អាជ្ញាធរ​រៀបចំ​ក្បួន​ដង្ហែ​ធំ អបអរ​ក្រុង​សៀមរាប​ជាប់​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ឆ្នាំ ២០១៨-២០២០

30/11/-0001 12:00 am សៀមរាប

​សៀមរាប​៖ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បានជ្រើសរើស​ទីក្រុង​សៀមរាប ជាប់​ជា​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ក្នុងចំណោម​ក្រុង​អាស៊ាន​ចំនួន ២៣​។ ក្រៅពី​ក្រុង​សៀមរាប កម្ពុ​ជាមាន​ទីក្រុង​ចំនួន​២​ទៀត ក៏​ជាប់​ជ័យលាភី​នេះដែរ ក្នុងនោះ​មាន ក្រុង​បាត់ដំបង និង​ក្រុងកែប​។ ដើម្បី​អបអរ​ជ័យលាភី​នេះ រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​ក្បួន​ដង្ហែ​ដ៏​ធំ អបអរ​ដែល​ក្រុង​សៀមរាប​ជាប់​ក្នុង​ជ័យលាភី​ដ៏​ពិសេស​នេះ​។​



​ការប្រគល់​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ឆ្នាំ ២០១៨-២០២០ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ​។ ទីក្រុង​ចំនួន​៣ របស់​កម្ពុជា រួមមាន សៀមរាប បាត់ដំបង និង​កែប ជាប់​ជ័យលាភី​ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ក្នុងចំណោម​ទីក្រុង​អាស៊ាន​ចំនួន ២៣  ក្រៅពីនេះ​មាន​រង្វាន់​សណ្ឋាគារ​បៃតង​អាស៊ាន​ដល់​សណ្ឋាគារ​ចំនួន ៤៧ រង្វាន់​បន្ទប់​ប្រជុំ​អាស៊ាន ដល់​សណ្ឋាគារ​ចំនួន​៤៧ និង​រង្វាន់​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​អាស៊ាន ដល់​គោលដៅ​ទេសចរណ៍​ចំនួន ១៧​។​



​ក្នុង​ពិធី​ហែ​ក្បួន​អបអរ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ អភិបាលក្រុង​សៀមរាប លោក សូរ ប្លា​តុង បានឱ្យដឹងថា ក្រុង​សៀមរាប​បានរៀបចំ​ឯក​សារ និង​ដាក់ពាក្យ​ចូល​ប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន អំឡុង​ខែ ឧសភា ឆ្នាំ​២០១៧ ហើយ​ក្រុមការងារ​វាយតម្លៃ​បច្ចេកទេស​បាន​ចុះមក​ពិនិត្យ វាយតម្លៃ​ដាក់ពិន្ទុ​តាម​ចំណុច​ផ្សេងៗ​។ តាម​លោក សូរ ប្លា​តុង​ដដែល លក្ខខណ្ឌ​ឯកសារ​តម្រូវ​សម្រាប់​ទីក្រុង​ស្អាត​កម្ពុជា​ចែកចេញជា ៧​សូចនាករ​គោល រួមមាន​៣៣ សូចនាករ​លម្អិត និង​មាន​លក្ខណៈវិនិច្ឆ័យ​ចំនួន ៧៧​ស្មើនឹង​៧៧​ពិន្ទុ​។ ចំណែក​ស្តង់ដា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ចែកចេញជា​៧​សូចនាករ រួមមាន ២៨​សូចនាករ​លម្អិត និង​មាន​លក្ខណៈវិនិច្ឆ័យ​ចំនួន ១០៨​ពិន្ទុ​។​



​ក្នុងឱកាស​នោះដែរ អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង ថ្លែង​នូវ​អារម្មណ៍​អបអរ​ចំពោះ​អ្វីដែល​ក្រុង​សៀមរាប​ទទួលបាន​។ ក្នុងនោះដែរ លោក​អភិបាលខេត្ត បានស្នើ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​បន្ត​ចូលរួម​ថែរក្សា​បញ្ហា​អនាម័យ​បរិស្ថាន និង​សណ្តាប់ធ្នាប់ សន្តិសុខ​សង្គមជាតិ​។ តាមរយៈ​ពានរង្វាន់​ខាងលើនេះ លោក​អភិបាលខេត្ត​រំពឹងថា នឹង​កាន់តែ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ឱ្យធ្វើ​ដំណើរ​មក​កម្សាន្ត​ខេត្តសៀមរាប ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឱ្យមាន​ការរីកចម្រើន​ទៅមុខ​បន្ថែមទៀត​។​



​គួរ​បញ្ជាក់ថា ពានរង្វាន់​សម្រាប់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដែល​កម្ពុជា​ទទួលបាន​មាន សៀមរាប បាត់ដំបង និង​កែប​។ រង្វាន់​សណ្ឋាគារ​បៃតង​អាស៊ាន​មាន​ចំនួន ៥ មាន​សណ្ឋាគារ សុខា​ល័យ អង្គរ រី​ស៊​ត និង​ស្ប៉ា (​សៀមរាប​) សណ្ឋាគារ ថ្ងៃ​បាំង​ឆ័​ត្រ (​កែប​) ភូមិ​បៃតង ឋានសួគ៌​ធម្មជាតិ សណ្ឋាគារ និង​ភោជនីយដ្ឋាន Nataya Round House Coral Bay Resort (​កំពត​) សណ្ឋាគារ Villa Lang Ka Boutique (​ភ្នំពេញ​)​។ ពានរង្វាន់​បន្ទប់​ប្រជុំ​អាស៊ាន ចំនួន​៥ មាន សណ្ឋាគារ សុខា សៀមរាប (​សៀមរាប​) សណ្ឋាគារ សុខា​ល័យ (​សៀមរាប​) សណ្ឋាគារ ស៊ូ​ហ្វី​តែ​ល អង្គរ ភូ​គី​ត្រា (​សៀមរាប​) សណ្ឋាគារ អប្សរា ផា​លេស រី​ស៊​ត និង​ខុន​ហ្វី​រិ​ន សិន​ធឺ (​សៀមរាប​) និង​សណ្ឋាគារ Garden City (​ភ្នំពេញ​)​។ ចំណែក​ពានរង្វាន់​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​អាស៊ាន ចំនួន ២ រួមមាន វត្តភ្នំ (​ភ្នំពេញ​) និង​ក​សិ​-​ទេសចរណ៍​ចម្ការ​ម្រេច (​ខេត្ត​កែប​)៕


ព័ត៌មានទាក់ទង