
ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងកសាងស្ពាន៣បន្ថែមទៀត ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសឲ្យកាន់តែប្រសើរ ក្នុងការជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីសម្ពោធការដ្ឋានស្ពានស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារ ដែលជាហិរញ្ញប្បទានពីចិន សម្ដេច ហ៊ុន សែន បាននិយាយថា ស្ពានទាំង៣ ដែលស្ថិតនៅក្នុងគម្រោងរបស់រដ្ឋាភិបាលនេះ មានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គ គឺស្ពានឆ្លងពីខេត្តក្រចេះទៅកំពង់ធំ ,ស្ពានតភ្ជាប់ជ្រោយចង្វារឆ្លងទៅអរិយក្សត្រ និងស្ពាននៅតំបន់ក្តីតាកុយ។
សូមស្ដាប់សំឡេង៖
**audio2**
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៩ខែកុម្ភៈនេះ។ ស្ពានបេតុងនេះមានប្រវែង ១១៣១ម៉ែត្រ និងទទឹង ១៣,៥ម៉ែត្រ ដែលតភ្ជាប់ចេញចំណុចឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅត្រើយខាងកើត ត្រង់ចំណុចឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ការស្ថាបនាស្ពាននេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ ។
ការកសាងស្ពាននេះ និងកំណត់ផ្លូវតភ្ជាប់ជាង ៨គីឡូម៉ែត្រ ត្រូវចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។ នេះបើតាមការថ្លែងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រៅពីស្ពានខាងលើនេះ រដ្ឋាភិបាលចិនបានផ្ដល់ជំនួយសាងសងស្ពានចំនួន៧កន្លងមកហើយ ក្នុងរួមមានស្ពានមិត្តភាពកម្ពុជា-ចិន សេកុង , ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ,ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ,ស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកតាម៉ាក ,ស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកក្ដាម, ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ ,ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ និងស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

