគេ​ស្គាល់​លោកតា​តាមរយៈ​មិត្តភក្តិ បងប្អូន និង​គ្រួសារ ដែល​ធ្លាប់ជា​ភ្ញៀវ​លោក​ពីមុន​។ សម្រាប់​ការទំនាក់ទំនង​វិញ លោកតា ឆេង មាន​ការវិវត្ត​តាម​បច្ចេកវិទ្យា​បច្ចុប្បន្ននេះ គឺ​លោក​តាម​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ដែល​ដាក់ឈ្មោះថា Chea Chheng ជា​ភាសា​អង់គ្លេស និង​អ៊ី​ម៉ែ​ល ដែល​ងាយស្រួល​ឱ្យ​ភ្ញៀវ​ធ្វើការ​កក់​រ៉ឺម៉ក​របស់​លោកតា ពេល​មកលេង​ខេត្តសៀមរាប​។​

​ក្រៅពីនេះ លោកតា ឆេង ក៏មាន​ទេពកោសល្យ​ផ្នែក​តែង​កំណាព្យ និង​ចម្រៀង​ផងដែរ ដោយ​លោកតា​តែង​រៀបរាប់​ពី​ប្រវត្តិ​ប្រាសាទ​ខ្លីៗ និង​សម្រស់​ថ្ងៃ​រះ និង​ថ្ងៃ​លិច​នៅ​អង្គរ ក្នុងនោះ​ក៏មាន​រៀបរាប់​ជា​ភាសា​បារាំង​ផងដែរ​។​



​ពេលវេលា​កាន់តែ​ទៅមុខ​។ លោកតា ឆេង ក៏​កំណត់​គោលដៅ​សម្រាប់​ជីវិតចុងក្រោយ​របស់លោក​រួចហើយ​ដែរ​។ លោកតា​ចង់​ត្រឡប់​ទៅ​ស្រុកកំណើត​នៅ​ខេត្តតាកែវ​។ នៅ​ទីនោះ លោកតា​ចង់​មាន​កន្លែង​ស្នាក់នៅ​មួយ​ក្នុង​វត្ត​អារាម ដើម្បី​ធ្វើ​ការងារ​ចុងក្រោយ​បម្រើ​ដល់​ពុទ្ធសាសនា​៕

ព័ត៌មានទាក់ទង